Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្រ្តីលើកសរសើរជប៉ុន អតីតមាជិកគណបក្សសង្គ្រោះជាតិ តវ៉ាស្នើជប៉ុន មិនឲ្យទទួលស្គាល់ ការបោះឆ្នោត

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរប្រទេសជប៉ុន មិនដាច់ពីមាត់ ក្រោយពីជប៉ុន បានផ្តល់ជំនួយ ទាំងមានសំណង និងឥតសំណងមកអភិវឌ្ឍន៍នៅកម្ពុជា ជាបន្តបន្ទាប់ ខណៈតាំងពីដើមខែមិថុនា ឆ្នាំ២០១៨នេះ អតីតមាជិកគណបក្សសង្គ្រោះជាតិ ដែលជាអ្នកក្រៅប្រទេសមួយចំនួន ជាពិសេសហរដ្ឋអាអាមេរិក បាននាំគ្នាក្រោកឡើង ដើម្បីប្រឆាំងប្រទេសជប៉ុន មិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត នៅកម្ពុជា ក្រោមការញុះញង់ ពីសំណាកអតីត មេបក្សប្រឆាំងនៅកម្ពុជា។

ពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ ដែលមានការដឹកនាំ ដោយផ្ទាល់ពីមេបក្ស និងអតីតមន្រ្តីសង្រ្គោះជាតិ បានធ្វើបាតុកម្មជាច្រើនលើក មកហើយ នៅមុខស្ថានទូតជប៉ុន ប្រចាំបុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីស្នើឲ្យជប៉ុនបញ្ឈប់ផ្តល់ជំនួយ មក គ.ជ.ប និងមិនទទួលស្គាល់ការ បោះឆ្នោតនៅកម្ពុជា ព្រមទាំងចង់ឲ្យបក្សខ្លួនរស់ឡើងវិញ និងដោះលែងលោក កឹម សុខា។ បច្ចុប្បន្នការតវ៉ានេះ បានរីករាលដាលមកដល់ កូរ៉េខាងត្បូងហើយ ក្នុងគោលបំណងដូចគ្នា ក្រោមការដឹកនាំពីលោកស្រី មុរ សុខហួរ អតីតអនុប្រធានបក្សសង្រ្គោះជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដែលជាអំណោយរបស់ រដ្ឋាភិបាលជប៉ុន សម្តេចតេជោ បានមានប្រសាសន៍ថា ជប៉ុនផ្តល់ជំនួយ ឥតសំណងមកកម្ពុជា និងមានទាំង ការខ្ចីជាដើម ប៉ុន្តែឲ្យកម្ពុជាសងនូវ បំណុលវិញ គឺមានលក្ខណៈល្អប្រសើរ ។ ឥណទានជប៉ុនវិញ មានការប្រាក់ថោក ។ នៅពេលនេះ ប្រើប្រាស់នូវអត្រាការខ្ចីក្នុងរយៈពេល៤០ឆ្នាំ តែអនុគ្រោះអត្រា ការប្រាក់១០ឆ្នាំ ចំណែកការប្រាក់០,០១ភាគរយ។ ទឹកប្រាក់ជាង ៤៣ពាន់លានយេន ស្មើនឹង៣៨១លានដុល្លារ ដើម្បីពង្រីកសមត្ថភាព កំពង់ផែព្រះសីហនុ។

សម្តេចតេជោក៏បានលើកសរសើរថា បំណុលដែលកម្ពុជា ជំពាក់ជប៉ុននោះ គឺជប៉ុនមិនទារយកជាគំហុកភ្លាមៗ នោះទេ គឺឲ្យសងជាដំណាក់កាលៗទៅវិញ ដែលខុសប្លែកពីអាមេរិក ដែលបានទារបំណុលកម្ពុជា ជំពាក់ពីជំនាន់មុន ខណៈខ្លួនបាន ទំលាក់គ្រាប់បែក មកកម្ពុជា ហើយបើទោះបីជាកម្ពុជា បានស្នើជាច្រើនដង ឲ្យបង្វែរបំណុលនោះមកជាជំនួយ អភិវឌ្ឍន៍វិញ ក៏គេមិនព្រមនោះដែរ។

សម្តេចបានថ្លែងកោតសរសើរថា “ជប៉ុនបានរកវិធី ដ៏សមរម្យមួយ ដែលជួយឲ្យកម្ពុជាដោះស្រាយ បំណុលជប៉ុនបានដោយ ងាយស្រួលនៅត្រង់ថា ជប៉ុនមិនបានទារប្រាក់ចេញពីកម្ពុជាទេ ជប៉ុនបែរ ជាផ្តល់ជំនួយឥតសំណង់ ដោយផ្តល់ជាទំនិញ ឲ្យមកកម្ពុជាលក់ ដល់កម្ពុជាលក់ហើយ បានប្រាក់សងទៅជប៉ុន ជប៉ុនមិនយកប្រាក់ហ្នឹងទៅជប៉ុនទេ តែយកមកឲ្យកម្ពុជាវិញ សម្រាប់ការប្រើប្រាស់”។

ទន្ទឹងនឹងនេះ សម្តេចបានឲ្យដឹងទៀតថា ការបង្កើតចំណតកំពង់ផែនេះ បន្ទាប់មានការ ចុះហត្ថលេខារវាង សម្តេចតេជោ ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែ លើគម្រោងទឹកប្រាក់ ប្រមាណ២០៣លានដុល្លារ។

សម្តេចតេជោបន្តទៀតថា  ការគ្រប់គ្រងកំពង់ផែនៅព្រះសីហនុ ដោយរដ្ឋ មកទល់សព្វថ្ងៃកំពុងរកចំណូលចូលប្រទេសជាតិ បានយ៉ាងច្រើន ក្នុងពេលកន្លងមកក៏មានស្នើ និងទាមទារពីបុគ្គលមួយចំនួនដើម្បីដាក់កំពង់ផែ នេះឲ្យនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនឯកជន ប៉ុន្តែសម្តេចតេជោ មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ ។  ប្រសិនបើដាក់ឲ្យឯកជនគ្រប់គ្រង គឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់ ហើយបើប្រគល់ឲ្យមែន ជប៉ុននឹងលែងផ្តល់ជំនួយមកហើយ។

សម្តេចតេជោបញ្ជាក់ថា “ពេលនោះច្រើនក្រុមហ៊ុនណាស់ចង់បានកំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ មកពីស្ទើរតែគ្រប់ កន្លែងចង់បាន ដូច្នេះខ្ញុំត្រូវប្រើប្រាស់គ្រប់ វិធីសាស្រ្ត ដើម្បីបញ្ជៀសធ្វើឯកជននូបនីយកម្ម នៃកំពង់ផែ ក្រុងព្រះសីហនុ ។បើសិនពេលនោះធ្វើឯកជននូបនីយកម្ម ជប៉ុនពិតជា នឹងមិនផ្តល់ប្រាក់កម្ចីសម្រាប់ ការអភិវឌ្ឍកំពង់ផែនោះទេ”។

ពាក់ព័ន្ធបាតុកម្មនៅកូរ៉េវិញ ឯកអគ្គរាជទូកកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងថា ចំនួននៃពលករខ្មែរដែល ចូលរួម ធ្វើបាតុកម្មនៅ ទៅក្រុងសេអ៊ូល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ប្រមាណ១០០០នាក់ ទៅ១២០០នាក់ មិនដល់២% នេះ គឺមិនអាចតំណាងឲ្យឆន្ទៈ ពលរដ្ឋខ្មែរប្រមាណ ៦ម៉ឺននាក់ ដែលកំពុងធ្វើការងារ នៅកូរ៉េនោះទេ ក៏ព្រោះតែអ្នកទាំងអស់គ្នាមិនចង់ ក្លាយខ្លួនទៅ ជាឆ្នាន់នយោបាយរបស់ជន ណាម្នាក់នោះទេ។

លោកឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមទៀតថា “ចំពោះពលករដែលចូលរួមមិនបាន២%នេះ គឺមិនអាចតំណាង ឲ្យឆន្ទៈប្រជា ពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការងារនៅប្រទេស កូរ៉េនោះទេ វាជាចំនួនតូចមួយ គ្រាន់តែជាអ្នកហៃអើល តាមការពន្យុះ របស់ក្រុម ចលនាសង្គ្រោះជាតិ ក្រៅច្បាប់នេះឯង ឯអ្នកខ្លះទៀត គឺមិនបានដឹងនោះទេគឺមកតាមគេ ដូចយើងឃើញស្រាប់ហើយ តាមរយៈ សកម្មជន ហ្វេសប៊ុក របស់ចលនាសង្គ្រោះជាតិ។

សម្រាប់ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការធ្វើបាតុកម្មរបស់ ពលករខ្មែរកំពុងរស់នៅប្រទេសកូរ៉េ គឺជាអ្នកផឹកទឹកភ្លេចប្រភព ហើយចូលរួមមានតែប្រហែលជា០.៥% នៃពលករជាង៦ម៉ឺននាក់។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ថា  “បញ្ហាគួរកត់សម្គាល់ពលករ នៅក្រៅប្រទេស មានអ្នកប្រឆាំងដែរ មានន័យថា រាជរដ្ឋាភិបាលរបស់ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយ ជួយសង្គ្រោះគ្រប់ពលរដ្ឋ ទោះមាននិន្នាកាន់ យោបាយណាក៏ដោយ ដោយមិនមានការ រើសអើងនយោបាយឡើយ ដែលគណបក្សប្រជាជនកម្ពុជា តែងតែមានតាំងពីដើមមក ។ ករណីនេះសូមបងប្អូនដែលង ប់ងល់ជាមួយអតីតបក្សប្រឆាំង គួរពិចារណាពីជំហរ នយោបាយ របស់ខ្លួនឡើងវិញ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top