Wednesday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមហ៊ុន Smart  បើកសម្ពោធមូលនិធិ សម្រាប់អាជីវកម្ម បែបឌីជីថល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧នេះ បានសម្ពោធមូលនិធិ ដែលមានទុន វិនិយោគរហូតដល់ទៅ ៥លានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុន និងក្រុមហ៊ុនបង្កើតថ្មី ក្នុងវិស័យឌីជីថលនៅកម្ពុជា ដើម្បីជាការជួយលើកកម្ពស់ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថលបោះជំហានមួយកម្រិតទៀត។

គំនិតផ្តួចផ្តើមថ្មីបំផុតពីក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ត្រូវបានប្រកាស ក្នុងអំឡុងពេលពិធីសម្ពោធ ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានវត្តមានចូលរួមពីភាគីពាក់ព័ន្ធអន្តរក្រសួង និងតំណាងពីសហគមន៍ បច្ចេកវិទ្យានៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។

មូលនិធិនេះសំរាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smartត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនSmart ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សា និងវិនិយោគMekong Strategic Partners (MSP) ហើយមូលនិធិ នេះដែរ គឺ សំដៅធ្វើការវិនិយោគទៅលើអាជីវកម្ម នៅក្នុងវិស័យឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវិស័យនេះ ដែលគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមួយកម្រិតទៀត។

នៅក្នុងពិធីសម្ពោធនោះដែរ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន Smartបានលើកឡើងថា “មូលនិធិនេះ ជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមការងារជាច្រើនទៀតក្នុងវិស័យឌីជីថល របស់ក្រុមហ៊ុន Smart នឹងរៀបចំឡើងក្រោមស្មារតីបន្តធ្វើជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា”។

លោក  បានបន្ដថា ថ្ងៃនេះជំពូកថ្មីមួយក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលនៅកម្ពុជា នឹងចាប់ផ្តើម ហើយ ដោយលោកបានរំពឹងថា មូលនិធិនេះនឹងជំរុញរលកថ្មីមួយក្នុងការអភិវឌ្ឍនៃវិស័យឌីជីថល ហើយក្រុមហ៊ុន Smart កំពុងស្វែងរកក្រុមហ៊ុន ឬសហគ្រិនក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងធ្វើការ ទាក់ទងនឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុពាណិជ្ជកម្មឌីជីថល ការកំសាន្ត ប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សព្វផ្សាយពាណិជ្ជកម្ម ការអប់រំ និងការថែទាំសុខភាពជាដើម។

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ផងដែរថា “មានគំនិតច្នៃ ប្រឌិតជាច្រើន ដែលកំពុងកើតឡើងក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា” លោកបន្ដថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តគាំទ្រចំពោះកិច្ចការនេះ សំដៅលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top