Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជា-ចិន សន្យាគ្នា ប្រយុទ្ធប្រឆាំង ភេវកម្ម និងទប់ស្កាត់ ឧក្រិដ្ឋកម្ម តាមអ៊ីនធឺណែត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក លីវ គួងយៀន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការ សន្តិសុខក្រៅប្រទេស នៃក្រសួងការបរទេសចិន នារសៀលថ្ងៃទី៩ ធ្នូនេះ ភាគីទាំងពី បានសន្យាគ្នារួមដៃប្រយុទ្ធប្រឆាំងនិងអំពើភេវកម្ម  និងទប់ស្កាត់ឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណែត។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានដកស្រង់ប្រសាសន៍របស់លោក លីវ គួងយៀន មកបញ្ជាក់ក្រោយជំនួបនេះថា “លោក លីវ គួងយៀន មកកម្ពុជាជួបនិងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុននេះ គឺដើម្បីជួបពិគ្រោះ ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ប្រឆាំងនឹងភេវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត”។

លោក លីវ គួងយៀន បានបញ្ជាក់បន្ថែមទៀតថា បើតាមការព្រមព្រៀងរបស់ភាគីទាំងពីរ កម្ពុជា-ចិន ក្នុងការបង្កើតឡើងនូវយន្តការមួយសម្រាប់កិច្ចសហប្រតិបត្តិការ លើយន្តការនេះ លោកសូមស្នើសុំការគាំទ្រ ពីលោកទេសរដ្ឋមន្រ្តី ក្នុងការបង្កើតយន្តការនេះផងដែរ។ ហើយភាគីចិនក៏បានស្នើ និងអញ្ជើញក្រុមការងារអន្តរក្រសួងរបស់កម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅប្រទេសចិននៅឆ្នាំក្រោយ ដើម្បីបន្តពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើការងារនេះ ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកជួយ សម្របសម្រួលក្នុងការបង្កើតយន្តការនេះ ហើយលោកសូមសម្តែងការឯកភាព ឲ្យក្រុមអន្តរក្រសួងកម្ពុជាទៅទស្សនៈកិច្ចនៅប្រទេសចិន នៅឆ្នាំក្រោយ។

ក្នុងជំនួបនេះដែរ ភាគីកម្ពុជា-ចិន ក៏បានឯភាព  ស្របទស្សនៈគ្នា ក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងនិងអំពើភេវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top