Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Fullstory៖​ សម្ដេចតេជោ ថា នៅកម្ពុជាឆ្កែ ចេះតែព្រូស មនុស្សចេះតែដើរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៦នេះ បានថ្លែង ពាក្យស្លោកមួយថា នៅកម្ពុជាឆ្កែ ចេះតែព្រូស មនុស្សចេះតែដើរ ពាក្យស្លោកនេះ សបញ្ជាក់ថានៅកម្ពុជា មានជនអគតិមួយចំនួន និយាយអាក្រក់ តែពីកម្ពុជាថា កម្ពុជា​ពោរពេញ​ ដោយអំពើពុករលួយ ព្រមទាំង បានបង្កើតព័ត៌មាន ប្រជាភិថុតជាច្រើនទៀត ប៉ុន្តែ ផ្ទុយទៅវិញ កម្ពុជានៅតែបន្តអភិវឌ្ឍន៍ ទៅមុខជានិច្ច។

សម្ដេចតេជោបានថ្លែង ក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃដំណើរការ របស់ក្រុមហ៊ុន មីនីបៀរ (Minebea ) នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញថា "សុំសួរទៅក្រុមហ៊ុនបារាំង មកវិនិយោគនៅ ព្រលានយន្តហោះក្បែរនេះ ជប៉ុនវិនិយោគនៅនេះ អាមេរិកកាំងវិនិយោគ នៅត្រង់នេះហើយ នៅមានក្រុមហ៊ុន ដទៃទៀតយ៉ាងច្រើន អីចឹងវាអត់មានការចាំបាច់ថា​ ទាល់តែអ្នកនេះកាន់​អំណាចអ្នកនោះ កាន់អំណាច បានគេមកទេសំខាន់បំផុត សភាពការណ៍ ប្រទេសរបស់យើង ផ្ដល់ការអនុញ្ញាតផ្ដល់ លទ្ធភាពឲ្យគេ វិនិយោគឬអត់" ?

សម្ដេចថ្លែងបញ្ជាក់ថា "ចាំទៅសួរបារាំង សួរអាមេរិកកាំង សួរជប៉ុននៅនេះស្រាប់ហើយ ដែល​គេថាពុក រលួយៗហ្នឹង លោកកៃយ៉ាម៉ាបានសូកខ្ញុំ ប៉ុន្មានដើម្បី ធ្វើអារោងចក្រហ្នឹង ព្រោះគេ និយាយអ្វីឡើងពុក រលួយៗ! ឥឡូវជាក់ស្ដែង មកសួរមកថ្ងៃមុន ទៅសួរ​ក្រុមហ៊ុន កូកាកូឡា មើលបង់ឲ្យ ខ្ញុំប៉ុន្មានទើបបាន ពង្រីករោងចក្រអាធំហ្នឹង! ឯលោកកៃយ៉ាម៉ាបានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីបានពង្រីករោងចក្រហ្នឹង! សួរក្រុម ហ៊ុនបារាំងទៅថាបង់ឲ្យខ្ញុំប៉ុន្មាន បានពង្រីករោងចក្រ ហ្នឹង"។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់បន្ថែមថា "អីចឹងព័ត៌មានខ្លះ វាជាព័ត៌មានមិនពិតវា ព័ត៌មាន​ ​បង្កើត រឿងប៉ុន្តែនៅកម្ពុជា ឆ្កែចេះតែព្រូសមនុស្ស ចេះតែដើរ និយាយឲ្យពិតអញ្ចេះ តែម្ដងទៅ លើការជាក់ស្ដែង អ្នកឯងថាអីថា ទៅប៉ុន្តែក្រុមហ៊ុនជប៉ុន នៅតែវិនិយោគគេ​ថា ស្រុកខ្មែរអាក្រក់ណាស់ ប៉ុន្តែលោកកៃយ៉ាម៉ា នៅតែមកវិនិយោគ! ខ្ញុំមិនចង់ឲ្យអ្នកណាមួយ មកដល់ស្រុកខ្មែរ ហើយដករោងចក្រ ត្រឡប់ទៅវិញ ដោយ និយាយថាកម្ពុជា អាក្រក់ទេខ្ញុំ ចង់ឲ្យគេមក ហើយគឺបន្ថែមទុក នៅហ្នឹងគេមានប្រាក់ចំណេញ ហើយគេពង្រីករោងចក្រ គេនៅហ្នឹង "។

សម្ដេចតេជោ បានថ្លែងបន្ថែមថា មានមន្ត្រីគណបក្សប្រឆាំង មួយចំនួនថាទាល់តែ ពួកគេកាន់អំណាច និងធ្វើជាប្រធានធនាគារជាតិ នៃកម្ពុជាទើបជប៉ុន ឲ្យកម្ពុជាខ្ចីលុយប៉ុន្តែជា គោល​ការណ៍ របស់ប្រទេស ជប៉ុនទាល់តែសងបំណុលចាស់ អស់ទើបព្រមឲ្យខ្ចីទៀត។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា "មានអ្នកខ្លះគេថាទាល់តែ ពួកគេកាន់អំណាច ទើបមាន ក្រុមហ៊ុន ជប៉ុន មកវិនិយោគ ទាល់តែគេកាន់អំណាច បានមានក្រុមហ៊ុន អាមេរិកមកវិនិយោគ ទាល់តែគេកាន់ អំណាច ទើបមានក្រុមហ៊ុនបារាំង មកវិនិយោគ ហើយមានអ្នកខ្លះរហូត ដល់ បោកខ្ញុំប៉ុណ្ណេះ ទៀតថាគេធ្វើប្រធាន ធនាគារជាតិទើបជប៉ុន ឲ្យខ្ចីលុយវា មានអាធុននឹង ទៀតណា! ទាល់តែគេធ្វើប្រធាន ធនាគារជាតិ បានជប៉ុនឲ្យខ្ចីលុយ! បានខ្ញុំថាទេអ្នកដែល ស្គាល់ជប៉ុនប្រហែលជាខ្ញុំ ជាអ្នកស្គាល់ជប៉ុន ច្បាស់ដែរដូចជា មិនចាំបាច់អ្នកឯង ធ្វើប្រធាន ធនាគារបានជប៉ុនឲ្យខ្ចីលុយទេ ! រឿងដែលជប៉ុនមិនទាន់ ឲ្យខ្ចីលុយដោយ សារអីកាល ពីមុន​អាហ្នឹងកាលពីមុន ដែលជប៉ុនឲ្យខ្ចីលុយ ពេលដែលជប៉ុនឲ្យខ្ចីលុយ ដូចជាឆ្នាំ២០០២ ដើម្បីចុះ ហត្ថលេខា ជំនាន់អគ្គរដ្ឋទូតសៃតូ ប៉ុន្តែមុននឹងជប៉ុន មិនព្រមឲ្យខ្ចីលុយ មូលហេតុដោយបំណុល ចាស់ មិនទាន់បានដោះស្រាយ រឿងវាតែប៉ុណ្ណឹងតើ ព្រោះជាគោលការណ៍ របស់ជប៉ុន បើកាលណា បំណុលចាស់មិនទាន់បាន ដោះស្រាយទេបំណុលថ្មី មិនត្រូវបានឲ្យខ្ចីទេ។ បំណុលចាស់វាមានអា បំណុលតាំង ពីទស្សវត្ស៦០បំណុល តាំងពីទស្សវត្ស៧០អីចឹង ទេវាកកគរមកឲ្យ រាជរដ្ឋាភិបាលថ្មី ដោះស្រាយ" ។

សម្ដេចបានបញ្ជាក់បន្ថែមថា "ប៉ុន្តែជប៉ុនមានវិធី ដោះស្រាយមួយ ដែលល្អនៅត្រង់ថា ​ដើម្បី សងបំណុល ជប៉ុនបានជប៉ុនឲ្យទំនិញ មកកម្ពុជាយកមក លក់ ដល់លក់បានហើយ គឺយក អាហ្នឹងទៅសងគេដល់សង ហើយជប៉ុន អត់យកអាហ្នឹងទៅស្រុកទេ យកអាហ្នឹងមក ជួយខ្មែរ ទៀត។ អីចឹងដល់តែសងជប៉ុន ហើយ ជប៉ុនឲ្យខ្ចីទៀត! ប៉ុន្តែមានអ្នកបោកខ្ញុំថាវាទាល់ តែគាត់ ហ្នឹងធ្វើ ប្រធានធនាគារ ទើបជប៉ុនឲ្យខ្ចីលុយ មានអាធុនបោកចឹង! មកបោកពីណាបោក ចំជើងខ្លាំង ដែរ ហ៊ុន សែន មិនចេះបោកគេទេ ក៏ប៉ុន្តែក៏មិន តម្រូវឲ្យគេបោក ហ៊ុន សែន បានដែរហើយខ្ញុំក៏មិន ទៅបោកអ្នកណាទេ"។

សម្ដេចបានបន្តថា កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងភាពគ្មានការរើសអើង គឺបានផ្តល់ បរិយា កាសល្អ និងលទ្ឋភាពងាយស្រួល ដល់ក្រុមហ៊ុនបរទេស មកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏មិនតម្រូវការចាំបាច់ ឲ្យមានការចូលរួម ពីភាគហ៊ុនក្នុងស្រុកឡើយ។

ជាពិសេសនោះដើម្បីជំរុញ និងលើកទឹកចិត្ត ដល់អ្នកវិនិយោគគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជា សម្រេច ផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់អ្នកធុរកិច្ចជប៉ុន ដែលមកកម្ពុជា។

ពាក់ព័ន្ធរឿងនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ ប្រទេសកម្ពុជា ទោះបីត្រីធំក៏ដោយ ត្រីតូចក៏ដោយ ឲ្យតែត្រីណាមកដល់មុន គឺចាប់ស្ងោរ ទាំងអស់ ។ ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅទៅលើបណ្ដា ក្រុមហ៊ុនវិនិយោគ បរទេស​មិនថាតូច ឬធំទេ ឲ្យតែក្រុមហ៊ុន ណាមួយមានឆន្ទៈ មកបណ្ដាក់ទុន វិនិយោគមុនគេ គឺសម្ដេច​ឲ្យក្រុមហ៊ុននោះ វិនិយោគមុន ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ខ្ញុំថា សម្រាប់កម្ពុជា ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រី​ណាមកដល់មុន គឺចាប់ស្ងោរទាំងអស់ ព្រោះឆ្នាំងខ្ញុំវាទទេរ បើអីចឹងខ្ញុំអត់ចាំបាច់ថា អានេះធំ ឬអានោះតូចទេ អ្នកណាមានឆន្ទៈ អ្នកនោះមកដល់មុនគឺ ខ្ញុំប្រគល់ឲ្យគេធ្វើមុនហើយ ឆ្នាំងខ្ញុំ ទទេរ ចឹងខ្ញុំរង់ចាំត្រីអាធំ វាអត់មកហើយអាតូច ទៅអស់បាត់ទៅធើម៉េចទៅ ​ចឹងនេះជាវិធី សាស្រ្ត របស់ ហ៊ុន សែន តាំងពីដើមរហូតមក" ។

សម្ដេចបញ្ជាក់ថា ប្រទេសកម្ពុជាគ្មានការរើសអើង ចំពោះក្រុមហ៊ុនវិនិយោគ បរទេសនោះទេ  ហើយអ្វីដែលជាចំណុចល្អ រាល់ក្រុមហ៊ុន វិនិយោគបរទេសទាំងអស់ មិនតម្រូវឲ្យមានភាគហ៊ុន ណាមួយ របស់ម្ចាស់ស្រុកទេ គឺអ្នកវិនិយោគ បណ្ដាក់ទុន១០០%តែម្ដង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top