ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៍ រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាខេត្តសៀមរាប ប្រមុខដឹកនាំប្រទេសទាំង៣ បានព្រមព្រៀងគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងតំបន់ត្រីកោណ ។
នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា សម្តេចតេជោ បានចាត់ទុកកិច្ចប្រជុំកំពូលលើកទី៩នេះ គឺជាវេទិកាដ៏ល្អសម្រាប់ប្រទេសទាំង៣ បានជួបជុំបូកសរុបនូវលទ្ធផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់យើង ព្រមទាំងបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនៅក្នុងតំបន់ត្រីកោណនេះ ក្នុងនោះគឺសម្រេចឲ្យបាននូវផែនការមេសំរាប់ការអភិវឌ្ឍនានាដែលត្រូវបានដាក់ចេញ នាពេលកន្លងមក ។ លើសពីនេះកិច្ចប្រជុំកំពូលនេះ ក៏បានផ្តល់ នូវឱកាសសំរាប់ប្រមុខដឹកនាំនៃប្រទេសទាំង៣ពង្រឹង និងពង្រីកចំណងមិត្តភាព និងបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីផ្សេងទៀត ។
សម្តេចតេជោ “មានមោទនៈភាព និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឧត្តមមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ រហូតសម្រេចបានលទ្ធផលជាច្រើន ដែលក្នុងនោះរួមមានការអនុវត្តន៍គំរោងនានានៅក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការសម្របសម្រួលពាណិជ្ជកម្ម ការបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍកសិកម្មជាដើម ។ ទន្ទឹមនេះដែរ យន្តការផ្សេងៗក៏ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយឲ្យបានទាន់ពេល និងជំរុញសកម្មភាពវិនិយោគ និងអាជីវកម្មរបស់សហគមន៍ធុរកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឈន៍កម្ពុជា ឡាវ និងវៀតណាម” ។
សម្តេចតេជោ ក៏បានរំលឹកផងដែរចំពោះវេទិកាយុវជន និងការតាំងពិព័រណ៌ពាណិជ្ជកម្មនិងទេសចរណ៍ ក៏ដូចជាលទ្ធផលនៃសន្និសីទពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការជម្រុញវិស័យទេសចរណ៍នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី៧ដល់ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងប៉ាក់សេ នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ សម្តេចតេជោ បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការលើកទី៣ ស្តីពីសន្តិសុខ និងកិច្ចការពាជាតិនៃប្រទេស CLV នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញ៉ាចាង ខេត្ត ថាញ់ហ៊រ ប្រទេសវៀតណាមផងដែរ ។
កិច្ចប្រជុំកំពូលនៃប្រទេសទាំង៣នៅរសៀលថ្ងៃនេះ គឺបានបង្កើននូវមិត្តភាព ការយោគយល់ និងកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជាតិទាំងអស់ ។ សម្តេចតេជោ ហ៊ុន សែន មានមោទនៈយ៉ាងខ្លាំង ដែលប្រទេសទាំង៣ បានខិតខំនៅក្នុងកិច្ចប្រជុំ CLV ដ៏មានសារៈសំខាន់ដែលជាគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចប្រមុខដឹកនាំកម្ពុជា ៕
