Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្វែងយល់ពី គោលនយោបាយ អត្រាប្តូរប្រាក់ របស់កម្ពុជា

ភ្នំពេញ៖  ដំណើរការបោះឆ្នោតជាសាកល នៅក្នុងប្រទេសកម្ពជា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឃោសនា ដោយគិតត្រឹមថ្ងៃ ចន្ទ​ទី២៣ ខែកក្កដា នេះ នៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ត្រូវថ្ងៃបោះឆ្នោត ២៩កក្កដា។ អ្វីដែលជាការកត់សម្គាល់នោះ​ គឺអាត្រាប្តូរប្រាក់ នៅក្នុងប្រទេសកម្ពុជា គឺមានស្ថិរភាពល្អ។ ស្ថិរភាពនេះ ផ្តោតសំខាន់លើ គោលនយោបាយ ដ៏ត្រឹមត្រូវ និងទទួលបាន ទំនុកចិត្ត ពីសាធារណៈជន។ ទាំងនេះ ពិតជាបានផ្តល់វិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា ទោះស្ថិតក្នុងដំណាក់កាលបោះឆ្នោត ក៏ដោយ។

គោលនយោបាយអត្រាប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជា គឺជាឧបករណ៍នយោបាយមួយរបស់គោល នយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ ។ ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់ អណ្តែតមានការគ្រប់គ្រង ធនាគារជាតិនឹងធ្វើអន្តរាគម លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រង និងរក្សាស្ថិរភាព អត្រាប្តូរប្រាក់ ទៅតាមគោលដៅដែលបានកំណត់ ។ អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ។

អត្រាប្តូរ ប្រាក់ផ្លូវការនេះត្រូវបានកំណត់ ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់ សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់ អត្រាប្តូរប្រាក់ផ្លូវការនេះ ទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជា អត្រាប្តូរប្រាក់គោលប្រើ ដោយវិស័យឯកជន ផងដែរ ។ 

ធនាគារជាតិនៃកម្ពុជា កំណត់អត្រាប្តូរប្រាក់ផ្លូវការ ដូចតទៅ ៖ 

- “គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ” ដែលរួមមានសមាសភាព មកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។ 

- សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករ សំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកំណត់អត្រាប្តូរប្រាក់ ផ្លូវការប្រចាំថ្ងៃ ។ បន្ទាប់មក អត្រាប្តូរប្រាក់ផ្លូវការនេះ វដាក់ ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និងផ្សព្វផ្សាយ ជាសាធារណៈ ។ 

- ករណីដែលទីផ្សារ មានការប្រែប្រួលខ្លាំង គណៈកម្មការ នឹងមានការប្រជុំជាបន្ទាន់ ដើម្បីរក ដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ៕.

(ប្រភពធនាគារជាតិនៃកម្ពុជា)

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top