Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងថ្មី ប្តេជ្ញាពូនជ្រុំ ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែជិតស្និទ ជាបងប្អូន

ភ្នំពេញ៖ លោក Nakyoung Oh ឯអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ទើបថ្វាយសារតាំង ចូលកាន់តំណែង ជាប្រមុខការទូត កូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។ មុនកាន់តំណែងនេះ លោក ធ្លាប់បានបំរើការងារ នៅប្រទេសមួយ នៅមជ្ឈិមបូព៌ា និងក៏ធ្លាប់បានបំរើការងារ ជាអគ្គទីប្រឹក្សាអម ស្ថាន​ទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជាផងដែរ ។

ដោយវិលត្រឡប់បំពេញ បេសសកម្មវិញ ក្នុងឋានៈជាប្រមុខការទូត ជាមួយប្រទេសកម្ពុជា ដែលមានទំនាក់ទំនង ការទូតជាផ្លូវការ នៅឆ្នាំ១៩៩៧ ក្រោមការផ្តូចផ្តើមគំនិត ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកអតីតប្រធានាធិបតី គីម ដេជុង នាពេលនោះ ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែត្រូវបានគេ​មើលឃើញថា កាន់តែរីកធំធាត់ជាបន្តបន្ទាប់ ពីប្រធានាធិបតីកូរ៉េមួយ ទៅប្រធានាធិបតី​កូរ៉េមួយទៀត ជាមួយថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងកូរ៉េ។

លោក សយ សុភា នាយកប្រតិបត្តិ និងជានិពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួល​ការអនុញ្ញាតិ ពីលោក ឯកអគ្គរដ្ឋទូត Nakyoung Ohដើម្បីបានធ្វើ បទសម្ភាសន៍ ក្នុងក្របនៃការបំពេញ​បេសកកម្មការទូត ជាប្រវត្តិសាស្រ្ត នៅក្នុងមាតុភូមិអង្គរ របស់លោក។

មុននឹងឆ្លើយតបនឹងសំណូរ លោក Nakyoung Oh ក៏បានសំដែង នូវចំណាប់អារម្មណ៍ខ្លះៗ ផងដែរអំពីប្រវត្តិនៃការកកើត ​សារព័ត៌មាន ដើអម្ពិល។

ដើមអម្ពិល៖ តើអ្វីវិស័យណាខ្លះ ជាអាទិភាព សម្រាប់ឯកឧត្តម ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ក្នុងក្របខណ្ឌទេ្វភាគី ?

ខ្ញុំគិតថា ចាប់ពីពេលនេះទៅ ការពង្រឹងទំនាក់ទំនងរបស់ប្រទេសកូរ៉េ និងកម្ពុជា មិនមែនយកចិត្តទុកដាក់តាមវិស័យនីមួយៗនោះទេ គឺត្រូវការយកចិត្តទុកដាក់តាមបែប លក្ខណៈជារួម។  ដូចនេះ យើងត្រូវយល់ដឹងច្បាស់ អំពីគោលនយោបាយទិសតំបន់​ខាងត្បូង​ថ្មី (New Southern Policy) ដែលរដ្ឋាភិបាលកូរ៉េ កំពុងតែជំរុញ ក្នុងការលើកកម្ពស់ ទំនាក់ទំនងជាមួយនឹង បណ្តាប្រទេសរបស់អាស៊ាន ”គោលនយោបាយ ទិសដៅ តំបន់ខាងត្បូងថ្មី” មានគោលដៅបង្កើត សហគមសន្តិភាព ដោយផ្តោតជាសំខាន់លើមនុស្ស ដែលតភ្ជាប់ ទឹកចិត្ត និងទឹកចិត្តរបស់ប្រជាជនទាំងពីរ។ ខ្ញុំគិតថា អ្វីដែលសំខាន់គឺ ខិតខំប្រឹងប្រែង ដើម្បីឲ្យមានការផ្លាស់ប្តូរ លើវិស័យផ្សេងៗ រវាងប្រទេសទាំងពីរ។

- ប្រជាជនកូរ៉េជាង៤០ម៉ឺននាក់ កំពុងតែធ្វើដំណើរទស្សនាកិច្ច នៅកម្ពុជា ជារៀងរាល់ឆ្នាំ, ពលករកម្ពុជាជាង ៤,៥ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េ ហើយប្រជាជនកម្ពុជា ដែលបានរៀបការជាមួយ ប្រជាជនកូរ៉េ ក៏មាន៥ពាន់នាក់ ផងដែរ។

- រដ្ឋាភិបាលកូរ៉េបានបើក មជ្ឈមណ្ឌលវប្បធម៌អាស៊ាន(ASEAN Culture House) នៅទីក្រុង BUSAN នៅកូរ៉េ កាលពីខែកញ្ញា ឆ្នាំមុនដើម្បីណែនាំវប្បធម៌ របស់បណ្តាប្រទេសពីអាស៊ាន ព្រមទាំងកម្ពុជាដល់ប្រជាជនកូរ៉េ។

- គឺផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការសម្រេចគោលដៅ ដោយតភ្ជាប់រវាងប្រទេសអាស៊ាន ដោយយកចិត្តទុកដាក់ លើវិស័យសំខាន់ៗទាំង៤គឺ ▲ការធ្វើចរាចរ ▲ថាមពល ▲ការគ្រប់គ្រងធនធានទឹក និង ▲ IT ក៏ដូចជាកំណើនសហគមសេដ្ឋកិច្ចអាស៊ាន។ 

- ជាពិសេស, បើមានការផ្សំឡើង នូវធនធានមនុស្ស និងភាពបើកចំហរខ្ពស់ នៃសេដ្ឋកិច្ចរបស់កម្ពុជា និងបច្ចេកទេស ទុន និង បទពិសោធរបស់កូរ៉េ នោះកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងកូរ៉េ និងកម្ពុជា ពិតជានឹងមានការអភិវឌ្ឍ ក្លាយទៅជា គំរូសហប្រតិបត្តិការ ដ៏ឆ្នើមបំផុត ដោយបង្កើនប្រទិទ្ធភាពទ្វេដង។

ដើមអម្ពិល៖ តើលោក នឹងជំរុញបែបណាឲ្យ ពាណិជ្ជករកូរ៉េ នាំមុខគេឡើងវិញ នៅកម្ពុជា ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន ហាក់ដូចជានាំមុខ?

□ ខ្ញុំគិតថា យើងមិនបាច់គិតថា សហគ្រាសកូរ៉េ និងចិនប្រកួតប្រជែងដណ្តើមលំដាប់ ថ្នាក់លេខ១ ក្នុងការវិនិយោគ នៅកម្ពុជាទេ  ពោលគឺមិនត្រូវមានស្មារតីប្រកួតប្រជែងទេ។
    
 - កម្ពុជាកំពុងតែមានកំណើនសេដ្ឋកិច្ច ៧% ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការរវាង ប្រទេសជាច្រើន ដូចនេះ ខ្ញុំមានក្តីរីករាយណាស់ដោយសារ ខ្ញុំជាឯកអគ្គរដ្ឋទូត ដែលស្រលាញ់កម្ពុជា។

□ កូរ៉េជាប្រទេសទីពីរ ក្នុងការវិនិយោគនៅកម្ពុជា សព្វថ្ងៃមានក្រុមហ៊ុនកូរ៉េ ប្រមាណ៩០០ក្រុមហ៊ុន នៅកម្ពុជា ដោយបណ្តាក់ទុន លើវិស័យជាច្រើន ដូចជាវិស័យហិរញ្ញវិត្ថុ និងអចលនាទ្រព្យជាដើម ក៏ដូចជា ឧស្សាហកម្មវាយណភ័ណ្ឌ និងវិស័យកាត់ដែរផងដែរ។
□ កម្ពុជាគឺជាប្រទេសដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ជាមួយអាស៊ាន និងជាដៃគូសំខាន់បំផុត សម្រាប់កិច្ចសហប្រតិបត្តិការ តំបន់មេគង្គ។
    
- ខ្ញុំគិតថា នៅថ្ងៃខាងមុខនេះ នៅពេលបរិយាកាសវិនិយោគ របស់កម្ពុជាកាន់តែមានការកែសម្រួល នោះការវិនិយោគ របស់សហគ្រាសកូរ៉េ ក៏កាន់តែមានការពង្រីកថែមទៀត ដូច្នេះខ្ញុំជាឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែង ដើម្បីឲ្យមានការពង្រីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

□ ជាដំបូង ខ្ញុំនឹងខិតខំប្រឹងប្រែងក្នុងបញ្ចាប់រឿងវិវាទវិនិយោគដែលមិនទាន់មានដំណោះស្រាយ បន្ទាប់មក នឹងព្យាយាម ឲ្យមានការចុះ កិច្ចព្រមព្រៀងបង្កាពន្ធជាន់គ្នា និងការអនុវត្តន៍ម៉ត់ចត នូវកិច្ចព្រមព្រៀងស្តីពី ការធានាការវិនិយោគ។
        
- រដ្ឋាភិបាលកូរ៉េបានដាក់វិធីសាស្រ្តមួយចំនួន ដល់រាជរដ្ឋាភិបាលកម្ពុជា ហើយអាចរំពឹងបានដែរថា នឹងមានការព្រមព្រៀងគ្នា ជាក់ស្តែង ក្នុងពេលឆាប់ៗ នៅខាងមុខនេះ។

□ កម្ពុជាជាប្រទេសកសិកម្ម ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះស្ថានទូតកូរ៉េ នឹងផ្តល់ការជួយគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកសិកម្ មជាមុន។

□ ម្យ៉ាងទៀត ស្ថានទូទកូរ៉េ នឹងជួយគាំទ្រដោយចាប់អារម្មណ៍ លើវិស័យដែលជា អាទិភាពរបស់កម្ពុជា មិនមែនតែលើវិស័យ ដែលប្រទេសកូរ៉េ ចង់បាននោះទេ។

□ ប្រទេសកូរ៉េ ជប៉ុន និងចិន មានតួនាទី និងវិធិសាស្ត្រខុសៗគ្នារៀងៗខ្លួន ដូច្នេះ ប្រទេសកូរ៉េ បានត្រៀមខ្លួន ក្នុងការសហការគ្នា ជាមួយគ្រប់ប្រទេសទាំងអស់ ព្រមទាំងប្រទេសចិនផងដែរបើត្រូវការ។

ដើមអម្ពិល៖ ក្នុងទំនាក់ទំនងខួប២១ឆ្នាំរវាងកម្ពុជា និងកូរ៉េ តើឯកឧត្តម នឹងជំរុញឲ្យមានការកសាងអ្វីជានិមិត្តរូប ដ៏មហិមា និងរឹងមាំ សម្រាប់ប្រទេសទាំង២?

□ ២១ឆ្នាំមុន គឺកាលពីឆ្នាំ១៩៩៧  បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតឡើងវិញហើយ ទំនាក់ទំនងប្រទេសទាំងពីរបាន និងកំពុងតែមានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់លើវិស័យជាច្រើន ហើយចាប់ពីពេលនេះ ទៅរដ្ឋាភិបាលកូរ៉េ គ្រោងនឹងការអនុវត្តគម្រោងផ្សេងៗ ដើម្បីសម្រេច “សហគមន៍សន្តិភាព ដោយផ្តោតជាសំខាន់លើ<មនុស្ស>” ដែលមានការតភ្ជាប់ទឹកចិត្ត និងទឹកចិត្ត រវាងប្រជាជនប្រទេសទាំងពីរ តាមរយៈគោលនយោបាយទិសដៅ តំបន់ខាងត្បូងថ្មី។
   
 - នៅដំណាក់កាលដំបូង អាចមានការធ្វើខុស ក្នុងការអនុវត្តន៍គោលនយោបាយថ្មីនេះ ក៏ប៉ុន្តែខ្ញុំមានជំនឿជឿជាក់ថា នឹងទទួលបានជោគជ័យ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ក៏មានការយល់ដឹងច្បាស់ ហើយបានត្រៀមខ្លួន ក្នុងការជួយគាំទ្រ ផងដែរ។

□ កម្ពុជាជាប្រទេស ដ៏សំខាន់ជាដៃគូនៃ កិច្ចសហប្រតិបត្តិការ ODA របស់រដ្ឋាភិបាលកូរ៉េ, កូរ៉េនឹងពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍរវាងប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត។

 - អស់រយៈពេល៣ឆ្នាំកន្លងទៅ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយសរុបប្រមាណ ៤០០លាន ដុល្លារសហរដ្ឋអាមេរិក គឺជំនួយឥតសំណងប្រមាណ ១០០លានដុល្លារ និងប្រាក់កម្ចី EDCF ប្រមាណ ៣០០លានដុល្លារ។

-រដ្ឋាភិបាលកូរ៉េគ្រោង នឹងផ្តល់ជំនួយ ដោយផ្តោតជាសំខាន់លើគម្រោង ដែលអាចនឹងរួមចំណែក ក្នុងការលើកស្ទួយកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើ▲ការធ្វើចរាចរ ▲ការគ្រប់គ្រងធនធានទឹក និងសុខាភិបាល ▲ការអប់រំ ▲ការអភិវឌ្ឍជនបទ។ល។

□ រដ្ឋាភិបាលកូរ៉េ ក៏កំពុងអនុវត្ នូវកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មផងដែរ ដោយផ្ទេរបច្ចេកទេស កសិកម្ម និងផ្តល់ជំនួយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ ធក្នុងការអភិវឌ្ឍជនបទ
  
 - នៅក្នុងវិស័យឯកជន ក្រុមហ៊ុនជាច្រើន កំពុងតែយកចិត្តទុកដា ក់ក្នុងការលើកកម្ពស់ លើគុណភាពផលិតផល វិធីសាស្ត្រវេចខ្ចប់ និងបច្ចេកទេសកែឆ្នៃ និងការរកទីផ្សារនាំចេញ។
 
 - បច្ចុប្បន្ន មានក្រុមហ៊ុនកូរ៉េប្រមាណ ៥០ក្រុមហ៊ុនបានបណ្តាក់ទុន ក្នុងវិស័យកសិឧស្សាហកម្ម អាចចាត់ទុកថា កូរ៉េនិងកម្ពុជា មានមូលដ្ឋាន សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការ កសិកម្ម ។
□ ជាមួយគ្នានេះដែរ ដើម្បីឲ្យមានសកម្មភាព ផ្លាស់ប្តូរវប្បធម៌ ស្ថានទូតកូរ៉េនឹងពង្រីកឱកាស ក្នុងការបង្កើនការយោគយល់ និងការផ្លាស់ប្តូរ រវាងប្រជាជនប្រទេសទាំងពីរ ដោយបន្តអនុវត្ត កម្មវិធីវប្បធម៌ផ្សេងៗ ដូចជា មហោស្រពភាពយន្តកូរ៉េ ការប្រកួតកីឡា តេក្វាន់ដូរ និងមហោស្រពវប្បធម៌កូរ៉េ ជាដើម។
   ]
- ចំនួនប្រជាជនកម្ពុជា ដែលចង់រៀន ភាសាកូរ៉េ កំពុងតែមានការកើនឡើង យ៉ាងខ្លាំង ដូច្នេះរដ្ឋាភិបាលកូរ៉េមិនមែន ពង្រឹងការជួយគាំទ្រ ដល់តែភាសាកូរ៉េទេ គឺព្រមទាំងដល់អប់រំ លើវិស័យជាច្រើនផងដែរ ។

ដើមអម្ពិល៖ ស្ថានទូត កូរ៉េ មានបំណងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ តើបញ្ហានេះ យ៉ាងដូចម្តេចដែរ?

□ នេះគឺជាគម្រោងដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែនធ្លាប់បានស្នើសុំពីរដងដល់រដ្ឋាភិបាលកូរ៉េ ដូចនេះស្ថានទូតកូរ៉េ មានចំណាប់អារម្មណ៍ពិសេស ដល់គម្រោងនេះ។
   
- បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងស្ថានទូតកូរ៉េ អង្គការKOICA ធនាគារអាហរ័ណនីហរ័ណ ជាដើម កំពុងតែពិភាក្សា និងត្រួតពិនិត្យ។

□ ក៏ប៉ុន្តែ ស្ថានទូតមិនទាន់ច្បាស់លាស់លើចំណុចជាមូលដ្ឋាន ដូចជា របៀបផ្តល់ជំនួយ(ជំនួយឥតសំណង ឬ ជាប្រាក់កម្ខី ដោយការប្រាក់ទាប)? កម្មវត្ថុនៃជំនួយ(តើស្ពានណា?) ប្រសិទ្ធិភាពដែលអាចរំពឹងបានបន្ទាប់ពី បានផ្តល់ជំនួយ ជាដើម។

- បច្ចុប្បន្ន ស្ថានទូតគ្រាន់តែដឹងថា គឺជាស្ពានមួយដែលឆ្លងកាត់ទន្លេមេគង្គ ។

□ រដ្ឋាភិបាលកូរ៉េ ធ្លាប់បានផ្តល់ជំនួយដល់ គម្រោងសាងសង់ស្ពាន ដែលឆ្លងកាត់ទន្លេមេគង្គស្រដៀងគ្នា នៅប្រទេសវៀតណាម កាលនោះ បានចំណាយថវិកាជាច្រើន។ (បថិកា សរុប២៧០លានដុល្លារ ក្នុងចំណោមនោះ កូរ៉េបានផ្តលជំនួយ ២០០លានដុល្លារ  ទទឹងទន្លេ មាន៣km)

 -  ខ្ញុំមិនដឹងថា ទទឹងនៃទន្លេមេគង់ មានប្រវែងប៉ុន្មានទេ បើមានប្រវែង៤km នោះ តាមការស្មានរបស់ខ្ញុំគឺ ត្រូវការថវិកាច្រើនណាស់។
□ ក្រសួងនៃរាជរដ្ឋាភិបាល និងសារព័ត៌មានកម្ពុជា មួយចំនួន បានផ្សព្វផ្សាយថា កូរ៉េបានសម្រេចចិត្តសាងសង់ស្ពាននោះ តែមិនមែនអញ្ចឹងទេ។
    
 - នីតិវិធីអនុវត្តគម្រោង ផ្តល់ជំនួយអភិវឌ្ឍផ្លូវការគឺ(ODA)របស់រដ្ឋាភិបាលកូរ៉េ ស្មុគស្មាញណាស់ ហើយត្រូវការតម្លាភាពយ៉ាងខ្លាំង។ និតិវិធីត្រូវអនុវត្តតាម ដំណាក់កាលជាជំហាន ដូចតទៅ គឺ ដំបូង △ឆ្លងកាត់ការពិភាក្សា តាមក្រុមការងារ រវាងប្រទេសទាំងពីរ បន្ទាប់មកត្រូវការសិក្សាស្រាវជ្រាវ លើលទ្ធភាព(Feasibility Study) △ការស្នើសុំជំនួយជាផ្លូវការ តាមរយៈលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា △ការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េ។

ដើមអម្ពិល៖ ក្នុងក្របខណ្ឌទ្វេភាគី តើកូរ៉េខាងត្បូង ចង់ឲ្យកម្ពុជា មានជំហរបែបណា លើបញ្ហាឧបទ្វីកូរ៉េ?

□ ខ្ញុំមានក្តីរីករាយដោយ ស្ថានការណ៍នយោបាយលើឧបទ្វីបកូរ៉េថ្មីៗនេះ មានវិវត្តន៍វជាវិជ្ជមានយ៉ាងខ្លាំង។

នៅពេលបេសកជនពិសេសរបស់កូរ៉េ ធ្វើដំណើរទស្សនាកិច្ច នៅប្រទេសកូរ៉េខាងជើង កូរ៉េទាំងពីរ បានពិភាក្សាដោយស្មោះ អំពីការបង្កើនសន្តិភាព និងវិធានការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកូរ៉ទាំងពីរ ហើយទទួលបានការព្រមព្រៀងគ្នា លើរបៀបវារៈដែលទាក់ទងនឹង ការអភិវឌ្ឍទំនាក់ទំនងកូរ៉េទាំងពីរ ដូចជាការប្រារព្វកិច្ចប្រជុំកំពូល កូរ៉េខាងត្បូង និងខាងជើងលើកទី៣ ជាដើម។

□ រដ្ឋាភិបាលកូរ៉េ កំពុងតែត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូល កូរ៉េខាងត្បូង និងកូរ៉េខាងជើងលើកទី៣ ដែលនឹងត្រូវប្រារព្ធធ្វើ នៅខែក្រោយនេះ ដើម្បីឲ្យមានលទ្ធផល ជាក់ស្តែង ដោយមានគោលដៅ រួមចំណែកជាក់លាក់ក្នុង ការពង្រឹងសន្តិភាព និងការរំលាយកម្មវិធីនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងកូរ៉េទាំងពីរ ផងដែរ។

□ បន្ទាប់ពីកិច្ចប្រជុំកំពូល កូរ៉េខាងត្បូង និងខាងជើងហើយនឹង បង្កើនសន្តិភាពលើឧបទ្វីបកូរ៉េ ដោយជំរុញជាបន្តបន្ទាប់ នូវកិច្ចប្រជុំរវាងកូរ៉េខាងត្បូង និងខាងជើងលើវិស័យ និងកម្រិតផ្សេងៗ ដូចជា កិចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ កិច្ចប្រជុំកាកបាទក្រហម កិច្ចប្រជុំភាគីសាមីខ្លួនយោធា ជាដើម ។

□ កូរ៉េទាំងពីរ គ្រាន់តែបោះជំហានដំបូងប៉ុណ្ណោះ ដូច្នេះអ្វីដែលសំខាន់ គឺរក្សាសមគ្គីភាព របស់សហគមអន្តរជាតិ ដើម្បីឲ្យចេញជា លទ្ធផលជាក់ស្តែង របស់ការរំលាយកម្មវិធី នុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

□ កន្លងមកកម្ពុជាបាន និងកំពុងតែសហការគ្នា ជាមួយនឹងរដ្ឋាភិបាលកូរ៉េ ក្នុងការអនុវត្តយុទ្ធសាស្ត្រ ចំពោះកូរ៉េខាងជើងយ៉ាងម៉ត់ចត់។ រដ្ឋាភិបាលកូរ៉េ ខិតខំប្រឹងប្រែងដើម្បីបង្កើន សន្តិភាពប្រកបដោយចីរភាព លើឧបទ្វីបកូរ៉េ តាមរយៈការកែសម្រួល ទំនាក់ទំនង កូរ៉េខាងត្បូងនិងខាងជើង និងការជំរុញ ការដោះស្រាយបញ្ហា លើកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដូចនេះរដ្ឋាភិបាលកូរ៉េរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជួយគាំទ្រ យ៉ាងសកម្ម និងផ្តល់ចំណាប់អារម្មណ៍ ប្រកបដោយនិរន្តរភាព ចំពោះកិច្ចប្រឹងប្រែងរបស់ រដ្ឋាភិបាលកូរ៉េ នៅថ្ងៃខាងមុខទៀត ។

ដើមអម្ពិល៖ អ្វីជាចំណាប់អារម្មណ៍ (ចំណូលចិត្ត) របស់លោក នៅក្នុងប្រទេសកម្ពុជា?

□ ដូចដែលខ្ញុំធ្លាប់ធ្វើកាល ពីអតីតកាល ខ្ញុំចង់ធ្វើដំណើរទស្សនាកិច្ច ទៅគ្រប់តំបន់នៅកម្ពុជា ដើម្បីយោគយល់ មនោសញ្ចេតនា របស់ប្រជាជនមូលដ្ឋាន ដែលរស់នៅតាមតំបន់នីមួយៗ ព្រមទាំងភ្លក់ម្ហូបអាហារ មូលដ្ឋានផងដែរ។

□ ហើយក៏សង្ឃឹមផងដែរថា ប្រជាជនកម្ពុជារចងចាំរូបខ្ញុំជា “អ៊ំកូរ៉េ” នៅថ្ងៃខាងមុខយ៉ាងយូរ ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top