Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែ សង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស ។

លោករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោល នយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអន្តរក្រសួង តំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិកនៃគណៈកម្មការរៀបចំ គោលនយោបាយជាតិ ដំឡូងមីប្រមាណ ៥០នាក់ ។

នៅក្នុងឱកាសនោះរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលបានប្រឹងប្រែង សហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារ ដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍ វិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផល អាហារប្រចាំសតវត្សរ៍ទី២១ ។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ ទិន្នផលនិងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែល បម្រើការ អភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ 

លោកបណ្ឌិត បានបន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាព ការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយ វិស័យអទិភាពផ្សេងទៀត ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេស ដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេស ផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។ កន្លងមក យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្ម (CTIS)បានដាក់បញ្ចូលដំណាំដំឡូងមី ទៅជាផលិតផលអទិភាពមួយ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាន កំពុងប្រឹងប្រែងជំរុញការនាំចេញ ផលិតផលដំឡូងមីទៅកាន់ ប្រទេសចិន ដោយសារតែប្រទេសទាំងពីរ បានចុះហត្ថលេខាលើពិធីសារ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែក ភូតគាមអនាម័យ និងអនាម័យហើយបានកំពុង សិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top