Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បណ្ឌិត គីម ហ៊ាង៖ ការយល់ដឹងរបស់ពលរដ្ឋ ធ្វើឲ្យការរកស៊ីដីធ្លី មុននិងក្រោយបោះឆ្នោតមានសភាពធម្មតា!

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានលើកឡើងថា ដោយសារកម្ពុជា មានស្ថានភាព នយោបាយរឹងមាំ និងចាស់ទុំ បានជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈការរកស៊ីវិស័យអចលនវត្ថុ ក៏មានលក្ខណៈល្អប្រសើរផងដែរ ។ តួយ៉ាងបច្ចុប្បន្នដោយប្រជាពលរដ្ឋ មានការយល់ដឹងច្រើន បានធ្វើឲ្យការប្រកបអាជីវកម្មលើវិស័យដីធ្លី ដំណើរការយ៉ាងរលូន ទោះបីខិតជិតដល់ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ នាពេលឆាប់ៗខាងមុខក៏ដោយ ។

ការអះអាងនេះ បានធ្វើឡើងក្នុងវេទិកា ស្ដីអំពី “ការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ដែលរៀបចំដោយសមាគម CVEA សហការជាមួយក្រុមហ៊ុន Keller Williams Cambodia នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៅថ្ងៃទី០៤ ខែកក្កដានេះ ។ លោកបន្ថែមថា ទោះបីមុន ឬក្រោយការបោះឆ្នោត ការរកស៊ីវិស័យដីធ្លី នៅតែមានសភពធម្មតា ព្រោះតែការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយព័ត៌មាន សុទ្ធតែបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ ។ ដោយហេតុនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះវិស័យដីធ្លី កំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ គឺមានលក្ខណៈល្អប្រសើរជាងមុនៗច្រើន ។

លោកបណ្ឌិតបញ្ជាក់ថា «ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ មិនមែនជារឿងប្លែកទេ ។ រឿងរ៉ាវកើតឡើង តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ គឺជារឿងមួយសាមញ្ញទៅហើយ ។ សរុបជារួមមនុស្ស ត្រូវការផ្ទះនៅ ត្រូវការដីធ្លីសម្រាប់កូនចៅ និងធ្វើរបររកស៊ី.ល.។ ចឹងការបោះឆ្នោតឆ្នាំនេះ យើងចាត់ទុកថា មានសភាពស្ងៀមស្ងាត់ និងល្អជាងឆ្នាំណាៗទាំងអស់ ព្រោះមនុស្សជាច្រើន សុទ្ធតែមានការយល់ដឹងពីវិស័យដីធ្លី ។ ពីដើមមក រាល់ព័ត៌មានពីវិស័យដីធ្លី អាចជាព័ត៌មានគាំទ្រជ្រុល ឬប្រឆាំងជ្រុល ប៉ុន្ដែបច្ចុប្បន្ន ព័ត៌មានចេញ ទោះមិនមែនទាំងអស់ តែភាគច្រើន បានឆ្លងការនូវការសិក្សា និងស្រាវជ្រាវត្រឹមត្រូវ ។ និយាយយ៉ាងខ្លី គឺប្រជាជន គាត់ចេះណាស់ឥលូវ...» ។ 

ចំពោះវេទិកាស្ដីអំពី “ការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ខាងលើ នឹងធ្វើឡើង ១ថ្ងៃពេញ ដោយមានសិក្ខាកាមចូលរួមជាង ៥០០នាក់ ដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យដីធ្លីដល់អ្នកកំពុងធ្វើអាជីវកម្ម និងសាធារណៈជន ដែលចង់ស្វែងយល់ពីវិស័យដ៏មានសក្ដានុពលនេះ គ្រាដែលលោកបណ្ឌិត គីម ហ៊ាង ជាវាគ្មិនផ្ទាល់ បានសង្កត់ធ្ងន់ថា នឹងផ្ដោតសំខាន់លើកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋានគ្រឹះមួយចំនួន ដែលជាកត្ដារួមផ្សំ ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top