Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចាប់ពីឆ្នាំ២០១៨ កម្ពុជា មានមហច្ឆិតា ពង្រីកតួនាទីក្នុងតំបន់ និងឆាកអន្តរជាតិ

ភ្នំពេញ៖នៅពេលដែលកម្ពុជា កំពុងក្លាយជាចំណុច នៃការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ពីបណ្តាប្រទេសមហាអំណាច និងនៅពេលដែលបញ្ហាសិទ្ធិមនុស្ស បានក្លាយជាចំណុចស៊ីបសម្រាប់កម្ពុជា ប្រទេសនេះមិនបានឈប់នៅទ្រឹងនោះទេ។ អ្វីៗ កំពុងដំណើរការទៅមុខជាធម្មតា រួមទាំងការការកំណត់ពេលបោះឆ្នោតជាតិ នៅចុងខែកក្កដា ឆ្នាំនេះដោយគ្មានកែប្រែ។ ដំណើររក្សាបាននូវសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស ជាកត្តាអទិភាព ដែលកម្ពុជាត្រូវការពារជាដាច់ខាត។  

កត្តាអន្តរជាតិវិញ ក៏ជាកម្លាំងជំរុញសម្រាប់កម្ពុជា ហេតុដូច្នេះហើយ បានជាកម្ពុជា បានខិតខំពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមចំណែក ដល់ការថែរក្សាសន្តិភាពពិភពលោក តាមរយៈ ការបន្តបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួន ជារៀងរាល់ឆ្នាំ លើវិស័យដោះមីន និងវិស្វកម្ម ទៅបណ្តា ប្រទេសអាហ្រ្វិកមួយចំនួន ដែលកំពុងជាប់ផុងក្នុងសង្រ្គាមស៊ីវិល ឬទើបងើបពីសង្គ្រាមរ៉ាំរ៉ៃ ហើយបើគិតចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានជាង៥១៧២នាក់ (តួលេខខែមិនាឆ្នាំ២០១៨)។

កម្ពុជាបានចូលជាសមាជិក អង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ គឺ២ ឆ្នាំ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង គឺនៅមុនបណ្តា ប្រទេសអាស៊ានមួយចំនួនទៅទៀត។ ដោយសារអង្គការនេះហើយ ដែលកម្ពុជាមានប្រវត្តិជំពាក់ជំពិនជាច្រើន ជាពេសេសអាសនៈប្រទាញប្រទង់ ដែលត្រូវបន្តកាន់កាប់ ដោយរបបខ្មែរក្រហមរហូតជាង១០ឆ្នាំ នៅអង្គការសហប្រជាជាតិ រហូតដល់អ៊ុនតាក់ ចូលស្រុករៀបចំការបោះឆ្នោត។

បច្ចុប្បន្ន ក្រៅពីបញ្ជូន កងកម្លាំងចូលរួម ថែររក្សាសន្តិភាពពិភពលោក សម្រាប់ឆ្នាំ២០១៨ កម្ពុជានឹងទទួលភាពលេចធ្លោចំនួន២ គឺទី១ កម្ពុជា នឹងក្លាយ ជាអនុប្រធានមហាសន្និបាត អង្គការសប្រជាជាតិ ដែលនឹងខ្លួននឹងត្រូវបំពេញភារកិច្ចពេញឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ប្រធានមានមហាសន្និបាត១ ដែលត្រូវដំណែងប្តូរវេនជារៀងរាល់ឆ្នាំ ទៅតាមតំបន់ធំៗទាំង៥ ក្នុងនោះមានតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ  រីឯមុខតំណែងអនុប្រធានមានចំនួន២១ប្រទេស ដែលត្រូវផ្លាស់ប្តូវវេនដូចគ្នាដែរ។

នេះនឹងជាលើកទី២ សម្រាប់កម្ពុជាហើយ សំរាប់អង្គការអន្តរជាតិពិភពលោកមួយនេះ ដែលកាលពីឆ្នាំ២០០១ កម្ពុជាបានទទួលជា អនុប្រធានមហាសន្និបាតនេះម្តងដែរ។  ទី២ គឺកម្ពុជា នឹងត្រៀមខ្លួនជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្រោយទទួលបានសំឡេងគាំទ្រ២ភាគ ៣ នៃសមាជិក១៩៣ប្រទេស ដែលការបោះឆ្នោតនឹងធ្វើនៅទីក្រុងញូវយ៉ក នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាសមាជិកនឹងត្រូវកាន់ការរយៈពេល៣ឆ្នាំ ប៉ុន្តែដោយកម្ពុជា បានបែងចែកអាណត្តិ ជាមួយប្រទេសតាហ្ស៊ីគីស្ថាន ដូចនេះកម្ពុជា បំពេញការងារផ្តើមពីខែមករា ដល់ធ្នូ ឆ្នាំ២០១៩។ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម មាននាទីការពារ ផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសដែលងាយរងគ្រោះ ផ្នែកនយោបាយសេដ្ឋកិច្ច ពីសំណាក់លោកខាងលិច និងផ្តល់ទំនុកចិត្តឳយក្រុមប្រឹក្សាទាំងមូល ប្រកបដោយសមត្ថភាពខ្ពស់។  ការជួយជ្រោមជ្រែងពី ស្ថាប័នពាក់ព័ន្ធជាកត្តាសំខាន់ ឆ្ពោះទៅជោគជ័យសំរាប់តួនាទីរបស់កម្ពុជា លើអង្គការពិភពលោកនេះ។  

គួរកត់សម្គាល់ថា ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ កាលណាគេនិយាយពីសមាជិក គេសំដៅលើសមាជិក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អង្គភាពដ៏ទៃទៀត គឺត្រូវមានការប្រកួតយកកៅអី ព្រោះថា ឧទាហរណ៍ក្រុមប្រឹក្សាសេដ្ឋកិច្ចមានតែ៥៤ កៅអី រីឯក្រុមប្រឹក្សាសន្តិសុខ មានតែ១៥កៅអី ដែលក្នុងនោះ ប្រទេសមហាអំណាចកាន់កាប់៥ កៅអីទៅហើយ។  
 
លើសពីនេះទៀត កម្ពុជាមានទិសដៅ ពង្រីកការចូលរួមរបស់ខ្លួន លើឆាកអន្តរជាតិកាន់តែកើនឡើង ទោះជាខ្លួនតូចក៏ដោយ។ “កម្ពុជាជាប្រទេសតូច មិនអាចផ្លាស់ប្តូរបាននោះទេ តែយើងអាចផ្លាស់ប្តូរឋានៈ តួនាទី និងការចូលរួមរបស់យើង ក្នុងកិច្ចការតំបន់ និងពិភពលោក ផ្អែកលើឆន្ទៈ លទ្ធភាព សមត្ថភាពរបស់យើង និងផ្អែកលើផលប្រយោជន៍ស្នូលរបស់កម្ពុជា” នេះឆន្ទៈមោះមុត របស់ប្រមុខការទូតកម្ពុជា ប្រាក់ សុខុន ដែលបានថ្លែងក្រើនរំលឹក ដល់អគ្គរាជទូតកម្ពុជា ប្រចាំនៅបរទេសទាំងអស់ កាលពីខែមិនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

ស្របពេលជាមួយនេះ ឱកាសមាសទាំងឡាយ នឹងឈានមកដល់ក្នុងពេលខាងមុខ ដែលជាក់ស្តែងក្នុងរយៈពេល៤ឆ្នាំទៀត កម្ពុជាឈានដល់រង្វិលជុំ៥ឆ្នាំ (ដែលមានកំណត់ក្នុងធម្មនុញ្ញអាស៊ាន) ក្នុងការកាន់តួនាទីដ៏ធំមួយក្នុងតំបន់ នោះគឺដំណែងជាអគ្គលេខាធិការអាស៊ាន បន្ទាប់ពីប្រទេសប៊្រុយណេ។ នៅពេលនោះ កម្ពុជានឹងក្លាយជាលើដំបូងគេដឹងថា ដំណែងនេះ គឺសម្រាប់អ្នកមានសមត្ថភាពខ្ពស់ ផ្នែកការទូតអន្តរជាតិ និងមានបទពិសោធន៍ជា្រលជ្រៅ ដែលជាមុខមាត់ជាតិ។

គេមិនបានរង់ចាំដល់ពេលវេលា ខិតជិតមកដល់នោះទេ ទើបចាប់ផ្តើមនោះទេ ដែលតាមការពិតទៅកម្ពុជា បានត្រៀមលក្ខណៈពីឥឡូវទៅហើយ ដែលគេអាចដឹងបានថា លោក សុក ស៊ីផាណា ដែលបច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ជាបេក្ខជនសម្រាប់តំណែងនេះ។ យោងធម្មនុញ្ញអាស៊ាន ក្រៅពីអគ្គលេខាធិការ ក៏តម្រូវឲ្យមានអគ្គលេខាធិការរង៤ នាក់ផ្សេងទៀត ដែលនឹងកាន់តួនាទី៣ឆ្នាំ។ សម្រាប់កម្ពុជា លោក គុង ភួក ដែលជាប្រធានគណ នៃវិទ្យាស្ថានកម្ពុជា សម្រាប់សិក្សាយុទ្ធសាស្ត្រ  កំពុងត្រៀមចូលកាន់តំណែង ជាអគ្គលេខាធិការរងអាស៊ាន ចាប់ពីខែតុលា ឆ្នាំ២០១៨ តទៅផងដែរ។

គួររំលឹកផងដែរថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ មក កម្ពុជាធ្លាប់បានកាន់តំណែងនេះ ម្តងរួចមកហើយៗ ដែលកាលនោះ គឺលោកស្រី សឿង រដ្ឋចាវី មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជាអគ្គលេខាធិការរង អាស៊ាន ទទួលការងារផ្នែកសេដ្ឋកិច្ច។  

មហិច្ឆតាក្នុងតំបន់ និងអន្តរជាតិខាងលើនេះ នឹងជាកត្តាដ៏ឈានមុខក្នុងការបង្ហាញពីសមត្ថភាព និងលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិយ៉ាងពិតប្រាកដ  ក្រោយពីប្រទេសនេះ ត្រូវដើរថយក្រោយដោយសារសង្គ្រាមស៊ីវិល ជាច្រើនទសវត្សមកនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top