Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រូអាតសន្យា ការពារមិនឲ្យ EU ដក EBA ពីកម្ពុជា ក្នុងពេលខ្លួន ក្លាយជាប្រធាន ប្តូរវេនសហភាពអឺរ៉ុប

ភ្នំពេញ ៖ រដ្ឋាភិបាលក្រូអាត បានសន្យានៅ ចំពោះមុខប្រមុខការទូតខ្មែរថា នឹងជួយការពារ មិនឲ្យសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទ លើកលែងតែវុធ (EBA)ពីកម្ពុជាឡើយ  នៅពេលដែលប្រទេសនេះ នឹងក្លាយជាប្រធានប្តូរវេន នៃសហភាពអឺរ៉ុប ឆ្នាំ២០២០ខាងមុខនេះ ។ 

សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការផ្អាក ជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យួរនាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ និងលោក ក្រេសូ  គ្លាវេក  (Kreso Glavac) ឯកអគ្គរដ្ឋទូតក្រូអាតចប់ អាណត្តិប្រចាំកម្ពុជា នៅថ្ងៃទី២២ តុលានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា ទូតក្រូអាត លើកឡើងថា ថ្មីត្បិតតែក្រូអាត ជាប្រទេសតូចក៏ពិតមែន ប៉ុន្តែមានបេះដូងបើកទូលាយ គឺជាមិត្តដ៏ល្អរបស់កម្ពុជា ។ លោកថា ដើម្បីធានាទំនាក់ទំនងការទូតកម្ពុជា-ក្រូអាត គឺបានឯកភាពរៀបចំពិធី ចុះហត្ថលេខាបើកការពិគ្រោះយោបល់នយោបាយការទូត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដោយត្រៀមកំណត់គោលដៅនៃពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំង២ ។ 

លោកទូតបញ្ជាក់ថា ក្រូអាតនឹងក្លាយជាប្រធាន ប្ដូរវេននៃសភាពអឺរ៉ុប ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០ ។ 

លោក កេត សោផាន់ ថ្លែងថា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនទូតក្រូអាតថា ទោះបីកម្ពុជា មានបញ្ហាខ្លះជាមួយអឺរ៉ុបក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អដដែល ។

អ្នកនាំពាក្យបញ្ជាក់ថា «ជាការឆ្លើយតបឯកឧត្ដមទូត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានមិត្តភក្ដិនៅក្នុង EU ហើយក្រូអាតជាមិត្តភក្ដិដ៏ល្អរបស់ EU ។ ក្រូអាតនឹងគាំទ្រកម្ពុជា នៅពេលដែលកម្ពុជាមានបញ្ហាជាមួយ EU ។ អីចឹងក្រូអាតនឹងខិតខំពន្យល់សមាជិក EU ផ្សេងទៀត ក្នុងពេលដែលមានបញ្ហាលើកឡើងពាក់ព័ន្ធជាមួយកម្ពុជា » ។

សូមបញ្ជាក់ថា ប្រទេសដែលទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ ក្នុងករណីសហភាពអឺរ៉ុបសម្រេចជាផ្លូវការដក EBA ពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទីផ្សារអឺរ៉ុប នៅតែបើកចំហសម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាង អភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សារ EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀងរហូតនោះបានឡើយ ៕ ដោយ៖ ខា ដា

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top