Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ បង្កើតពាក្យស្លោកថ្មីថា អំបុកខ្មែរថែជាតិសាសនា ព្រះមហាក្សត្រ 

ភ្នំពេញ ៖ ពិធីហូបអំបុកនាថ្ងៃទី៩ វិច្ឆិកា ខាងមុខនៅទូទាំងប្រទេស កាន់តែខិតជិតចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ប្រជាពលរដ្ឋខ្មែរត្រូវតែនាំគ្នាហូបទាំងអស់គ្នា ដើម្បីថែជាតិសាសនា និងព្រះមហាក្សត្រ ។ សម្តេចបានហៅថា អំបុកខ្មែរថែជាតិសាសនា ព្រះមហាក្សត្រ គឺជាស្លោកថ្មីទើបបង្កើតឡើង។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានជឿជាក់ថា ពលរដ្ឋខ្មែរហូបអំបុកនាពេលខាងមុខនេះ នឹងធ្វើឲ្យតម្លៃផលិតផលខ្មែរ មានការឡើងថ្លៃ ដូចជា អំបុក ស្រូវ ចេក ស្ករ ដូច្នេះរបស់ទាំងអស់នេះទិញពីប្រជាកសិករខ្មែរ នឹងធ្វើឲ្យពួកគាត់មានជីវភាពធូធារបន្ថែមទៀត ។

សម្ដេចថ្លែងថា “បុណ្យអុំទូករបស់យើងនៅតែធ្វើឲ្យល្អ ហើយខ្ញុំបានប្រកាសហើយថា យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យជាតិ បុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងទ័ព ធ្វើជាថ្ងៃទទួលទានអំបុកដែលខ្ញុំប្រើពាក្យស្លាកថា អំបុកខ្មែរ ថែជាតិសាសនា ព្រះមហាក្សត្រ នេះជាពាក្យស្លាកថ្មី” ។ 

សម្ដេចតេជោរៀបរាប់ទៀតថា ព្រះមហាក្សត្រ គង់ជាព្រះប្រមុខរដ្ឋ រីឯនាយករដ្ឋមន្ដ្រី ជាប្រធានអង្គការនីតិប្រតិបត្តិ មានឈ្មោះ “សម្ដេចតេជោ ហ៊ុន សែន” កំពុងដឹកនាំប្រទេសនាពេលនេះ។ សម្ដេច ងើយឆ្ងល់ថា មានអ្នកវិភាគមួយចំនួននៅកម្ពុជាចេះតែវិភាគមិនដឹងអ្វី។ សម្តេចហៅអ្នកវិភាគទាំងនោះថា ល្ងង់ ។ សម្តេចថា បើល្ងង់អីចឹងឲ្យចេះទទួលស្គាល់សមត្ថភាពរបស់ខ្លួនផង ។

នាឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនឹងចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ទាំងអស់ ត្រូវមានការរៀបចំទូកងជាបណ្ដើៗ ដើម្បីបញ្ជូនទូកមករាជធានីភ្នំពេញ ។ សម្ដេចបញ្ជាក់ថា ទោះបីជាទឹកមានកម្ពស់ត្រឹមតែ១ម៉ែត្រ ពិធីបុណ្យអុំទូកក៏នៅតែប្រព្រឹត្តជាធម្មតា ដើម្បីកុំឲ្យចាញ់ចិត្ត ទណ្ឌិត សម រង្ស៊ី ដែលសមត្ថកិច្ចទូទាំងប្រទេសបានត្រៀមលក្ខណៈចាបខ្លួនរួចជាសម្រេច ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top