Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្រ្តី ទុកឲ្យអ្នកវិភាគ តាំងខ្លួនជាអ្នកចេះជ្រុល បកស្រាយកិច្ចព្រមព្រៀង សន្តិភាពពីក្រុងប៉ារីស 

ភ្នំពេញ ៖ មុនមួយថ្ងៃ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនបកស្រាយលើខ្លឹមសារ នៃកិច្ចព្រមព្រៀងនេះទេ ដោយទុកឲ្យអ្នកវិភាគ ដែលតាំងខ្លួនឯង ជាអ្នកចេះជ្រុល មួយចំនួនបកស្រាយ ហើយសម្ដេចនឹងតាមដាន រងចាំមើលអ្នកទាំងនោះ ។ 

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា បើចង់អនុវត្តន៍កិច្ចព្រមព្រៀង ទីក្រុងប៉ារីស២៣ តុលា កាលពីសម័យមុន ត្រូវដោះលែងលោក ខៀវ សំផន ឲ្យមានសេរីភាពឡើងវិញ ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានតម្រូវឲ្យកាត់ទោសខ្មែរក្រហមឡើយ (គ្មានច្បាប់ចែង) ។  

សម្ដេចនាយករដ្ឋមន្រ្តី បានរំលឹកថា បើសិនជាកម្ពុជាត្រូវអនុវត្តន៍ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសនោះ កម្ពុជាមិនត្រូវមានព្រះមហាក្សត្រគ្រងរាជ្យឡើយ។ ដោយកម្ពុជាត្រូវមាន ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយព្រះមហាក្សត្រ មានឋានៈត្រឹមជាប្រធានក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់តែប៉ុណ្ណោះ។ តែអ្នកមានសិទ្ធិ សម្រេចចុងក្រោយ គឺនៅលើប្រធានអ៊ុនតាក់។ ដែលត្រង់ចំណុចនេះ គឺសម្ដេចមិនយល់ព្រម ឲ្យអនុវត្តន៍កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលមានសិទ្ធិធ្វើច្បាប់ ព្រាងច្បាប់ អនុម័តច្បាប់ (ក្នុងនីតិបញ្ញត្តិ) តែគ្មានសិទ្ធិបកស្រាយច្បាប់ឡើយ បូករួមទាំងសភាទាំងពីរ។ ប៉ុន្តែអ្នកដែលមាន សមត្ថកិច្ចគឺរដ្ឋធម្មនុញ្ញ ប្រគល់សិទ្ធិឲ្យបកស្រាយច្បាប់បាន គឺក្រុមប្រឹក្សាធម្មនុញ្ញ មិនអាចមានអ្នកណាមួយចេះតែបកស្រាយបានឡើយ ។

សម្ដេចបន្ថែមថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កុំចេះតែចេញមកបកតាមចិត្តចង ។ ឥឡូវខ្ញុំមិននិយាយដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ! បើទោះបីថ្ងៃស្អែក ជាថ្ងៃខួបលើកទី២៨ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលខ្ញុំមិនចាំបាច់ និយាយទេ ដោយសារតែមានវាគ្មិនច្រើន ។ គេនឹងចូលហើយក្នុងវិទ្យុនេះ វិទ្យុនោះ គេបកទុកឲ្យគេបក ហើយយើងនៅរងចាំមើលគេវិញ” ។

ប៉ុន្តែសម្ដេចបន្តថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដោតលើការយកចិត្តទុកដាក់ តាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជានិច្ច។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអតីតក្រុមមន្រ្តីបក្សប្រឆាំង លើកឡើងជារឿយៗ ដើម្បីឲ្យកម្ពុជាអនុវត្តន៍ តាមកិច្ចព្រមព្រៀងនេះ ជាពិសេស ក្នុងការដោះលែងលោក កឹម សុខាឲ្យមានសេរីភាពវិញ ៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top