Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្តេចតេជោ ប្រកាសយកក្រុមហ៊ុនស៊ិនទ្រី មកស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋ

ភ្នំពេញ ៖ ដោយសារឃើញផលវិបាក  របស់ក្រុមហ៊ុនស៊ិនទ្រីប្រមូលសម្រាម សម្តេចតេជោ បានប្រកាសយកក្រុមហ៊ុន


ប្រមូលសម្រាមមួយនេះ មកគ្រប់គ្រងជារបស់រដ្ឋវិញ ទាំងរបស់របរទាំងអស់ ដើម្បីដាក់ដេញថ្លៃ ក្នុងការកែប្រែរឿងបញ្ហាសម្រាម ប៉ុន្តែទោះបីជាយ៉ាងណា មិនឲ្យស៊ិនទ្រីខាតបង់នោះទេ បន្ទាប់ពីរដ្ឋនិងក្រុមហ៊ុន បានចុះហត្ថលេខាជាមួយគ្នា កាលពីអំឡុងឆ្នាំ១៩៩៦។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចសង្ឃឹមថា ស៊ិនទ្រីនឹងមិនជំទាស់ទេ ក្រោយការប្រកាសរបស់សម្តេចបែបនេះ តែបើជំទាស់នឹងមានសម្រាមកើនឡើង ។ 

សម្តេចតេជោបន្តថា រដ្ឋបានចុះហត្ថលេខាជាមួយស៊ិនទ្រី ក្នុងការប្រមូលសម្រាមចាប់តាំង១៩៩៦ គិតមកទល់ពេលនេះ ជិត៣០ឆ្នាំហើយ ដែលពេលនោះសម្រាម មានត្រឹមតែពី៣០០ទៅ៥០០តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នសម្រាម ក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃ មានជាង៣ពាន់តោន ក្នុងគ្រាក្រុងមានទំហំ កើន៦០០គីឡូម៉ែត្រការ៉េ ដូច្នេះក្រុមហ៊ុនស៊ិនទ្រី គ្រប់គ្រងម្នាក់ឯងមិនអាចទៅរួចទេ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំគិតថា ត្រូវមានអន្តរកាលមួយចាំបាច់ គឺយើងយកក្រុមហ៊ុនត្រឡប់មករដ្ឋ ដោយទិញយកទាំងសំភារៈ និងអ្វីៗទាំងអស់របស់ក្រុមហ៊ុនស៊ិនទ្រី យកមកគ្រប់គ្រងសិន ដោយសាលាក្រុងគ្រប់គ្រង” ។ 

ជាមួយគ្នានេះ សម្តេចមើលឃើញថា សម្រាមនៅតែជាបញ្ហា ដោយកន្លែងខ្លះ មិនបានទៅយកសម្រាមឡើង ពេញប្រៀបធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ។ សម្តេចបានឲ្យបែងចែកតំបន់ដើម្បីធ្វើការ ព្រោះឲ្យធ្វើកន្លែងចាកសម្រាម៣ទីតាំង ក៏មិនទាន់ចេញជារូបរាង ។

នាយករដ្ឋមន្រ្តីថា បើពលរដ្ឋម្នាក់កុំបង់ចោលសម្រាមគ្មានសម្រាមឡើយ ប៉ុន្តែម្នាក់ៗហូប ហើយបោះចោលពាសវាលពាសកាល។

សម្តេចតេជោសង្កត់ធ្ងន់ថា “បញ្ហាធំជាងគេ គឺប្រជាជនរបស់យើង ស្ម័គ្រចិត្ត ហើយចេះការពារក្រុងខ្លួនឯង ចេះការពារផ្ទះខ្លួនឯង មិនយកសម្រាមមកចោលផ្តេសផ្តាស។ ពេលទទួលទានស្អីហើយ មានធុងសម្រាមមិនចេះដាក់ ដល់ពេលទៅដល់ធុងសម្រាមហើយ យកទៅក្រវាត់ចោលក្រៅធុងទៀត ហើយតាំងមករអ៊ូថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់”។ 

ដើម្បីឲ្យសម្រាមមានសណ្តាប់ធ្នាប់ សម្តេចតេជោ ចង់យកគំរូគ្រប់គ្រងសម្រាម តាមប្រទេសសិង្ហបុរី ។ សម្តេចតេជោបានលើកឡើងថា សិង្ហបុរី នៅពេលអ្នកណាម្នាក់បោះចោលសម្រាម គឺអាជ្ញាធរចាប់វាយ និងឲ្យបោសសំអាតតាមដងផ្លូវ ។

ទន្ទឹងនឹងនេះដែរ សម្តេចនាករដ្ឋមន្រ្តី ក៏មានគម្រោងយកសម្រាម មកដុតធ្វើជាអគ្គិសនី ចំណុចនេះអាចដោះស្រាយបាន។

ពាក់ព័ន្ធបញ្ហាសម្រាមនេះដែរ សម្តេចតេជោឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវរកយុវជនដោះស្រាយ បញ្ហានាថ្ងៃអុំទូក ព្រោះក្រុមហ៊ុនស៊ិនទ្រីមិនអាចធ្វើបានទេ ដូច្នេះត្រូវប្រើកម្លាំងយុវជន ដោយសហការជាមួយក្រសួងបរិស្ថាន៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top