Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ផៃ ស៊ីផាន៖ អតីត CNRP មិនទាន់យល់សាច់រឿង សម្ដេចតេជោតែងតាំងបក្ស១៦ ជាទីប្រឹក្សា

ភ្នំពេញ៖ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានលើកឡើងថា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ(CNRP)នៅមិនទាន់យល់ច្បាស់ អំពីការដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងតាំងគណបក្សទាំង១៦ដែលមិនមានសំឡេងឆ្នោតក្នុងរដ្ឋសភា ឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលអាណិត្តទី៦ថ្មីនៅឡើយទេ។

លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងថា “សម្ដេចតេជោធ្វើការតែងតាំងបក្សទាំង១៦ដែលមិនមានសំឡេងឆ្នោត ក្នុងសភាជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៦ថ្មី គឺជារឿងមួយដែលគ្មានចំណេញអ្វីទាល់តែសោះ ថែមទាំងខាតបង់នូវថវិកាជាតិថែមទៀត”។ នេះបើតាមការផ្សាយពីវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨ថាតាំងពីអតីតគណបក្សសង្រ្គោះជាតិបាត់មុខពី កម្ពុជារាជរដ្ឋាភិបាល សល់លុយច្រើនដោយមុនបោះឆ្នោតបានត្រូវចំណាយពេល១ឆ្នាំសម្រាប់រក្សាសណ្ដាប់ធ្នាប់ ។

លោកបានបន្តថា “ប្រហែលជាគាត់អត់យល់នៅក្នុងសាច់រឿងហ្នឹង (តែងតាំងបក្សទាំង១៦ ជាទីប្រឹក្សារាជរដ្ឋាភិបាល)”។

លោកថា ការបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោតស្វែងរកឯករាជ្យភាព និងការពារជាតិមួយ ដែលសម្ដេចតេជោបានអញ្ជើញគ្រប់គណបក្សពុំមាន អាសនៈក្នុងសភាមក ចូលរួមប្រជុំដើម្បីជែកគ្នាលើវិស័យនីតិប្រតិបត្តិដែលមានតួនាទី ជាអ្នកឃ្លាំមើលការងាររាជរដ្ឋាភិបាល។ ស្ថាប័ននីតិបញ្ញត្តិ សម្រាប់ផ្ដល់គំនិតនានាពីបណ្ដាគណបក្សជាទីប្រឹក្សាអំពីបញ្ហាអ្វីមួយហើយក៏មានសិទ្ធិតតាំងនិងច្បាប់ជាមួយសភាដែលបានអនុម័តច្បាប់ណាមួយធ្វើឲ្យ មានការប៉ះពាល់ផលប្រយោជន៍សង្គម។ វិស័យនយោបាយ គឺបក្សទាំង១៦ មានសិទ្ធិចុះទៅពង្រឹងគណបក្សរបស់ខ្លួនបាននៅតាមមូលដ្ឋាន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោបានអញ្ជើញបក្សទាំង១៩ចូលរួមប្រជុំជាមួយសម្ដេចដែលជាជំនួបដំបូង មិនធ្លាប់មានពីមុន ដើម្បីឲ្យគណបក្សទាំង១៩ បានពិគ្រោះយោលបល់ហើយសម្ដេចក៏បានប្រកាសតែងតាំងគណបក្ស ដែលបានចូលរួមប្រជុំឲ្យធ្វើទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើរដ្ឋមន្រ្តី និងមានប្រាក់ខែ២០០០ដុល្លារ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top