Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ ៖ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតឲ្យគណបក្សប្រជាជន 

ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ កាន់តែខិតជិតចូលមកនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីរក្សាបានសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ បានសរសេរថា នៅសល់២៨ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃបោះឆ្នោតជាតិនឹងមកដល់ ហើយនៅសល់តែ៦ថ្ងៃទៀត គឺនៅថ្ងៃទី៧ កក្កដា ជាការឃោសនាបោះឆ្នោត។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ក៏បានថ្លែងអំណរអរគុណ ដល់ប្រជាពលរដ្ឋខ្មែរ តែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនតាំងពីដើមរហូតមក។

សម្ដេចថា ពលរដ្ឋ និងកម្មករ-កម្មការិនី បានឃើញច្បាស់ហើយគឺគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ ការបោះឆ្នោតនេះ គឺចង់ឃើញកម្ពុជាឈ្នះ និងកាន់តែរីកចម្រើនរុងរឿង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “ជម្រើសដ៏ល្អបំផុតដើម្បីរក្សាបាននូវសន្តិភាពនិងនិរន្តរភាពនៃការអភិវឌ្ឍ សូមបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាលេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាឈ្នះ គឺកម្ពុជាឈ្នះទាំងអស់គ្នា សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខគ្រប់ៗគ្នា”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top