Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

CNRP មិនទាន់គិតគូលើតំណាងរាស្ត្រខ្លួន នៅមណ្ឌលព្រៃវែង ដែលគេចោទថា ប្រមាថថ្នាក់ដឹកនាំ CPP

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ (CNRP) បានឲ្យដឹងនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ថា គណបក្សមិនទាន់បានគិតគូ ករណីលោក ទួត ឃឿត តំណាងរាស្ត្រមណ្ឌលព្រៃវែង ដែលនឹងត្រូវគណបក្សកាន់អំណាច គ្រោងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពីតំណាងរាស្រ្តរូបនេះ ​ត្រូវបានចោទថា ​ប្រមាថមាក់ងាយ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា (CPP)។

អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថា «ខាងគណបក្ស មិនទាន់បានគិតគូរឿងហ្នឹងទេ គ្រាន់តែបានឭ តែគាត់ថា ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង ហើយគាត់បានចូលរួម ពិធីជប់លាងមួយ ជារឿងធម្មតា។ ដូច្នេះ ជារឿងមួយចម្លែកៗ ដែលភ្ជាប់ពីអ្នកដែលបាននិយាយ ទៅអ្នកមិនបាននិយាយ»។
 
ការលើកឡើង របស់ លោក យ៉ែម បុញ្ញឬទ្ធិ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ  ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសលើលោក ទួត ឃឿត តំណាងរាស្ត្រមណ្ឌលព្រៃវែង និង លោក លី ព្រឿង ប្រធានសាខា CNRP  ប្រចាំទីក្រុងលីយ៉ុង ប្រទេសបារាំង  ដែលបានចោទប្រកាន់អ្នកទាំងពីរថា បានជេរប្រមាថរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានប្រើពាក្យថា របបតិរច្ឆាន ជនពាល ល្ងង់ខ្លៅ អាយ៉ងវៀតណាម បំផ្លិចបំផ្លាញជាតិ និងសម្លាប់ពលរដ្ឋខ្មែរ សាហាវជាងរបបខ្មែរក្រហម។

យ៉ាងណាក្តីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ការលើកឡើង នោះជារឿងរបស់បុគ្គលទេ មិនមែនទស្សនៈ របស់គណបក្សនោះទេ។
យោងតាមសេក្ដីថ្លៃងការណ៍ របស់ CNRP បានឲ្យដឹងថា “គណបក្សប្រកាន់ខ្ជាប់នូវ គោលការណ៍អហិង្សា គោរពនូវសេចក្ដីថ្លៃថ្នូរ របស់បុគ្គល ដោយជៀសវាងដាច់ខាត នូវការជេរប្រមាថ ប្រើពាក្យ អសុរោះ មួលបង្កាច់ បង្កជម្លោះ គម្រាមកំហែង បំភិតបំភ័យអ្នកដទៃ  ហើយ គណបក្សបានធ្វើសេចក្ដីណែនាំ ឲ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្ស គ្រប់លំដាក់ថ្នាក់ទាំងអស់ ក្នុង និងក្រៅប្រទេស គោរពនូវគោលការណ៍”។

សេចក្ដីថ្លៃងការណ៍បន្ដទៀតថា  CNRP ថ្កោលទោស គ្រប់ជនទាំងឡាយណាដែល ប្រើប្រាស់ពាក្យសម្ដីអសុរោះ ជេរប្រមាថ ការគម្រាមកំហែង ឬការញុះញង់ តាមគ្រប់រូបភាព ដែលធ្វើឲ្យជាតិបែកបាក់ និងបានអំពាវនាវ ឲ្យថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់  ព្រមទាំងសកម្មជន និងអ្នកគាំទ្រគណបក្ស ទាំងក្នុងនិងក្រៅប្រទេស  គោរពនូវស្មារតីនៃសេចក្ដីណែនាំ  របស់គណបក្ស ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top