Wednesday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកវិភាគ៖ មិនមានអ្វីប្លែក ដែលឯកឧត្តម កឹម សុខាជាដៃគូសន្ទនា ជាមួយនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ លោក សូ ចន្ថា អ្នកវិភាគស្ថានភាពនយោបាយ បានថ្លែងថា ពុំមានអ្វីប្លែកនោះទេដែល ឯកឧត្តម កឹម សុខា ជាដៃគូសន្ទនាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជំនួសឯកឧត្តម សម រង្ស៊ី ព្រោះនេះជាការផ្តល់ អាទិភាព ឲ្យអ្នកនៅក្នុងបក្សជាមួយគ្នា។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សម រង្ស៊ីបានថ្លែងថា ឯកឧត្តមនៅតែជាដៃគូ សន្ទនាជាមួយសម្តេចតេជោ ទោះបីជាប្រធានក្រុម តំណាងរាស្រ្ត តិចផ្លាស់ទៅឯកឧត្តម កឹម សុខាក៏ដោយ ប៉ុន្តែនៅព្រឹកថ្ងៃនេះ  សម្តេចតេជោ បានលើកឡើងក្នុងកិច្ចប្រជុំសភាថា មានតែឯកឧត្តម កឹម សុខាទេដែលជាដៃគូ សន្ទនាជាមួយសម្តេច។

លោក សូ ចន្ថា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ថា “នៅពេលដែលអវត្តមានលោកសម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា គួរតែផ្តល់ឱកាស ទៅដល់អនុប្រធានគណបក្ស ដែលជាប្រធានស្តីទីជំនួសវិញ ដើម្បីធ្វើកិច្ចការនេះ ។ ការដែលផ្តល់ឱកាសនេះ ខ្ញុំគិតថា អាហ្នឹងគឺជាការចូលរួម ជម្រុញឲ្យគណបក្សនេះ មានដំណើរការទៅមុខ។ ចំណុចមួយទៀត គឺជាការផ្តល់ឱកាស ទៅដល់ថ្នាក់ដឹកនាំ នៅក្នុងគណបក្ស ដើម្បីសម្រេចកិច្ចការ ឬក៏ជម្រុញបក្សនេះ ឲ្យមានភាពខ្លាំងក្លាទៅមុខបាន”។

លោកបន្តថា ម្យ៉ាងទៀតក៏អាចជា ផ្តល់អំណាចផងដែរ ហើយលោកក៏ចង់ឃើញ រាជរដ្ឋាភិបាលផ្តល់ឱកាស ដោយសន្តិភាពវិធីបែបនេះដែរ។

លោកថា ការដែលរាជរដ្ឋាភិបាល កម្ពុជាប្រកាសថា មិនមែនជាដៃគូសន្ទនា ជាមួយឯកឧត្តម សម រង្ស៊ី ព្រោះស្របពេល ដែលរដ្ឋសភា បានសម្រេចដកសមាជិកភាព ឯកឧត្តមសម រង្ស៊ីចេញពីសភា ព្រោះអ្នកដែលពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីបាន គឺមានតែសមាជិកសភា តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងសំណួរថា តើការប្រកាសរបស់នាយករដ្ឋមន្រ្តីថា ជាដៃគូសន្ទនាជាមួយឯកឧត្តម កឹម សុខា ជំនួស ឯកឧត្តម សម រង្ស៊ី អាចធ្វើឲ្យបក្សប្រេះឆាទេ? អ្នកវិភាគរូបនេះបញ្ជាក់ មិនអាចឈានដល់ដំណាក់ប្រេះឆាទេ ព្រោះមុននឹងធ្វើការ សម្រេចអ្វីមួយ គឺតែងតែមានការពិភាក្សា និងមានការព្រមព្រៀងគ្នាជាមុន៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top