Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សល់២ថ្ងៃទៀត ប្រមុខបក្សកាន់អំណាច និងបក្សប្រឆាំង អំពាវនាវពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP) និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើសារដូចគ្នា ទៅកាន់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមិនទាន់បានទៅ ចុះឈ្មោះ សូមប្រញាប់រុះរាន់ ទៅបំពេញកាតព្វកិច្ច ខណៈពេលវេលា នៃការចុះឈ្មោះបោះឆ្នោត នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ។

យោងតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សូមរីករាយចុងសប្តាហ៍ កុំភ្លេចទៅចុះឈ្មោះបោះឆ្នោត នៅថ្ងៃនេះកុំខាន! នៅសល់តែ២ថ្ងៃទៀត តែប៉ុណ្ណោះ!” ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមដូចគ្នានេះ ឯកឧត្តម សម រង្ស៊ី បានមានប្រសាសន៍ថា តាមតួលេខរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) គិតមកដល់ថ្ងៃនេះ (ថ្ងៃទី២៧ ខែវិច្ឆិកា) អ្នកដែលបានចុះឈ្មោះបោះឆ្នោត មានចំនួនត្រឹមតែ ៧,៥ លាននាក់ នៅសល់ប្រមាណជិត ២,៣ លាននាក់ទៀត ដែលមិនទាន់បានចុះឈ្មោះ ។

ប្រធានគណបក្ស ប្រឆាំងរូបនេះ បានបន្តថា “សូមអ្នកដែលបាន ចុះឈ្មោះរួចហើយ ជួយក្រើនរំលឹក និងជួយណែនាំ អ្នកនៅជុំវិញខ្លួន ដែលមិនទាន់បាន ចុះឈ្មោះនៅឡើយ ឲ្យទៅចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើង ទាំងអស់គ្នា” ។

ក្នុងរបាយការណ៍ របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ បានទៅចុះឈ្មោះបោះឆ្នោតចំនួន ៧ ៥៨២ ៦២៤នាក់ (ស្ត្រី ៤ ០៧៣ ៣១១នាក់) ស្មើនឹង ៧៨,៤៦ភាគរយ ។

ពាក់ព័ន្ធនឹងការ ចុះឈ្មោះបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ បានស្នើទៅ គ.ជ.ប បន្ថែមការចុះឈ្មោះចំនួន ៣ថ្ងៃទៀត តែបញ្ហានេះត្រូវបានខាង គ.ជ.ប បានលើកឡើងថា ត្រូវពិភាក្សាគ្នាសិន ទើបសម្រេចថា ត្រូវធ្វើយ៉ាងម៉េច៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top