Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

WSSCC ថា កម្ពុជាបានយក ចិត្តទុកដាក់លើការ ប្រើប្រាស់បង្គន់អនាម័យ

ភ្នំពេញ៖ ក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យរបស់អង្គការ សហប្រជាជាតិហៅកាត់ថា (WSSCC) បានវាយតម្លៃថា មកដល់ពេលនេះកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលអត្រា នៃការប្រើប្រាស់បង្គន់អនាម័យ បានកើនដល់ជាង ៤៦ភាគរយ បើធៀបទៅនិងឆ្នាំ២០០៨ អត្រានេះមានត្រឹមតែ ៥ទៅ៧ភាគរយប៉ុណ្ណោះ ។

លោក Dave Trouba តំណាង WSSCC ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍នៅក្រោយ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្រ្ត នៃក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលបានធ្វើ នៅថ្ងៃទី១ ខែកក្កដានេះថា ” បន្ទាប់ពីរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ថវិកា ក្រោមកិច្ចសហការជាមួយ WSSCC និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួម ពីដៃគូដទៃៗទៀត តាមរយៈមូលនិធិសកល អនាម័យឃើញថា កម្ពុជាបានយកចិត្តទុក ខ្លាំងលើបញ្ហាអនាម័យជនបទ និងការយល់ដឹងមួយកម្រិត ទៀតរបស់ប្រជាពលរដ្ឋ លើបញ្ហាប្រើប្រាស់ បង្គន់អនាម័យនេះ”។ 

លោកបន្តថា WSSCC នឹងបន្តជួយកម្ពុជាលើ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្របតាមគម្រោងផែនការរយៈ ពេល៤ឆ្នាំទៀតគឺ២០១៧ ដល់២០២០ ដោយផ្អែកទៅលើតម្រូវការ ចាំបាច់របស់ក្រសួង និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត។ តែយ៉ាងណាគោលដៅរបស់ WSSCC មិនខុសពីរាជរដ្ឋាភិបាលកម្ពុជាទេ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជា មានបង្គន់ប្រើប្រាស់គ្រប់ គ្រួសារនៅទូទាំងប្រទេស។

លោកបញ្ជាក់ថា ក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ WSSCC បានវិនិយោគតាមរយៈមូល និធិសកលអនាម័យប្រមាណជាង ១១លានដុល្លារអាមេរិក ពោលគឺជាង ១លានដុល្លារក្នុង ១ឆ្នាំលើវិស័យនេះ ។ ការបណ្តាក់ទុនរួមគ្នា វិនិយោគលើវិស័យនេះ វានិងនាំឱ្យមានផល ចំណេញទាំងពេលវេលា សុខភាព កាត់បន្ថយការរំលោភបំពាន និងជួយដល់កំណើន សេដ្ឋកិច្ចគ្រួសារផងដែរ។

លោក ជា សំណាង អ្នកសម្របសម្រួលរបស់ WSSCC កម្ពុជា បានឱ្យដឹងថា WSSCC បានចូលមកកម្ពុជានៅឆ្នាំ២០០៨ និងបានជួយលើកកម្ពស់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទនៅកម្ពុជា ។ សម្រាប់ WSSCC បានរៀបចំផែនការ យុទ្ធសាស្រ្តរយៈពេល ៤ឆ្នាំទៅមុខគឺ ២០១៧-២០២០ នៅថ្ងៃនេះ គឺចង់ដឹងពីតម្រូវការរបស់កម្ពុជាថា មានអ្វីដែលត្រូវឱ្យ WSSCC ជួយបន្តទៀត ។ 

សូមបញ្ជាក់ថា ឆ្លងតាមសិក្សាមួយបង្ហាញថា បើពលរដ្ឋមិនយល់ពីសារៈសំខាន់ នៃការប្រើប្រាស់បង្គន់អនាម័យទេ វានាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ពោលគឺបញ្ហាជំងឺដង្កាត់ បញ្ហាសេដ្ឋកិច្ច និងបញ្ហារំលោភបំពានផ្សេងៗ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top