Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Free សំបុត្រ១ខែ ពីក្រុមហ៊ុនថោងស៊ីង សម្រាប់ការ ធ្វើដំណើរ ពីភ្នំពេញ ទៅស្រុក ត្រពាំងប្រាសាទ

ភ្នំពេញ៖ ដោយសារប្រេងសាំង នៅកម្ពុជាមានតំលៃសមរម្យ និងដោយសារគិតគូរ ពីការចំណាយរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង បានប្រកាស ថាខ្លួននឹងមិនយកថ្លៃសំបុត្រ (Free) រយៈពេលពេញ១ខែ សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅស្រុកត្រពាំងប្រាសាទ ខេត្ដព្រះវិហារ និងពីស្រុកត្រពាំងប្រាសាទ ខេត្ដព្រះវិហារ មករាជធានីភ្នំពេញវិញ។

លោក យ៉ាំ ស៊ីងម៉ៅ នាយកក្រុមហ៊ុន ដឹកអ្នកដំណើរថោងស៊ីង បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ថា កម្មវិធីប្រូម៉ូសិនមិនលុយថ្លៃ ធ្វើដំណើររយៈពេល១ខែនេះ ព្រោះក្រុមហ៊ុនទើបបើកខ្សែរត់ថ្មី ហើយកម្មវិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ហើយការមិនយកថ្លៃសំបុត្រ សម្រាប់ធ្វើដំណើរនេះ គឺទាំងភ្ញៀវជាតិ និងអន្ដរជាតិ។

លោកយ៉ាំ ស៊ីងម៉ៅ បន្ដ ថា ពេលបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ក៏នឹងមានការបញ្ចុះតំលៃពិសេស ៥០ភាគរយបន្ដទៀត សម្រាប់ថ្លៃសំបុត្រ ធ្វើដំណើរពីភ្នំពេញ ទៅស្រុកត្រពាំងប្រាសាទ និងពីស្រុកត្រពាំងប្រាសាទ មកកាន់រាជធានីភ្នំពេញ។

លោកនាយកក្រុមហ៊ុន ដឹកអ្នកដំណើរថោង ស៊ីង បានបញ្ជាក់ថា "ដោយសារតែខ្ញុំគិតថាទី១ ប្រទេសកម្ពុជាយើងបច្ចុប្បន្នហ្នឹង គឺតំលៃប្រេង គឺមានតំលៃទាបមែនទែនតែម្ដង អីចឹងងាយស្រួលយើង ជួយដល់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរ ដូចជាខាងក្រុមហ៊ុនទូទាំងស្រុកខែ្មរទាំងមូល អញ្ចឹងទាំងអស់ មានតែក្រុមហ៊ុនខ្ញុំតែមួយគត់ ដែលតំលៃសំបុត្រធូរថ្លៃជាងគេបង្អស់ហើយ ឡានរបស់ខ្ញុំក៏ថ្មីដែរ"។

លើសពីនេះទៀត លោក យ៉ាំ ស៊ីងម៉ៅ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោក មិនដែលឡើងថ្លៃសំបុត្រម្ដងណាឡើយ នៅក្នុង ឱកាស ពិធីបុណ្យជាតិសំខាន់ៗ ដើម្បីឲ្យស្របតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ហើយមិនត្រឹម តែប៉ុណ្ណោះទេ ថែមទាំងមិនយកថ្លៃសំបុត្រ រយៈពេល១ថ្ងៃ នៅក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ, បុណ្យសិទ្ធិនារីអន្ដរជាតិ ៨មីនា,និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

សូមជម្រាបដែរថា សម្រាប់រថយន្ដរបស់ក្រុមហ៊ុន ដឹកអ្នកដំណើរថោងស៊ីងទាំងអស់ សុទ្ធតែមានប័ណ្ណធានារ៉ាប់រងត្រឹមត្រូវ ហើយថែមទាំងមានការ Free Wi-Fi ឲ្យអ្នកដំណើរប្រើទៀតផង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top