Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទស្សនៈនិងមតិ៖ ហេតុផលដែលលោកខាងលិច មិនគួរបោះបង់ប្រទេសកម្ពុជា

ដោយ George Yeo

សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប កំពុងតែធ្វើការពិចារណា ក្នុងការដកអត្ថប្រយោជន៍សេដ្ឋកិច្ច ចេញពីប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោត ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ គណបក្សកាន់អំណាច ទទួលបានអាសនៈសភាទាំងអស់ ពីព្រោះតែគណបក្សប្រឆាំង មិនអាចដំណើការបាន។ មេដឹកនាំបក្សប្រឆាំង ត្រូវបានគេដកសិទ្ធិក្នុងការធ្វើនយោបាយ ហើយគណបក្ស របស់ពួកគេទៀតសោតត្រូវបានរំលាយ។

តាមរយៈស្តង់ដាររបស់លោកខាងលិច ការបោះឆ្នោតនៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា មានស្តង់ដារប្រជាធិបតេយ្យតិច ខណៈដែលលទ្ធផល គឺមានភាពអយុត្តិធម៌។ ទោះយ៉ាងណាគ្មានការតវ៉ាណាមួយ កើតឡើងផងដែរ។ ផ្ទុយទៅវិញ វាបែជាមានអារម្មណ៍ធូរស្បើយ ពីសំណាក់ប្រជាជនទៅវិញ នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់។

ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិងកំពុងកើនឡើង ជាលំដាប់ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុង រយៈពេល ២០ ឆ្នាំចុងក្រោយ ដែលធ្វើអោយប្រទេសនេះ ក្លាយជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក។ រាជធានីភ្នំពេញកាន់តែ ដើរតាមទីក្រុងអាស៊ីដ៏ទំនើប ដែលមានសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារខ្ពស់ៗ និងភោជនីយដ្ឋានប្រណិតជាច្រើន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការគ្មានភាពក្រីក្រធ្ងន់ធ្ងរ ខណៈដែលករណីនេះត្រូវ បានគេមើលឃើញញឹកញាប់ នៅតាមទីក្រុងធំៗនៅលើពិភពលោក។ ខេត្តសៀមរាបដែលមានបឹងទន្លេសាប បានជម្រុញវិស័យទេសចរណ៍អន្តរជាតិ ឲ្យទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលបានភ្ញៀវទេសចរ រាប់លាននាក់ជារៀងរាល់ឆ្នាំ។ ចំណែកឯ ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងឈូងសមុទ្រថៃវិញ កំពុងតែមានការរីកលូតលាស់ ជាមួយនឹងវិស័យកំពង់ផែ ក្នុងការបង្កើនចំនួនកុងតឺន័រ ដែលផ្ទុកទៅដោយសម្លៀកបំពាក់ កង់ និងផលិតផលផ្សេងៗទៀត សម្រាប់ទីផ្សារពិភពលោក។ ការវិនិយោគរបស់ប្រទេសចិន និងជប៉ុនកំពុងតែហូរចូលមក ដែលវាហាក់ដូចជា មានការប្រកួតប្រជែងរវាងគ្នានិងគ្នា។

ខ្ញុំបានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅឆ្នាំ១៩៩៩។ នៅតាមដងផ្លូវ ទៅកាន់ប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បានធ្វើការលើកឡើង ពីចំណុចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានរួចផុត ពីការវាយប្រហារមួយ កាលពីពីរសប្តាហ៍មុន។ ប្រទេសកម្ពុជានៅពេលនោះ មិនមែនជាប្រទេស ដែលមានសុវត្ថិភាពខ្លាំងនោះទេ ខណៈដែលអាវុធ មាននៅគ្រប់ទីកន្លែងទាំងអស់។

ស្រ្តីអ្នកគ្រប់គ្រងសណ្ឋាគារ ផ្នែកធនធានមនុស្សសញ្ជាតិសិង្ហបូរីមួយរូប ត្រូវប្រឈមមុខជាមួយនិងបុគ្គលិកម្នាក់ ដែលមានគ្រាប់បែកនៅក្នុងដៃ។ នៅពេលនោះ ស្រ្តីរូបនោះ ត្រូវចំណាយរយៈពេលជាងមួយម៉ោង ដើម្បីបញ្ចុះបញ្ចូលឱ្យបុគ្គលិកម្នាក់នោះ បញ្ឈប់ការប្រើប្រាស់គ្រាប់បែក។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានសួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការប៉ុនប៉ង ឆក់យកជីវិតរបស់លោក។ លោកបានឆ្លើយប្រាប់ខ្ញុំថា លោកដឹងច្បាស់ថា អ្នកណាបញ្ជាលើករណីនេះ ប៉ុន្តែលោកមិនបានតបតវិញនោះទេ ក៏ព្រោះតែគោលបំណងសំខាន់របស់លោក គឺដើម្បីទទួលបានសន្តិភាព។

បើគ្មានស្ថេរភាពនយោបាយនោះទេ ប្រទេសកម្ពុជាមិនអាចសម្រេចបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចទេ។ មានប្រទេសតិចណាស់ ដែលបានឆ្លងកាត់រឿងដ៏សែនអាក្រក់ ដូចដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧០ តាមរយៈការគាំទ្រ ដោយសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ឯក លន់ នល់ បានដឹកនាំរដ្ឋប្រហារ ប្រឆាំងនឹងសម្តេចសីហនុ ខណៈដែលសហរដ្ឋអាមេរិកយល់ថា វាជាកិច្ចការរារាំងការប្រយុទ្ធប្រឆាំង នឹងកុម្មុយនីស្តវៀតណាម។ បើគ្មានសកម្មភាព ពីព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បីឱ្យមានតុល្យភាពទេ ប្រទេសមួយនេះប្រាកដជារលាយ ទៅជាសង្គ្រាមស៊ីវិល យ៉ាងឆាប់រហ័សបាត់ទៅហើយ។ ខ្មែរក្រហមកុម្មុយនិស្ត ប្រឆាំងនឹងវៀតណាម ទទួលបានជ័យជំនះ និងបានកាន់កាប់ទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ មុនពេលដែលទីក្រុងហាណូយ ដណ្តើមកាន់កាប់សៃហ្គន នៅខែបន្ទាប់។ កងកម្លាំងសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសវៀតណាមខាងត្បូង កាលពីពីរឆ្នាំកន្លងទៅ។

ស្ថិតនៅក្នុងការគ្រប់គ្រងមនោគមន៍វិជ្ជា ក្នុងការបង្កើតសង្គមកម្ពុជាឡើងវិញ ហើយមួយផ្នែកទៀត ដោយការភ័យខ្លាចថា ប្រទេសវៀតណាម នឹងដាក់សម្ពាធមកលើប្រទេសកម្ពុជា ពួកខ្មែរក្រហម បានជម្លៀសចេញពីភ្នំពេញយ៉ាងឆាប់រហ័ស ហើយបានអនុវត្ត របបប្រល័យពូជសាសន៍ក្នុងសង្គម។ ពេលនោះ គឺជាឆ្នាំដែលប្រទេសជាតិ ធ្លាក់ទៅក្នុងកម្រិតសូន្យ ខណៈដែលគ្មានរដ្ឋមន្រ្តី មន្ត្រី មន្ត្រីជាន់ខ្ពស់កងទ័ព មេដឹកនាំជំនួញ ប្រជាជនវណ្ណៈកណ្តាល មិនមានសមាជិកគ្រួសារ ហើយសាច់ញាតិត្រូវរងទារុណកម្ម និងត្រូវបានសម្លាប់ក្នុងអំឡុងពេលនោះ។ រហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទូចឱ្យប្រទេសកម្ពុជា សងប្រាក់កម្ចីចំនួន ១៥០ លានដុល្លារដែលរដ្ឋាភិបាល របស់លោក លន់ នល់ បានយកទៅទិញស្បៀងអាហារ និងអាវុធមុនពេលអនុញ្ញាត ឱ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ប្រាក់កម្ចី ដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

ជាគោលការណ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុខចិត្តលះបង់ប្រាក់កម្ចីទាំងនេះ ទៅកាន់រដ្ឋាភិបាលអាមេរិក ចំពោះប្រាក់កម្ចីដែលយកដោយ ជនក្បត់ដែលបានបំផ្លាញប្រទេស។ ជាការពិតរដ្ឋាភិបាលសហរដ្ឋអាមេរិក មានទស្សនៈខុសគ្នាខ្លាំង។ ទោះបីជាមានការសម្លាប់ប្រជាជន ស្ទើរតែទាំងស្រុង ដោយខ្មែរក្រហម កាលពីប៉ុន្មានទសវត្សរ៍មុនក៏ដោយ សង្គមកម្ពុជា កំពុងតែមានការអភិវឌ្ឍ គួរឱ្យកត់សម្គាល់។ វាគឺជាការងើបឡើងវិញ ដែលមិនគួរឱ្យជឿ ដែលវាហាក់បីដូចជាដើមឈើមួយ ដែលនៅសល់តែគល់ ហើយបែជារីកលូតលាស់ ជាពន្លកថ្មីមកវិញ។  មូលហេតុគឺត្រូវបានរកឃើញ នៅក្នុងឫសគល់នៃសង្គមខ្មែរ។ ចក្រភពខ្មែរមានប្រវត្ដិសាស្ដ្រ ដ៏យូរលង់ណាស់ ចាប់តាំងពីសហវត្សដំបូងមកម្ល៉េះ។ ផ្ទៃដីមានទំហំ ធំជាងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលសព្វថ្ងៃលាតសន្ធឹង ដល់ប្រទេសថៃ ឡាវ និងវៀតណាម។

វាត្រូវបានផ្អែកលើប្រព័ន្ធស្មុគស្មាញ នៃការគ្រប់គ្រងទឹកនៅក្នុងតំបន់ទន្លេសាប និងដីសណ្តរទន្លេមេគង្គ។ បឹងទន្លេសាបគឺជាធនធានទឹកដ៏ធំមួយ ដែលលាតសន្ធឹងនៅពេល ដែលទន្លេមេគង្គ ស្ថិតក្នុងស្ថានភាពទឹកជំនន់ ហើយរួមតូចក្នុងអំឡុងខែដែលរាំងស្ងួត។ ក្រោមលក្ខខណ្ឌនៃសន្តិភាព សណ្ឋានដីគឺមានសភាពគ្រប់គ្រាន់ ដែលអាចជួយឱ្យអារ្យធម៌ខ្មែរដ៏អស្ចារ្យមួយ មានការរីកចម្រើន។ ប្រាសាទអង្គរវត្តមានភាពល្បីល្បាញ។ អ្វីដែលគេមិនសូវបានដឹង គឺការរកឃើញនៅភ្នំគូលែន ដែលជាទីក្រុងមួយ ដែលមានទំហំប៉ុនភ្នំពេញសព្វថ្ងៃ។ តាមរយៈរូបភាពផ្កាយរណបបង្ហាញថា អង្គរមានតំបន់ទីក្រុងឧស្សាហកម្មដ៏ធំបំផុត នៅលើពិភពលោក ក្នុងអំឡុងសតវត្សទី ១១ ដល់ ១៣។

អរិយធម៌ខ្មែរ បានផ្តល់ឱ្យប្រទេសថៃនូវវប្បធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាការបង្ហាញដ៏អស្ចារ្យមួយ ដែលត្រូវបានគេមើលឃើញ អំឡុងពេលគ្រងរាជ្យ របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីខែឧសភា នៅពេលដែលព្រះមហាក្សត្រ បានកាន់ដាវចាស់របស់ខ្មែរ ដែលជាផ្នែកមួយនៃរាជវង្ស។ នៅសតវត្សរ៍ទី១៣ អធិរាជ ម៉ុងហ្គោល Yuan Dynasty បានបញ្ជូនបេសកជនជាន់ខ្ពស់ ដែលមានឈ្មោះថា Zhou Daguan មកកាន់អង្គរ។ លោកបានស្នាក់នៅ ៣ខែនៅទីនោះ ហើយបានសរសេររៀបរាប់យ៉ាងលំអិត អំពីភាពរុងរឿងរបស់អង្គរ។ នេះគឺជាអត្ថន័យ នៃភាពអស្ចារ្យជាប្រវត្តិសាស្ត្រ ដែលពន្យល់អំពីការកើតឡើងវិញ នៃប្រទេសកម្ពុជា។ បញ្ញវន្តខ្មែរដែលបានរួចផុតពីឆ្នាំ ដែលប្រទេសជាតិត្រូវបានបំផ្លាញ ហើយក្លាយជាជនភៀសខ្លួន នៅក្នុងទឹកដីបរទេស មិនដែលភ្លេចថា ពួកគេជានរណានោះទេ ខណៈដែលមនុស្សមួយចំនួន បដិសេធមិនទទួលយកសញ្ជាតិបរទេស។

តាំងពីពេលនោះ មកមនុស្សជាច្រើន បានត្រឡប់មកកាន់ប្រទេសកំណើតវិញ។ ព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានចាកចេញ ដោយស្ទាក់ស្ទើរពីទីក្រុងប៉ារីស ជាកន្លែងដែលព្រះអង្គជាអ្នករបាំ ដ៏សប្បាយរីករាយ ក្នុងការវិលត្រឡប់ ចូលមកកាន់ប្រទេសជាតិវិញ ដើម្បីគ្រងរាជ្យជាព្រះមហាក្សត្រ ក្នុងការស្ដាររបបរាជានិយម។ ដូចគ្នាទៅនឹងជនរួមជាតិ របស់ព្រះអង្គជាច្រើន ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជ្រាបពីកាតព្វកិច្ចដ៏ជ្រាលជ្រៅ ចំពោះប្រជាជនរបស់ព្រះអង្គ។

គ្មានអ្វីដែលចម្លែកនោះទេ ដែលពួកអាណានិគមបារាំង មានការគោរពយ៉ាងខ្លាំង ចំពោះអរិយធម៌ខ្មែរ។ នៅឯសារមន្ទីរ Guimet Museum of Paris នៃទីក្រុងប៉ារីស អរិយធម៌ខ្មែរ ត្រូវបានលើកឡើង ជាការគោរពយ៉ាងអស្ចារ្យ។ លោក Jacques Chirac អតីតប្រធានាធិបតី បារាំង បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសិល្បៈមួយនេះ ហើយបានបង្ហាញចំណេះដឹង គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលលោកបានឃើញរូបចម្លាក់ខ្មែរ ដែលត្រូវបានដាក់តាំងបង្ហាញ នៅប្រទេសសិង្ហបុរី នៅពេលដែលលោក ជារដ្ឋមន្រ្តីក្រសួងការបរទេស។

នៅពេលដែលប្រទេសវៀតណាម មានការបែងចែក ដោយមានការគាំទ្រ ពីសហភាពសូវៀត ហើយបានឆ្លងចូលប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៨ ដើម្បីកម្ចាត់របបខ្មែរក្រហម មនុស្សជាច្រើនបូករួម ទាំងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ ផងដែរបានគិតថា ប្រទេសវៀតណាម ដែលគាំទ្រដោយសូវៀត នឹងក្លាយជាម្ចាស់អាណានិគមថ្មីរបស់កម្ពុជា ដែលទទួលបានពីបារាំងឥណ្ឌូចិន។ បន្ទាប់ពីរយៈពេល ១០ឆ្នាំ ស្ថិតក្រោមការសម្របសម្រួល សម្ពាធពីប្រទេសចិន សហរដ្ឋអាមេរិក និងអាស៊ាន ប្រទេស វៀតណាមបានដកថយ។ ប៉ុន្មានឆ្នាំក្រោយមក តាមរយៈការតវ៉ាទាមទារប្រាសាទព្រះវិហារ ប្រទេសថៃនិងកម្ពុជា បានឈានដល់សង្គ្រាមនៅឆ្នាំ២០០៨។

ក្នុងសមរភូមិ ទាហានខ្មែរក្រហមដ៏ខ្លាំងក្លានៅខាងកម្ពុជា អាចនឹងក្លាយជាកម្លាំង ដែលសំខាន់សម្រាប់ តទល់នឹងកម្លាំងថៃ។ តាមរយៈការទទួលខុសត្រូវល្អៗរបស់អាស៊ាន ការយល់ដឹង និងសន្តិភាពត្រូវបានរក្សា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាបស្ចឹមប្រទេស សម្ដែងការព្រួយបារម្ភថា ប្រទេសកម្ពុជា កំពុងតែមានការជិតស្និទ្ធនឹងប្រទេសចិន ដែលរីកលូតលាស់ខាងសេដ្ឋកិច្ច។ នៅពេលដែលប្រទេសកម្ពុជា រារាំងបញ្ហានៃសេចក្តីថ្លែងការណ៍រួម ដោយរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពី  សមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០១២ និង ២០១៦ មនុស្សជាច្រើនយល់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីផ្គាប់ចិត្តប្រទេសចិន។

ស្របពេលដែលប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ ដែលកើតឡើងពីទំនាក់ទំនងល្អ ជាមួយប្រទេសចិន និងលើកទឹកចិត្តដល់ការវិនិយោគរបស់ចិន លើហេដ្ឋារចនាសម្ព័ន្ធនិងផលិតកម្ម ប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលជំនួសដោយចិន លើសពីការអនុញ្ញាត ឱ្យមានអំណាចក្នុងតំបន់ ឬអន្តរជាតិណាមួយឡើយ។

សហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កំពង់ផែនិងការអភិវឌ្ឍ អាកាសយានដ្ឋានថ្មីក្នុងក្រុងព្រះសីហនុ ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន នឹងប្រែក្លាយទៅជាមូលដ្ឋានយោធាចិន។ តាមរយៈការស្វាគមន៍ ការត្រួតពិនិត្យទីតាំងដោយផ្ទាល់ ពីសហរដ្ឋអាមេរិក នៅតាមទីតាំងនានា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា វាគ្មានអ្វីដែលត្រូវលាក់បាំងទេ។

នៅពេលដែលទន្លេមេគង្គ គឺជាបន្ទាត់បែងចែករវាងពិភពលោកពីរ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ប្រទេសកម្ពុជាគឺជាកន្លែងមួយ ដែលត្រូវបានដណ្ដើមយកកាន់កាប់ ដោយប្រទេសមហាអំណាច។ ដោយហេតុថា ស្ថានភាពផ្ទៃដីភាគច្រើនរាបស្មើ ពីទីក្រុងហូជីមិញទៅទីក្រុងបាងកក រាល់ប្រទេសទាំងឡាយណា ដែលគ្រប់គ្រងប្រទេសកម្ពុជា បានគំរាមកំហែង ដល់ប្រទេសជិតខាងរបស់ខ្លួន។ វាបានក្លាយជាវាលពិឃាត ក្នុងរបបប្រល័យពូជសាសន៍ អស់រយៈពេលជាច្រើនឆ្នាំ។

ដោយមានសន្តិភាព និងការពង្រីកអាស៊ាន ក្នុងការរួមបញ្ចូលតំបន់ឥណ្ឌូចិនទាំងអស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងតែទទួលបានអត្ថប្រយោជន៍ ពីកំណើនទេសចរណ៍ ផលិតកម្ម និងកសិកម្ម។ ប្រទេសនេះ ក៏កំពុងតែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ចូន ដែលតភ្ជាប់ប្រទេសវៀតណាមទៅប្រទេសថៃ និងប្រទេសឡាវ ទៅកាន់សមុទ្រផងដែរ។ គ្មានប្រទេសអាស៊ានណាមួយ ចង់ឲ្យតំបន់អាស៊ីអាគ្នេយ៍ ក្លាយជាតំបន់ ដែលត្រូវបានបែងចែកទៀតទេ ជាពិសេសប្រទេសកម្ពុជា។

ប្រឆាំងនឹងស្ថានភាពប្រវត្តិសាស្រ្តនេះ វានឹងក្លាយជាកំហុសមួយ ដែលអាមេរិកនិងអឺរ៉ុប ត្រូវចាត់វិធានការធ្ងន់ធ្ងរ ប្រឆាំងនឹងកម្ពុជា។ រួមជាមួយ និងប្រទេសមហាអំណាចផ្សេងទៀត សហរដ្ឋអាមេរិកនិងអឺរ៉ុប បានចូលរួមចំណែក ក្នុងការធ្លាក់ចុះនៃប្រទេសជាតិ ដល់កម្រិតសូន្យ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកនិងអឺរ៉ុប បានផ្តល់ជំនួយនយោបាយ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលធ្វើឱ្យប្រទេសកម្ពុជា អាចមានលទ្ធភាព ដូចដែលយើងបានឃើញសព្វថ្ងៃនេះ។ ជំនួយរបស់សហរដ្ឋអាមេរិក ក្រោមប្រព័ន្ធ អនុគ្រោះ ពន្ធ ទូទៅ ផ្នែក ពាណិជ្ជកម្ម GSP និងជំនួយរបស់អ៊ឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ‍»(EBA) នឹងត្រូវបានលុបចោល នៅពេលដែលប្រទេសកម្ពុជា ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប។ ការដែលប្រព័ន្ធទាំងនេះ ត្រូវបានបញ្ចប់មុនពេលកំណត់ វាអាចបង្កជាគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា និងបណ្តាលឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបបាត់បង់សុច្ឆន្ទៈ។

ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន លើការវិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ពួកគេមិនគួរវិនិច្ឆ័យប្រទេស ដោយឈរលើរូបភាពមួយចំនួន ដែលកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវមើលឲ្យកាន់តែទូលំទូលាយ អំពីអ្វីដែលកើតឡើង នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីយុទ្ធនាការវាយលុក បុណ្យចូលឆ្នាំ នៅវៀតណាមខាងត្បូងក្នុងឆ្នាំ១៩៦៩ នៅពេលដែលប្រទេសចិន បានដាក់ទណ្ឌកម្មលើប្រទេសវៀតណាម ចំពោះការលុកលុយប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧៩ នៅពេលដែលវៀតណាម ដកខ្លួនចេញក្នុងឆ្នាំ១៩៨៩ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរួចផុតពីការធ្វើឃាតក្នុងឆ្នាំ១៩៩៩ នៅពេលដែលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានរួចផុតពីវិបត្តិហិរញ្ញវត្ថុសកល ក្នុងឆ្នាំ ២០០៩ និងអ្វីដែលប្រទេសកម្ពុជាមានសព្វថ្ងៃ។

ទោះបីជាការបោះឆ្នោត ដែលរៀបចំ ដោយ អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ គឺជាព្រឹត្តិការណ៍សំខាន់មួយ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជាក៏ដោយ ក្រុមដ៏ទៃផ្សេងៗ បានបន្តប្រយុទ្ធប្រឆាំងនឹងគ្នាទៅវិញទៅមក។ វាជាការលើកលែងទោស ដោយផ្អែកលើគោលនយោបាយឈ្នះឈ្នះ ដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើការដែលលោកបានគ្រប់គ្រង ក្នុងការមិនធ្វើសកម្មភាពប្រឆាំងនឹងបុគ្គល ដែលមានបំណងចង់សម្លាប់រូបលោក ដែលទីបំផុត បានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៩៩ និងធ្វើឱ្យប្រទេសជាតិ មានសន្តិភាពនិងការអភិវឌ្ឍ ជាបន្តបន្ទាប់។

គួរបញ្ជាក់ឲ្យដឹងផងដែរថា អ្វីដែលប្រទេសកម្ពុជាសម្រេចបាន ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយបន្ទាប់ពី សង្គ្រាមអស់រយៈពេលជាច្រើនទសវត្ស នេះគឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណា មិត្តទាំងឡាយរបស់កម្ពុជា គួរតែចងចាំថា ប្រទេសនេះ នៅតែស្ថិតនៅក្នុងដំណាក់កាលមួយ ដែលផុយស្រួយ។ យើងគួរតែជួយប្រទេសជាតិ ឱ្យមានការរីកចម្រើន ក្នុងទិសដៅត្រឹមត្រូវ មិនមែនធ្វើឱ្យមានដំណើការរីកចំរើន កាន់តែមានភាពពិបាកនោះទេ។ តាមទស្សនវិស័យ របស់បស្ចិមប្រទេស ប្រទេសជាច្រើនក្នុងអាស៊ាន មិនមានភាពល្អគ្រប់គ្រាន់ ទៅនឹងស្តង់ដារបស់ប្រទេសខ្លួននោះទេ ប៉ុន្តែវានឹងក្លាយជារឿង ដែលខុស ដើម្បីធ្វើឱ្យប្រទេសទាំងនេះចុះខ្សោយ។ ជាការពិតណាស់ វាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសលោកខាងលិច ក្នុងការគាំទ្រដល់អាស៊ាន ដែលមិនមែនជាសម្ព័ន្ធ ដែលពឹងផ្អែកលើប្រទេសមហាអំណាច ជាមួយនិងសេដ្ឋកិច្ចរស់រវើក។

(លោក George Yeo គឺជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០០៤ និងជារដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ ២០០៤ ដល់ ២០១១)

ប្រភពៈ កាសែតខ្មែរថាមស៍

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top