Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្តេចតេជោ សម្រេចឲ្យមាន ចំណតរថយន្ត ក្រោមដីនៅភ្នំពេញ

ភ្នំពេញ ៖ ក្រោយរថយន្ដមួយចំនួន ក្នុងរាជធានីភ្នំពេញចតគ្មាន សណ្ដាប់ធ្នាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យភាគីពាក់ព័ន្ធជា ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាបង្កើតចំណតរថយន្តក្រោមដី តាមរយៈក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកាត់បន្ថយការ កក់ស្ទះចរាចរណ៍ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា បញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ កំពុងតែកើតមានឡើង ដោយមានទាំងរថយន្តតូច-ធំ ចតពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់លើចិញ្ចើមថ្នល់ និងលើផ្លូវសម្រាប់សាធារណជន ដើរឆ្លងកាត់ជាដើម។

សម្ដេចមានប្រសាសន៍ថា “ឥឡូវកំពុងឲ្យសិក្សាសួនច្បារមួយ ចំនួនដែលអាចធ្វើបាន ប្រគល់ឲ្យវិស័យឯកជន ជីករុងក្រោមដីធ្វើ៣ ឬ៤ ជាន់ទៅក្រោមដី ហើយនាំគ្នាធ្វើកន្លែងដាក់ឡាន” ។

សម្ដេចបន្ដថា ចំពោះការសាងសង់វិញ ត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយការទទួលខុសត្រូវ លើសុវត្ថិភាពជាចម្បង ព្រោះចំណតរថយន្តក្រោមដី មិនត្រឹមតែជួយសម្រួលដល់សណ្តាប់ ធ្នាប់ចរាចរណ៍ទេ ប៉ុន្តែនឹងជួយ លើកសោភ័ណភាពក្រុង ឲ្យកាន់តែស្រស់ស្អាត មួយកម្រិតថែមទៀត៕ ដោយ ៖ អេង ប៊ូឆេង

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top