Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឆ្នាំ២០២០ ចំណូលពន្ធ ពីកាស៊ីណូ នឹងថយចុះ ដោយសារបិទ ល្បែងអនឡាញ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៅលោក ពេជ្រ ស្រស់ថា ចំណូលពន្ធដារ បានពីកាស៊ីណូនៅឆ្នាំ២០១៩ មានជាង៥០លានដុល្លារ ប៉ុន្តែនឹងថយចុះវិញ នៅឆ្នាំ២០២០ ខាងមុខ ដោយសារតែបិទល្បែងអនឡាញ (Online)។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអាជីវកម្មល្បែងអនឡាញ នៅទូទាំងកម្ពុជា ក្រោយមើលឃើញថា ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើប្រាស់ល្បែងនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស។

ក្នុងកិច្ចប្រជុំជាមួយក្រសួង សេដ្ឋកិច្ច លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា ចំណូលពន្ធដារបានពីកាស៊ីណូនៅក្នុងឆ្នាំ២០១៩ គឺប្រមូលបានជាង៥០លានដុល្លារអាមេរិក ក៏ប៉ុន្តែនឹងថយចុះវិញនៅឆ្នាំ ២០២០ ដោយសារតែបិទល្បែងនៅតាម Online”។

សម្រាប់កិច្ចប្រជុំនេះលោក ពេជ្រ ស្រស់បានសួរសំណួរមួយចំនួនផងដែរ ពាក់ព័ន្ធទៅចំណូលថវិកាជាតិលើវិស័យនានា ។ ក្នុងនោះ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ចំណូលបានមកពីការបូមប្រេងកាត១០ឆ្នាំដំបូង ព្រាងទុកគឺប្រមាណជា១០០០ លានដុល្លារ សម្រាប់តែនៅក្នុងតំបន់ប្លុក A។

ចំពោះថវិកាជាតិបច្ចុប្បន្ន ក្នុងរតនាគារជាតិ សល់ពីចំណាយប្រចាំឆ្នាំកន្លងមក មានជាង៣ពាន់លានដុល្លារ ។ នេះបើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top