Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មន្ត្រីនិងបុគ្គលិក ស្តារនីតិសម្បទា ប.ស.ស. ទទួលការពង្រឹងសមត្ថភាព លើអ្នកឯកទេសស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រ សម្រាប់គ្រោះថ្នាក់ការងារ

ភ្នំពេញ៖ យោងតាមរបាយការណ៍​ ពីការិយាល័យស្តារនីតិសម្បទា បានឱ្យដឹងថា៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់GB នៃបេឡាជាតិរបបសន្តិសុខសង្គម លោក ធួង សំណាង អនុប្រធានការិយាល័យ ស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការចែករំលែក នូវបទពិសោធន៍ជំនាញមួយចំនួន ដល់មន្ត្រីនិងបុគ្គលិក ដែលរួមការងារនៅក្នុងការិយាល័យ ប្រមាណជាង២០នាក់ ។

ការចែករំលែក នូវបទពិសោធន៍ជំនាញនេះ ធ្វើឡើង បន្ទាប់ពីលោក ធួង សំណាង​ បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព លើអ្នកឯកទេសស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រ សម្រាប់គ្រោះថ្នាក់ការងារ (Capacity-Building for Medical Rehabilitation Specialist against Industrial Accident) នៅសាធារណៈរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ ដែលរៀបចំឡើង ដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណៈរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភគាំទ្រ ដោយភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ(KOICA) ក្នុងគោលបំណងពង្រឹងបន្ថែម សមត្ថភាពមន្ត្រីនិងបុគ្គលិក ដើម្បីផ្តល់សេវាស្តារនីតិសម្បទា ដល់សមាជិក ប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

សំរាប់ខ្លឹមសារ នៃការចែករំលែកនោះរួមមាន ៖ ការផ្តល់សេវាស្តារនីតិសម្បទា ដល់កម្មករដែលស្ថិតនៅក្រោម WCI (Workers Compensation Insurance)នៅក្នុងប្រទេសកូរ៉េ គ្រប់គ្រងនិងផ្តល់សេវា ដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ(COMWEL)។

ការផ្តល់សេវាស្តារនីតិសម្បទា ដែលធ្វើឡើងនៅតាមមន្ទីរពេទ្យ ស្តារនីតិសម្បទារបស់ COMWELផ្ទាល់ ដោយផ្តោតសំខាន់ ទៅលើការជួយកម្មករ ដែលទទួលរងគ្រោះថ្នាក់ការងារ ។ បន្ទាប់ពីទទួលសេវាស្តារនីតិសម្បទា វេជ្ជសាស្ត្ររួច  ពួកគេអាចវិលត្រឡប់ ទៅបំពេញការងារវិញ ឬត្រឡប់ចូលទៅក្នុងសង្គមវិញបាន។   

ចំពោះកម្មវិធី ផ្តល់សេវាស្តារនីតិសម្បទា នៅប្រទេសកូរ៉េវិញ ចែកចេញជាបីប្រភេទគឺ សេវាស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រ (Medical Rehabilitation), សេវាស្តារនីតិសម្បទា ផ្នែកសង្គម (Social Rehabilitation and welfare), និងសេវាស្តារនីតិសម្បទា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation)
- សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ (Medical Rehabilitation) ជួយដល់កម្មករ ដែលទទួលរងគ្រោះថ្នាក់ការងារ ដើម្បីស្តារឡើងវិញ នូវមុខងារនៃរាងកាយ និងជួយកាត់បន្ថយនូវកម្រឹតពិការភាព។
- សេវាស្តារនីតិសម្បទាផ្នែកសង្គម (Social Rehabilitation and Welfare) ជួយដល់ជនពិការ អាចគ្រប់គ្រងការភ័យខ្លាច និងភាពតានតឹងពីគ្រោះថ្នាក់ នៅកន្លែងការងារការងារ និងដើម្បីអាចវិលត្រឡប់ ចូលទៅក្នុងសង្គមវិញ។
- សេវាស្តារនីតិសម្បទា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation) ជួយគាំទ្រដល់ជនពិការ អាចវិលត្រឡប់ទៅបំពេញការងារវិញ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top