Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្មវិធីសប្បុរសធម៌ បែបទំនើប “អ្នកជាវីរបុរស” របស់វីតាល់ បានត្រលប់មកវិញ ជាថ្មីម្ដងទៀត ! 

ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ភាពជោគជ័យជាខ្លាំង លើគម្រោង “អ្នកជាវីរបុរស” កាលពីខែមេសាកន្លងទៅនេះ ដោយបានរៃអង្គាសបានថវិកា ៨,៦៥០ដុលា្លរ បរិច្ចាគដល់មន្ទីរ ពេទ្យកុមារអង្គរ ខេត្តសៀមរាប ។ វីតាល់បានសម្រេចបន្ត គម្រោងសប្បុរសធម៌ «អ្នកជាវីរបុរស» ជាលើកទី២ ដោយមានការសំណូមពរជាច្រើន ពីអតិថិជន ក៏ដូចជា ប្រិយមិត្ត នៅតាមបណ្ដាញសង្គម ដែលបានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ នេះនៅផ្សារទំនើបអ៊ីដេនហ្គាដិន ។ 

“អ្នកជាវីរបុរស” គឺជាគម្រោងសប្បុរសធម៌មួយ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅ អាចរួមចំណែក ក្នុងការបរិច្ចាគជាថវិកា ជាលក្ខណៈបុគ្គលចូលក្នុង មូលនិធិគន្ធបុប្ផាកម្ពុជា ដោយគ្រាន់ជាវទឹកវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិ ទាំង១៨ទូ នៅទូទាំងរាជធានី ។ គម្រោងលើកទី ២នេះមានរយៈពេល ១ឆ្នាំពេញ ដោយយើងរំពឹងថា នឹងទទួលបានថវិកា កាន់តែច្រើនជាងមុន ដើម្បីបំពេញតម្រូវការដល់ការប្រើប្រាស់មន្ទីរពេទ្យគន្ធបុប្ផា ។  ការបង្កើតគម្រោងនេះឡើង គឺផ្អែកលើគោលបំណងធំៗ៣គឺៈ
•ដើម្បីពង្រឹងវប្បធម៌ ចែករំលែកជាលក្ខណៈបុគ្គល
•ផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ ជាមួយនឹងម៉ាស៊ីន បែបទំនើប
•ប្រមូលថវិកា តាមរយៈការលក់ទឹក ចូលរួមចំណែកក្នុងការជួយព្យាបាល កុមារក្រីក្រកម្ពុជា ជាមួយមន្ទីរពេទ្យគន្ធបុប្ផា
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ”វីតាល់” បានមានប្រសាសន៍ថា ផ្អែកលើមូលនិធិ២៥៛ វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើប នេះជាលើកទី២ ហើយលោកស្រី សង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមពីអ្នកគាំទ្រគ្រប់ទិសទី អោយបានកាន់តែច្រើនជាងមុន ។

លើសពីនេះ លោកស្រី ក៏បានថ្លែងអំណរគុណ ដល់អតិថិជនវីតាល់ តែងតែចូលរួមចំណែក នៃគ្រប់ការងារមនុស្សធម៌ និងស្នើសុំអោយមានការ ចូលរួមគាំទ្រគម្រោងមួយនេះ  ដើម្បីអាចអោយវីតាល់ ប្រមូលបានថវិកាសម្រាប់ជួយផ្គត់ផ្គង់ដល់ មូលនិធិគន្ធបុប្ផា ក្នុងកិច្ចការងារគាំពារ និងព្យាបាលកុមារកម្ពុជា អោយបានប្រសើរ ។ 

លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយិកាប្រតិបត្តិ មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងក្តីសប្បាយរីករាយ ដោយមោទនភាព ចំពោះការសហការជាមួយវីតាល់ សម្រាប់គម្រោងកម្មវិធី «អ្នកជាវីរបុរស» លើកទី២ ។ លោកស្រីមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជួយផ្សព្វផ្សាយ អំពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាស ដល់សាធារណជនចូលរូម ក្នុងការបរិច្ចាគចូលក្នុងមូលនិធិ សម្រាប់មន្ទីរពេទ្យ ថែមទៀតផង។ 
លោកស្រី ក៏បានស្ងើចសរសើរដល់ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនក្នុងស្រុកគម្រូ យកចិត្តទុកដាក់ចំពោះសកម្មភាពមនុស្សធម៌ជាច្រើន ជាពិសេសជាមួយមូលនិធិគន្ធបុប្ផា។ ហើយចំពោះថវិកាដែលបានបរិច្ចាគលើកនេះ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សម្រាប់កុមារកម្ពុជា ។ 

គួរបញ្ជាក់ផងដែរថា នេះជាគម្រោងថ្មីមួយរបស់វីតាល់ ដើម្បីរៃអង្គាសថវិកា ផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផា បន្តបន្ទាប់គម្រោងជាច្រើន ដែលបានធ្វើឡើងកន្លងមកដូចជា ការជិះកង់ប្រចាំឆ្នាំ នៅខេត្តសៀមរាប ការចុះឈ្មោះបុគ្គលិកទាំងអស់ របស់វីតាល់ ចំនួន ៨០៨នាក់ ជាសមាជិកប្រចាំឆ្នាំ រួមនឹងសកម្មភាពដទៃជាច្រើនទៀត ។

ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ប្តេជ្ញាថា នឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់ ។  

 អតិថិជនគ្រាន់ តែជាវទឹកពិសាវីតាល់ មានន័យថា អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក នៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន។

«វីតាល់មោទនភាពផលិតផលជាតិ» ៕

  •  

  •  
  •  

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top