Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកជំនាញ៖ ការផ្គត់ផ្គង់ ទីកន្លែងតាំងពិព័រណ៍ ផលិតផលនានា នៅកម្ពុជា នៅមិនទាន់អាចឆ្លើយតប នឹងតម្រូវការ

ភ្នំពេញ៖ ការផ្គត់ផ្គង់ទីតាំង សម្រាប់ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផល នានានៅកម្ពុជា នាពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញ​អះអាង បញ្ជាក់ប្រាប់ថា នៅមិនទាន់អាចផ្គត់ផ្គង់ តម្រូវការទីផ្សារបាន គ្រប់គ្រាន់ នៅឡើយទេ ខណៈដែលអ្នកវិនិយោគមួយចំនួន ធំហាក់ព្រងើង កន្តើយមិនចាប់អារម្មណ៍ នឹងមុខជំនួញមួយនេះ។

សម្រាប់តែនៅក្នុងរាជធានីភ្នំពេញ នៅពេលនិយាយពីព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ផលិតផលនានា ភាគច្រើនគេតែង នឹកឃើញដល់ទីតាំងមិនលើសពី២-៣ កន្លែងតែប៉ុណ្ណោះ ក្នុងនោះរួមមានដូចជាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងសណ្ឋាគារមួយចំនួនទៀត ដែលមានទីធ្លាធំទូលាយ ដូចជាសណ្ឋាគារសុខាភ្នំពេញ និងសណ្ឋាគារសូហ្វីតែលជាដើម។

នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ធួន ស៊ីណាន បានមានប្រសាសន៍បញ្ជាក់ប្រាប់ថា ទីតាំងសម្រាប់ប្រារព្វពិធីពិព័រណ៍ ត្រូវបានគេចែកចេញ ជា២ប្រភេទ គឺទីតាំងខាងក្នុង និងទីតាំងខាងក្រៅ។ លោកបានបន្តទៀតថា ទីតាំងខាងក្នុងគឺសំដៅដល់ទីតាំងទាំងឡាយណា ដែលមានទីធ្លាធំទូលាយ និងត្រូវបានបិទជិត មានសុវត្ថិភាព ពីគ្រោះធម្មជាតិដូចជាខ្យល់ ភ្លៀង និងកំដៅថ្ងៃដែលមានទំហំចាប់ ពី១០០០ម៉ែត្រការ៉េឡើងទៅ ប៉ុន្តែទីតាំងខាងក្រៅ គឺទីកន្លែងនៅវាល ខាងក្រៅមិន មានរោងបិទបាំង តែអាចសមល្មមនឹង ការធ្វើស្ដង់សម្រាប់ដាក់តាំង បង្ហាញ ឬលក់ផលិតផល បាន”។

លោកធួន ស៊ីណាន បានបន្តទៀតថា “បច្ចុប្បន្ននេះនៅទូទាំងប្រទេសកម្ពុជា ការផ្គត់ផ្គង់ទីតាំងសម្រាប់ប្រារព្វពិធីតាំងពិព័រណ៍ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយនោះទេ ខណៈដែលត្រូវការទីផ្សារមានច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ”។ លោកបានបន្តទៀតថា “ជាធម្មតាគ្រប់ក្រុមហ៊ុនដែលចូលរួម នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ គឺពួកគេមាន បំណងតែមួយគត់ គឺធ្វើយ៉ាងណាបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ជាមួយនឹងការទទួលបានដៃគូវិនិយោគរួមបន្ត ឬដៃគូចែកចាយ ដែលមិនមែនត្រឹមតែ ជាការបង្ហាញម៉ាកសញ្ញាតែមួយមុខនោះទេ”។

លោកបានបញ្ជាក់ថា សម្រាប់ អ្នកវិនិយោគនៅក្នុងការផ្គត់ផ្គង់ ទីតាំងជួល ក៏ដូចជាគ្នា ត្រូវតែគិតទៅលើទីផ្សារជាធំ ដែលប្រៀបដូច ជាការវិនិយោគទៅលើសណ្ឋាគារយ៉ាងដូច្នោះដែរ ដែលចាំបាច់ត្រូវតែគិត ពិចារណាជាមុន ទៅលើទីតាំង ដែលមានតម្រូវការពិតប្រាកដ ជាជាងការវិនិយោគតាមគ្នា ដោយគ្មាន គោលដៅ និងគ្មានការសិក្សាច្បាស់លាស់នោះទេ”។
នៅប្រទេសជិតខាង ការផ្គត់ផ្គង់ទីតាំងសម្រាប់ ពិធីតាំងពិព័រណ៍ គឺមានវិសាលភាពខ្លាំង ហើយអ្នកវិនិយោគអាចទាញ យកផលប្រយោជន៍ បន្ថែមពីការជួលទីតាំង ដូចជាទទួលបានចំណូល ពីស្នាក់នៅក្នុងរយៈពេលខ្លី (បន្ថែមការវិនិយោគផ្នែកសណ្ឋាគារ) ទទួលបានពីផ្នែកអាហារដ្ឋាន (បង្កើតអាហារដ្ឋានស្ថិតនៅមណ្ឌលពិព័រណ៍) ហើយក៏អាចទទួលបានចំណូលពីវិស័យ ដឹកជញ្ជូនមួយ ចំណែកទៀតផងដែរ។

លោកធួន ស៊ីណាន បានមានប្រសាសន៍ បង្ហើបប្រាប់ឱ្យដឹងថា ដោយសារការមើលឃើញពីឱកាសក្នុងការវិនិយោគ នៅត្រឹមដើមឆ្នាំ២០២០ឆាប់ៗខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងចូលខ្លួនមកផ្គត់ផ្គង់ក្នុងវិស័យនេះ ដោយមានការបែងចែកនូវពេលវេលាច្បាស់លាស់ នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លំដាប់អន្តរជាតិចំនួន ១២ ដង ក្នុងមួយឆ្នាំ(១ខែម្ដង) និងការតាំងពិព័រណ៍ខ្នាតតូច និងមធ្យម ប្រចាំសប្ដាហ៍ ដើម្បីបង្កភាពងាយស្រួលដល់បណ្តាក្រុមហ៊ុន ក៏ដូចជាម្ចាស់អាជីវកម្មនានា ក្នុងការទទួល បានដៃគូវិនិយោគបន្ត។

លោកបានបញ្ជាក់ថា “គ្រប់បណ្តាក្រុមហ៊ុនទាំងអស់ដែលចូលរួមនៅក្នុងការបង្ហាញផលិតផល នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងទទួលបានឱកាសនៃចំណែកទីផ្សារពីការប្រឹក្សា យោបល់ និងជួលស្វែងរកប ណ្តាញទីផ្សារ និងការលក់បន្ត តាមរយៈក្រុមការងារជំនាញប្រចាំនៅមជ្ឈមណ្ឌលផ្ទាល់តែម្ដង។

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា គ្រប់ផលិតផលទាំងអស់ដែលអាចទទួលបានចំណែកទីផ្សារស្របតាមគោលដៅ លុះត្រាតែការផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញផលិតផលនៅកន្លែងដែលមានសក្ដានុពល និងមានប្រសិទ្ធភាព។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់ថា ការផ្គត់ផ្គង់ទីតាំងសម្រាប់រៀបចំពិព័រណ៍នៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ គឺមានភាពខ្វះខាតពិតមែន ប៉ុន្តែក៏មានហេតុផលរបស់វាផងដែរ។

លោកបានបន្តទៀតថា “យើងទទួលស្គាល់ថា ការផ្គត់ផ្គង់នៅក្នុងផ្នែកមួយនេះមានភាពខ្វះខាតច្រើន ដែលនៅក្នុងរាជធានីភ្នំពេញ មានត្រឹមតែប៉ុន្មានទីតាំងតែប៉ុណ្ណោះ”។ លោកបានបន្តទៀតថា “ការដែលជំរុញឱ្យអ្នកវិនិយោគមើលរំលង ហើយទៅបណ្តាក់ទុនលើផ្នែកដទៃទៀត ក៏ព្រោះតែវិស័យនេះ មានទីផ្សារតាមរដូវកាលតែប៉ុណ្ណោះ ដែលវាខុសពីការវិនិយោគដទៃទៀត ដែលអាចទទួលបានចំណូលជាប្រចាំខែ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top