Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូនស្រីលោក កឹម សុខា ឲ្យកូនខ្មែរជំនាន់ក្រោយ ថែរក្សាកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ ៖ ថ្ងៃស្អែកនេះ គឺជាថ្ងៃប្រារព្ធកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១លើកទី២៨ឆ្នាំ ជាហេតុធ្វើឲ្យ កញ្ញា កឹម មនោរវិទ្យា ដែលជាកូនស្រីច្បង របស់លោក កឹម សុខា បានឲ្យកូនខ្មែរជំនាន់ក្រោយ គ្រប់និន្នាការចូលរួមថែរក្សាកិច្ច ព្រមព្រៀងសន្តិភាពមួយនេះ។

កញ្ញាបានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃ២២ តុលា ថា “កេរ្តិ៍ដំណែលមួយ ដែលជាមោទកភាពរបស់ខ្មែរគ្រប់ៗរូប មិនថាភាគីណា គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះជាអ្វីដែលយើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយពីគ្រប់និន្នាការ គួរថែរក្សានិងគោរព។ នេះហើយជាឯកភាព្យជាតិ ពិតប្រាកដ” ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា ដែលមានភាគីជម្លោះកម្ពុជាចំនួន ៤ បានចុះហត្ថលេខានៅទីក្រុ ងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង ២ទសវត្សរ៍មក ។

កិច្ចព្រមព្រៀង២៣ តុលា ទើបកម្ពុជាមានលទ្ធភាព កសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោតមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមាន កងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជា ជាពិសេសបាន យាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top