Thursday, Apr 18th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

​នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤នាក់ ពី​បទ​ផ្សព្វផ្សាយ​ ​ខិត្ត​បណ្ណ​ រូបភាព​អាសអាភាស​

ភ្នំពេញ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល ​រដ្ឋបាល​សង្កាត់​លេខ​២​ សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ​​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​៤​នាក់​ ពី​បទ​ផ្សព្វផ្សាយ​ខិត្ត​បណ្ណ ​រូបភាព​អាសអាភាស​ នៅថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ចំណុច​ភ្នំ​ខៀវ​ ក្នុង​ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ចិន​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​ ទី​១-​ឈ្មោះ​ Xiang​ zi​ អាយុ​ ១៩​ឆ្នាំ​ ភេទ​ស្រី​,​ ទី​២-​ឈ្មោះ​ Chao​ jian​ ring​ អាយុ​ ១៨​ឆ្នាំ​ ភេទ​ស្រី​,​ ទី​៣-​ឈ្មោះ​ Liu​ xiong​ fei​ អាយុ​ ២៧​ឆ្នាំ​ ភេទ​ប្រុស​ និង​ទី​៤-​ឈ្មោះ​ Duan​ yu​ cheng​ អាយុ​ ៣៦​ឆ្នាំ​ ភេទ​ប្រុស​ ។​ បាន​ធ្វើ​សកម្មភាព​ ដោយ​ចត​រថយន្ត​នៅ​ចំណុច​ខាងលើ​ ក្នុង​គោលបំណង​ ចែក​ខិត​បណ្ណ​ផ្សព្វផ្សាយ​រូប​អាសអាភាស​ ។​

​ពេល​សមត្ថកិច្ច​ត្រួតពិនិត្យ ​ពួក​គាត់​បាន​កាន់​ខិត​បណ្ណ​ ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​ ក្នុង​ន័យ​បង្កប់​សេវា​ផ្លូវភេទ​ ទម្លាក់​ចុះ​ពី​តាប​ឡូ​រថយន្ត​មក​ក្រោម​ ឃើញ​សភាព​បែប​នេះ​កម្លាំង​ជំនាញ ​បាន​នាំ​ពួក​គាត់​មក​ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើការ​សាកសួរ​ តែ​ពួក​គាត់​មិន​ព្រម​សហការ​ ជាមួយ​សមត្ថកិច្ច​ឡើយ ​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាងៈ​ ទូរស័ព្ទ​ចំនួន​៤​គ្រឿង​,​ ខិត្តបណ្ណ​មាន​រូប​អាសអាភាស​ចំនួន​ ៦៨៤​សន្លឹក​ និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2O-8959​ ។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ កំពុង​បន្ត​តាម​នីតិវិធី​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top