Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អភិបាលខេត្តកំពង់ចាម ចាត់វិធានការបញ្ចប់ទឹកតែ ទឹកប្រហុក ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំ សង្កាត់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា ការដេញថ្លៃតាមព្រៃចេក ចែកទឹកតែ ទឹកប្រហុក ត្រូវបញ្ចប់ចាប់ពីថ្ងៃនេះតទៅ ។

ក្នុងវិធានការណ៍ដ៏ម៉ឺងម៉ាត់នេះ លោក អភិបាលខេត្តបានថ្លែង ក្នុងពេល ចុះសង្កេតដោយផ្ទាល់ នូវដំណើរការដេញថ្លៃ គម្រោង មូលនិធិឃុំសង្កាត់ចំនួន២១ គម្រោង ដេញពីរស្រុក គឺស្រុកបាធាយ និងស្រុកជើងព្រៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ។ 

លោក អភិបាលខេត្ត បានថ្លែងថា កន្លងមកជាងមួយឆ្នាំ លោក ធ្លាប់មានការឈឺចាប់ដោយ ទទួលបានព័ត៌មានថា ការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ សម្បូរអ្នកដេញថ្លៃតាមព្រៃចេក មិនសូវមានអ្នកម៉ៅការចូលរួម ដេញថ្លៃក្នុងកន្លែងដាក់សំណើ ដេញថ្លៃដោយមានការ ប្រកួតប្រជែងនោះទេ ជាងនេះ ទៅទៀត លោក ក៏ធ្លាប់បានទទួលពាក្យបណ្តឹង ជាបន្តបន្ទាប់អំពីការរារាំង អ្នកទទួលការមិនអោយចូល ដេញថ្លៃប្រកួតប្រជែងនោះដែរ ហេតុដូច្នេះ ហើយ ទើបលោក បានចាត់វិធានការ ប្រមូលផ្តុំគម្រោងពីតាមបណ្តាឃុំ សង្កាត់ យកមកដាក់ដេញថ្លៃនៅសាលាក្រុង ស្រុក ងាយស្រួលក្នុងការគ្រប់គ្រង ដំណើរការដេញថ្លៃនោះ ហើយនិងផ្តល់ភាពងាយស្រួល ទៅដល់ក្រុមហ៊ុននានា ដែលចង់ចូលរួមដេញថ្លៃ ប្រសើរជាងក្នុងការធ្វើ ដំណើរទៅដេញតាមឃុំ សង្កាត់ ដែលនៅឆ្ងាយហើយ ចំណាយពេលវេលាយូរ និងអស់សោហ៊ុយច្រើនផងដែរ ។

ម្យ៉ាងទៀត នេះ ក៏ជាវិធានការដែលធ្វើអោយ ដំណើរការដេញថ្លៃនេះ មានតម្លាភាព និងឈានទៅលុបបំបាត់ ចោលនូវការដេញថ្លៃតាមព្រៃចេក កើតមានពេលកន្លងមក ហើយចង់អោយក្រុមមានឱកាស បានចូលប្រកួតប្រជែងគ្នាដោយចំហរ ដែលមានម្ចាស់លទ្ធកម្មជាអាជ្ញាធរឃុំ សង្កាត់នៅទីនេះ ចាំទទួលយកលទ្ធផល ដើម្បីធ្វើការអភិវឌ្ឍនភូមិ ឃុំរបស់ខ្លួន។ លោក អភិបាលខេត្ត បានលើកឡើង នៅក្នុងឆ្នាំកន្លងទៅ មានក្រុមហ៊ុនចំនួន២ ដែលដេញថ្លៃបានហើយ បែរជាមិនចុះអនុវត្តគម្រោង ដោយលើកហេតុផល ផ្សេងៗ មិនសមរម្យ ដើម្បីគេចវេស មិនធ្វើ ហើយក្រុមហ៊ុនទាំងពីរនោះ ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតអោយ ចូលរួមដេញថ្លៃទៀតទេ ។  

ដូច្នេះ ក្នុងឆ្នាំនេះ លោក សំណូមពរដល់អ្នកទទួលការ ពេលដេញបានគម្រោង ហើយកុំយកទៅទុកចោល ដូចអ្នកម៉ៅការមុនទៀត ជាសវាងការបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ហើយមិនអនុញ្ញាតិអោយ ចូលរួមដេញថ្លៃជារៀងរហូត។ គួរបញ្ចាក់ដែរថា នេះ ជាលើកទីមួយហើយ សម្រាប់ខេត្តកំពង់ចាម ដែលមានវត្តមាន អភិបាលខេត្ត បានចុះសង្កេតដោយផ្ទាល់ ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ហើយក្នុងនោះគេបានឃើញថា ដំណើរការដេញថ្លៃ មានភាពរលូន អ្នកទទួលការអាចចូលរួមដេញថ្លៃ ប្រកបដោយការប្រកួតប្រជែង ដែលម្ចាស់លទ្ធកម្ម អាចទទួលយកបាន និង អត្រាដេញចុះ ច្រើនភាគរយ ដែលធ្វើអោយ សល់លុយ ច្រើន សម្រាប់ បន្តក្នុងការអភិវឌ្ឍន មូលដ្ខានរបស់ខ្លួន ។

ជាមួយគ្នានោះដែរ ក៏មានអ្នកទទួលការមួយចំនួន បានបញ្ចេញមតិសាទរ ចំពោះវិធានការយ៉ាងក្តៅគគុក របស់ លោក អភិបាលខេត្ត ក្នុងការលុបបំបាត់ លែងអោយមានរឿងទឹកតែ ទឹកប្រហុក ក្នុងដំណើរការដេញថ្លៃ  ដែលប្រការនេះ ធ្វើអោយអ្នកទទួលការ ត្រឡប់មកអនុវត្តន៍ក្រមសីលធម៌ ចូលរួមដេញថ្លៃ ប្រកបដោយការប្រកួតប្រជែងត្រឹមត្រូវ មានតម្លាភាព និង គណនេយ្យភាព ផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top