Friday, Nov 15th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋមន្ត្រីកសិកម្ម៖ ទិវាមច្ឆជាតិឆ្នាំ២០១៨នេះ ត្រីមេពូជចំរុះជាង ១លានក្បាល ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជ ក្នុងកសិណប្រាសាទអង្គរវត្ត

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងទិវាបច្ឆជាតិឆ្នាំ២០១៨នេះ ត្រីមេពូជចំរុះចំនួនជាង ១លានក្បាល ក្នុងនោះមានត្រីឆ្ពិន ត្រីព្រលូន ត្រីកាហែ ត្រីប្រា ត្រីកន្ធរ ត្រីគល់រាំង អណ្តើក និងកន្ធា យ។ល។ ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជក្នុងកសិណប្រាសាទអង្គរវត្ត ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុកក្រសួងកសិកម្ម នៅថ្ងៃទី១ ខែកក្កដានេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំទិវាមច្ឆជាតិ ១កក្កដា លើកទី១៦ នៅកសិណប្រាសាទអង្គរវត្តដែលជា បេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពសម្តេចសេនាពិជ័យទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា ។ 

ក្នុងទិវាបច្ឆជាតិនេះ ក៏មានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្ត មន្រ្តីរាជការ សហភាពសហព័ន្ធយុវជន យុវជនកាកបាតក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០០នាក់ ។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា “សូមអនុញ្ញាតជម្រាបជូនផងដែរថាក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ត្រីមេពូជចំរុះចំនួនជាង ១លានក្បាល ក្នុងនោះមានត្រីឆ្ពិន ត្រីព្រលូន ត្រីកាហែ ត្រីប្រា ត្រីកន្ធរ ត្រីគល់រាំង អណ្តើក និងកន្ធាយ។ល។ ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជក្នុងកសិណប្រាសាទអង្គរវត្ត នាពេលនេះ” ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ ពីគោលបំណងដ៏សំខាន់នៃទិវានេះ គឺ១.បំផុសនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈ សំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចំរុះគ្រប់ប្រភេទឲ្យបានគង់វង្ស ២.បង្កើនធនធានជលផលនៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ ត្រពាំងដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជា នេសាទឲ្យកាន់តែប្រសើរឡើង ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top