Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គណបក្សប្រជាជនកម្ពុជា រំលឹកខួបលើកទី៦៧ នៃការបង្កើតគណបក្ស

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពីធីរំលឹកខួប នៃការបង្កើតគណបក្សលើកទី៦៧ ឆ្នាំ  ក្រោមពាក្យស្លោក “៦៧ឆ្នាំនៃគណបក្សប្រជាជនកម្ពុជា យុវជនរួមគ្នាឆ្ពោះទៅរកជ័យជំនះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨”។

លោកស្រី កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិក គណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងពិធីរំលឹកខួប៦៧ឆ្នាំ នៃការបង្កើតគណបក្ស នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ថា នេះជាការជួបដ៏ធំមួយ នៃតំណាងសកម្មជន យុវជនទូទាំងប្រទេស ដើម្បីបង្ហាញកម្លាំងសាមគ្គីភាព រួបរួមគ្នាដ៏រឹងមាំនៃធនធានមនុស្សរបស់គណបក្ស។

លោកស្រីបន្តថា ពិធីនេះក៏ជាការផ្សារភ្ជាប់ ទំនាក់ទំនងរវាងយុវជន និងយុវជន និងការចែករំលែកបទពិសោធន៍ របស់យុវជនជំនាន់មុន ជូនយុវជនជំនាន់ក្រោយ ជាពិសេសនោះ ជាឱកាសនៃការត្រៀមខ្លួន របស់សកម្មជនគណបក្ស ដើម្បីចូលរួមក្នុងសមរភូមិសាធារណមតិ ក៏ដូចជាការដណ្តើមយកជ័យជំម្នះ ជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ។

លោកស្រី ក៏បានលើកឡើង ប្រវត្តិរបស់គណបក្សប្រជាជនកម្ពុចា ដែលមានប្រភពពី ចលនាតស៊ូរបស់ប្រជាជនកម្ពុជា ស្នេហាជាតិ ប្រឆាំងអាណានិគមនិយមបារាំងដើម្បីឯករាជ្យ ។ ចាប់តាំងចាប់កំណើតមកគណបក្សបានរក្សាខ្ជាន់នូវសារជាតិរបស់ខ្លួនដែលជាតំណាងដ៏បរិសុទ្ធនៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា រួមសុខរួមទុក្ខ ជាមួយប្រជាជន ពុះពារជម្នះរាល់ឧបសគ្គហ៊ាន ពលីកម្មមិនរុញរា សំដៅកសាងប្រទេសជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកស្រីបន្ថែទៀតថា ក្នុងរយៈពេលជាង៣៩ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព  ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។  

លោកស្រីបញ្ជាក់ថា “ការពិតជាក់ស្តែងទាំងអស់នេះ កាន់តែឆ្លុះបញ្ជាំងឲ្យឃើញច្បាស់ ថា គណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជន និងធ្វើទាំងអស់ដើម្បីប្រជាជន” ។

ចំណែក លោក  ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកដល់សមាជិកទាំងអស់ឲ្យធ្វើការយកចិត្តទុកដាក់សិក្សាស្វែងយល់ពីបុព្វហេតុ នៃការកកើករបស់គណបក្សជាពិសេសបេសកម្មជាប្រវត្តិសាស្ត្ររបស់គណបក្ស ក្នុងដំណាក់កាល៤០ឆ្នាំចុងក្រោយនេះ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top