Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ពលរដ្ឋ៩០% នៅស្រុកថ្មបាំង ខេត្តកោះកុង ប្រកបរបរដាំដំណាំផ្សេងៗ

ភ្នំពេញ ៖ អភិបាលស្រុកថ្មបាំង ខេត្តកោះកុង លោក អន សុធារិទ្ធ បានបញ្ជាក់ថានៅស្រុកថ្មបាំង ទាំងមូល មានប្រជាពលរដ្ឋ៩០ភាគរយ បានប្រកបមុខរបរធ្វើកសិកម្មដោយដាំ ដំណាំដែលពុំ មានការប្រើប្រាស់ជីគីមី។

លោក អន សុធារិទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ថា “ជាការ ពិតណាស់ នៅស្រុកថ្មបាំងនេះ មានប្រជាពលរដ្ឋ៩០ភាគហើយ ដែលប្រកបរបរធ្វើកសិកម្ម ដែលដាំដំណាំផេ្សងគ្នាៗ ដោយមានទំហំផ្ទៃដី៣៤៦៥គីឡូម៉ែតក្រឡានេះ គឺជាទំហំផ្ទៃដីនៅក្នុង ស្រុកថ្មបាំងទាំងមូល មិនមែនសម្រាប់ធ្វើកសិកម្មទាំងអស់នោះទេ”។

លោកបន្តថា ស្រុកថ្មបាំងនេះ ដំណាំដែលកសិករបានដាំមានពីរប្រភេទ គឺដំណាំវិលជុំ និងដំណាំយុទ្ធ សាស្រ្ត។ សម្រាប់ដំណាំវិលជុំ មានដូចជា ចេក ល្ហុក ត្រាវ ម្ទេស ចំណែក ដំណាំយុទ្ធសាស្រ្តវិញ មាន ដូចជា ធូរេន ម្ឃុត សៅម៉ាវ កៅស៊ូ និងម្រេច។

អភិបាលស្រុកឲ្យដឹងទៀតថា ដំណាំក្នុងស្រុកថ្មបាំង មានការនាំចេញលក់​ទៅលើទីផ្សារបានច្រើនគួរ​ឲ្យកត់សម្គាល់ ជាក់ស្ដែងដូចជា ចេក ល្ហុង ដែលគេហៅថា ដំណាំវិលជុំ មានការនាំចេញទៅលក់នៅ ទីផ្សាររាប់រយតោន។

លោក អន សុធារិទ្ធ បានបញ្ជាក់ថា ដំណាំហូបផ្លែដែលមានឈ្មោះល្បីជាងគេនៅ ស្រុកថ្មបាំង មានផ្លែ ធូរេន សៅម៉ាវ និងម្ឃុត ហើយជាពិសេសនោះ គឺធូរេនមានលក្ខណៈផ្អែមឈ្ងុយឆ្ងាញ ហើយមាន រសជាតិគួរឲ្យចង់ញុំាំ។

ចំពោះពូជធូរេន លោកថា កសិករចូលចិត្តដាំភាគច្រើនជាប្រភេទធូរេន ដែលនាំចូលពូជពីក្រៅ ប្រទេសផ្សេងៗ ដូចជា កាន់យ៉ាវ ពូជមួនថង់ ភូម៉ាន់នី កាដុំ ជាដើម។សម្រាប់ការនាំចេញយកទៅ លក់តាមទីផ្សារនានាវិញ ភាគច្រើនលក់ទៅកាន់ខេត្តកំពង់ស្ពឺ កំពង់សោម ភ្នំពេញ ដែលជាទីផ្សារធំ។

ប្រជាកសិករ ដែលដាំដំណាំហូបផ្លែស្រុកថ្មបាំង បានឲ្យដឹងដែរថា បើតាមផែនការទៅមុខ ដាំធូរេនឲ្យ បានយ៉ាងតិច១០០០ដើម ខណៈសព្វថ្ងៃដាំបាន៧០០ដើម។

កសិករខាងលើបន្តថា “ចំពោះការប្រមូលផលរបស់ខ្ញុំឆ្នាំមុនមានការខាតជាច្រើន ប្រហែលជា ២០០០០ដុល្លារ ទៅ៣០០០០ដុល្លារ ដោយជួបជាមួយបញ្ហាប្រឈមជាច្រើន ។ ខ្ញុំប្រមូលផលបានតិច ហើយតម្លៃនៅទីផ្សារបានថោកគឺឆ្នាំមុន បានតែមួយគីឡូ១០០០០រៀលទេ តែឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងមានការចំណេញច្រើន ព្រោះឆ្នាំនេះ ធូរេនបានផ្លែច្រើនជាងឆ្នាំមុន ដោយក្នុង១ដើមបានប្រហែលជា ៣០០គីឡូ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top