Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កសិករអំពាវនាវ ឲ្យជួយគាំទ្រផ្លែឈើក្នុងស្រុក ខណៈនាំចូល ពីក្រៅប្រទេសច្រើន

ភ្នំពេញ៖តំណាងប្រជាកសិករ ដាំដំណាំហូបផ្លែ នៅស្រុកស្រែអំបិល ខេត្តកោះកុង លោក ហួរ ង៉ាវ បានអំពាវនាវដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យជួយគាំទ្រផ្លែឈើក្នុងស្រុក ដោយមិនមានការប្រើជីគីមី (ធូរេន) ឲ្យបានច្រើន ទោះបីមានតំលៃថ្លៃ តែមិនប៉ះពាល់ដល់សុខភាពទេ ខណៈមានការនាំចូល ពីក្រៅប្រទេសច្រើន ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពជាខ្លាំង។

លោក ហួរ ង៉ាវ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអ្នកព័ត៌មានចុះទស្សនា នៅចំការទុរេន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ថា “ខ្ញុំសំណូមពរ ឲ្យបងប្អូនប្រជាជនយើងទាំងអស់ ដែលរស់នៅក្នុងទីក្រុងភ្នំពេញក៏ដោយ និងទូទាំងប្រទេស ទាំងអ្នកបរទេស ដែលមកស្រុកខ្មែរ ជួយគាំទ្រផលិតផលខ្មែរ ទៅអត់ខុសទេ ព្រោះធ្វើនេះដើម្បីសុខភាពល្អទាំងអស់គ្នា ។ ហ្នឹងហើយសូមកុំថា ផលិតផលហ្នឹងថ្លៃណាស់ អត់ថ្លៃទេ អ្នកធ្វើក៏ហត់ដែរ ហត់ណាស់ យើងប្រើជីធម្មជាតិ យើងមិនអាចដូចជីគីមី” ។

លោកបន្តថា ការប្រើប្រាស់ជីគីមី និងការប្រើប្រាស់ជីធម្មជាតិ មានការលូតលាស់ខុសគ្នា ដូចជា ការប្រើជីធម្មជាតិ មានលក្ខណៈលូតលាស់យឺត ត្រូវការចំណាយពេលវេលាយូរ ទើបទទួលបានផល តែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ។ បើប្រើជីគីមីមានការលូតលាស់លឿន តែធ្វើឲ្យប៉ះពាល់សុខភាពខ្លាំង។

ក្រុមប្រជាកសិករសង្ឃឹមថា ដំណាំហូបផ្លែដែលមិនប្រើជីគីមី គឺធម្មជាតិសុទ្ធនឹងមានតម្លៃខ្ពស់នៅលើទីផ្សារ ដើម្បីជំរុញឲ្យកសិករមានកម្លាំងចិត្ត ធ្វើបន្ថែមទៀត និងលើកស្ទួយផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទៅកាន់ បណ្ដាប្រទេសនានា ក្នុងសកលលោកផងដែរ។

ប្រជាកសិករបញ្ជាក់ថា ផលិតផលដែលមានតម្លៃថោក សុទ្ធតែជាផលិត ដែលនាំចូលពីក្រៅប្រទេស ដែលធ្វើឲ្យមានការ ប៉ះពាល់សុខភាពខ្លាំង ។ ចំណែកផលិតផល ដែលមានតម្លៃថ្លៃ ជាផលិតក្នុងស្រុក ដែលមិនមានជាតិគីមី មិនប៉ះពាល់ សុខភាព៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top