Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បញ្ជូនខ្លួនលោក ឡាយ វណ្ណៈមកក្រសួងមហាផ្ទៃ ពាក់ព័ន្ធ ឃាតកម្មលើស្រីស្នេហ៍

ភ្នំពេញ៖អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ក្រោយពីត្រូវបានចាប់ខ្លួនបញ្ជូនបានបញ្ជូនមកក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសួរនាំអំពីការពាក់ព័ន្ធករណីឃាតកម្មលើស្រីស្នេហ៍ខ្លួនឈ្មោះ ចេវ សុវឌ្ឍនា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នៅចំណុចផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ការចាប់ខ្លួនអតីតអភិបាលខេត្តដែលល្បីឈ្មោះប្រចាំខេត្តតាកែវនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១ មេសាបន្ទាប់ពីត្រូវបានផ្លាស់ពីប្រធាន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវជូនទៅ លោក អ៊ូច ភា អភិបាលខេត្តតាកែវវិញ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ។

សមត្ថកិច្ច បានអះអាងថា ក្រោយមានការចាប់ខ្លួនលោក ឡាយ វណ្ណៈភ្លាម សមត្ថកិច្ចបញ្ជូនលោកឡាយ វណ្ណៈ មកក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី លើករណីសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា ។

បើយោងតាមដីកាបញ្ជាឲ្យនាំខ្លួន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ មេសា បានកំណត់ឲ្យមកបង្ហាញខ្លួននៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យបានមុនថ្ងៃ២០ មេសា ពាក់ព័ន្ធឃាតកម្មកាល ពីថ្ងៃទី២៦ មករា នៅចំណុចផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ការឈានដល់ការចាប់ខ្លួនលោក ឡាយ វណ្ណៈ ក្រោយតុលាការបានកំពុងបន្តសាកសួរនិងពិនិត្យភស្តុតាងក្នុងសំណុំរឿងឃាតកម្មដ៏កក្រើកលើអ្នកស្រីចេវ សុវឌ្ឍនា ទៅលើអ្នកពាក់ព័ន្ធចំនួន៥នាក់។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់នៅព្រឹកថ្ងៃទី១ មេសា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមថា “តំណាងអយ្យការកំពុងបន្តសាកសួរពិនិត្យឯកសារនិងភស្តុតាងក្នុងសំណុំរឿងនេះ”។

ប៉ុន្មានម៉ោងមុនមានការចាប់ខ្លួនលោក ឡាយ វណ្ណៈ លោកក៏បានបង្ហាញសារក្នុងហ្វេសប៊ុកថា មុនការសម្លាប់ខ្លួនអ្នកស្រី ចេវ សុវឌ្ឍនា បានប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងមកហើយ ។

លោក ឡាយ វណ្ណៈ បានលើកឡើងក្នុងហ្វេសប៊ុកថា “ការប៉ុនប៉ងធ្វើអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រើនដង! លើកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយយត្រូវបានមិត្តភ័ក្ត្ររបស់គាត់នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វើអត្តឃាត!”។

សារហ្វេសប៊ុករបស់ លោក ឡាយ វណ្ណៈ លើកចុងក្រោយបានធ្វើឡើងបន្ទាប់ពីលោកបានសារភាពក្នុងហ្វេសប៊ុកថា ធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅជាមួយជាមួយនារីម្នាក់នេះប្រហែលជាមួយឆ្នាំ ទើបលោកសុំបែក ប៉ុន្តែលោកថា ខ្លួនមិនបានសម្លាប់នោះទេ។

សារក្នុងហ្វេសប៊ុករបស់អតីតអភិបាលខេត្តតាកែវ បានបង្ហាញកាលពីរាត្រីថ្ងៃទី៣១ មីនា ថា “ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំ បានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លី ធ្វើអត្តឃាតខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វើខុសឆ្គង ខ្ញុំហ៊ានទទួល! ខ្ញុំសុំទោសចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋ ខេត្តតាកែវទាំងមូល។ ប៉ុន្តែខ្ញុំសូមបដិសេធទាំងស្រុង នូវរាល់ការចោទប្រកាន់ ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។ ខ្ញុំនិងបងប្រុសខ្ញុំ ពុំមានចិត្តបាប សាហាវព្រៃផ្សៃ សម្លាប់គាត់ទេ”។

ពាក់ព័ន្ធករណីឃាតកម្មនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Sophea Sinបានអះអាងថា “បើយោងតាមចម្លើយសារភាពរបស់ តៃកុងឡាន លោក ឡាយ វណ្ណ: មូលហេតុដែលឈាន ទៅ ដល់សម្លាប់ អ្នកនាង ចេវ សុវឌ្ឍនា ដោយសារតែ អ្នកនាងជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បានជួលផ្ទះកើតហេតុនេះឲ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេក នៅលើ ផ្ទះនេះ ទើបធ្វើឲ្យនាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែងគ្នា បង្កឲ្យមានហិង្សា ដោយលោក ឡាយ វណ្ណ: ច្របាច់កសម្លាប់ចោលតែម្តងទៅ។ បន្ទាប់មកទើបលោក ឡាយ វណ្ណ: បញ្ជាឲ្យតៃកុងឡាន និងអ្នកបម្រើលើកសពនាងបំឡែង ជាចង់កធ្វើអត្តឃាត។ ដោយឡែកមន្ត្រីនគរបាលចំនួន ៥នាក់រាប់ទាំងបងប្រុស បង្កើតលោក ឡាយ វណ្ណ: គឺលោក ឡាយ ណារិទ្ធជាស្នងការរងផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិត អំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត”។

សមត្ថកិច្ចបានបំបែកសំណុំរឿងស្ត្រីរូបស្រស់ឈ្មោះ ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា ដែលស្លាប់ដោយរូបភាពធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្នុងភូមិគ្រឹះ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មិនមែនជាករណីអត្តឃាតនោះទេ គឺជាការអំពើឃាតកម្ម។ ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបថា នៅមានជនសង្ស័យជាច្រើនទៀត អាចពាក់ព័ន្ធករណីដ៏កក្រើកនេះ។

បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីថ្ងៃទី៣១ មីនាថា ក្រោយពីសាកសួរ ចម្លើយសមត្ថកិច្ចក្រសួងមហាផ្ទៃកំណត់អត្តសញ្ញាណរួចហើយ គឺ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ  ជាមេក្លោងក្នុងករណីឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា  ។
 
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បងប្រុសរបស់អតីត អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ គឺលោក  ឡាយ ណារិទ្ធ ស្នងការរងខេត្តនគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌ ក្រុងដូនកែវ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ហៅមកសាកសួរ ពាក់ព័ន្ធភាពមិនប្រក្រតី ករណីអត្តឃាតស្ត្រី ម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញ ចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top