Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្រ្តី ពន្យល់ពីការ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានពន្យល់ទៅមនុស្សមួយចំនួន ដែលមានការងើយឆ្ងល់ ចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ខណៈថ្ងៃស្អែកទី២ កុម្ភៈ គណៈរដ្ឋមន្ដ្រី នឹងប្រជុំអនុម័ត នូវសេចក្តីព្រាង វិសោធនកម្មនេះ ក្រោយពីក្រុមការងារ បានបញ្ចប់កិច្ចពិភាក្សា ។

ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យ វិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “គេចេះ តែឆ្ងល់ថា គណៈរដ្ឋមន្ដ្រីនៅកម្ពុជាចេះតែច្រើនម៉េស តាមពិតគណៈរដ្ឋមន្ដ្រី នៅកម្ពុជា អត់ច្រើនទេ ប៉ុន្ដែរដ្ឋធម្មនុញ្ញយើងបានតម្រូវឲ្យវាច្រើនចឹង”។

សម្ដេចបន្ដថា កម្ពុជាបានដាក់គណៈរដ្ឋមន្ដ្រីរួមមាន នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី  និងរដ្ឋលេខាធិការ ។ សម្ដេចថា រដ្ឋលេខាធិការមាន ឋានៈដូចជា អនុរដ្ឋមន្ដ្រី ដូច្នេះមិនគួរត្រូវបានបោះឆ្នោតចេញពីរដ្ឋសភាទេ ដែលធ្វើឲ្យគណៈរដ្ឋមន្ដ្រី មានក្បាលយ៉ាងធំ ទុកឲ្យការតែងតាំងថ្នាក់រដ្ឋលេខាធិការ ដោយព្រះរាជក្រិត្យបានហើយ ។

សម្ដេចបន្ថែមថា ឋានៈឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ទុកឲ្យព្រះមហាក្សត្រ ឡាយព្រះហស្ត ចំណែកឯរដ្ឋលេខាធិការ ទុកឲ្យកិច្ចការងារនេះ ទៅឲ្យនាយករដ្ឋមន្ដ្រី ដើម្បីស្នើទៅថ្វាយព្រះមហាក្សត្រ តែតាំងព្រះរាជក្រិត្យ ។

សម្ដេចបញ្ជាក់ថា ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញ ឬច្បាប់ស្ដីពីការរៀបចំនៃ ការប្រព្រឹត្តិទៅនៃ គណៈរដ្ឋមន្ដ្រី គេឲ្យរដ្ឋមន្ដ្រីទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងនាយករដ្ឋមន្ដ្រី ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា នៅថ្ងៃទី២ កុម្ភៈ គណៈរដ្ឋមន្ដ្រីនឹង បើកកិច្ចប្រជុំដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រៀមធ្វើវិសោធនកម្ម ដោយបំពេញបន្ថែម នៅក្នុងក្រមព្រហ្មទណ្ឌ អំពីការប្រមាថព្រះមហាក្សត្រ ។

ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ បានរំលឹកថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដែលការបោះឆ្នោតនេះ មិនទូលំទូលាយទេ ហើយនៅ ថ្ងៃទី ២៩ ខែកក្កដា ២០១៨ នឹងមានការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្ត។ បន្ទាប់មកនៅខែកញ្ញា ២០១៨ នឹងរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មីផងដែរ ។

សូមរំលឹកថា  មាត្រាខ្លះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើវិសោធនកម្ម ក្នុងពេលដ៏ឆាប់ខាងមុខ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្កើត ក្រុមការងារសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញកម្ពុជាដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនោះលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ជាប្រធាន , លោក ឆេង សាវឿន រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធាន , លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន , លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន និងសមាជិកមួយ ចំនួន ទៀត មកពីក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចឲ្យក្រុមការងារ មានភារកិច្ចជាសេនាធិការ ជូនសម្តេចតេជោ ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីផ្តួតផ្តើមអំពីជម្រើសនានា ក្នុងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ស្របតាមមាត្រា១៥១ថ្មី មាត្រា ១៥២ថ្មី  និងមាត្រា ១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ ។ គម្រោងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានអ្នកវិភាគថ្លែង ថា ជាការពង្រឹងអំណាច និងកំចាត់ចោលអ្នកមានបំណង បំផ្លាញអត្ថប្រយោជន៍ កម្ពុជាផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top