Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

​​ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច

បាត់ដំបង៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនក្នុង ស្ថានភាពស្រវឹងបុកម៉ូតូ មួយគ្រឿងទៀតពេញទំហឹង ​កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ នៅចំណុចកែងភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចស្រុកភ្នំព្រឹក ឱ្យដឹងថាម្ចាស់ម៉ូតូម៉ាកហុងដាសង់ Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1N 9295 បើកដោយ ឈ្មោះ សម្បតិ្ត បូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯម្ចាស់ម៉ូតូម៉ាកហុងដា វេវ Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ឡុង នុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក រងរបួសធ្ងន់បាក់ដៃឆ្វេង និង បាក់ភ្លៅខាងស្ដាំ រីឯអ្នករួមដំណើរជាមួយ ឈ្មោះ សឿត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា រងរបួសធ្ងន់ បាក់កំភួនជើងខាងស្តាំ ។

ប្រភពដដែលបន្តថា ម៉ូតូហុងដាឌ្រីម (អ្នកបើកបរស្លាប់) បើកបរទិសដៅពីលិចទៅកើត ទៅបុកជាមួយ អ្នកជិះម៉ូតូវ៉េវ បើកបរទិសដៅពីកើត ទៅលិច បញ្ច្រាស់ទិសគ្នា ដោយភាគីម៉ូតូម៉ាកឌ្រីមបើកបរ ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងផង ទើបបណ្ដាលឱ្យបុកគ្នាតែម្ដង ។ សមត្ថកិច្ចបានហៅរថយន្ត ដឹកជនរគ្រោះទាំង ២នាក់ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ស្រុកសំពៅលូនចំណែក សពជនរងគ្រោះត្រូវបានឲ្យ ប្រគល់ឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top