Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Update៖ អគ្គស្នងការនគរបាលជាតិ ស្នើគយពង្រឹងទប់ស្កាត់ ការនាំឧបករណ៍ ងាយឆេះងាយផ្ទុះចូលកម្ពុជា

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានស្នើអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ ការនាំចូលឧបករណ៍ សម្ភារៈ បរិក្ខា បង្ការពន្លត់អគ្គិភ័យ ព្រមទាំងឧបករណ៍ សម្ភារៈ មានផ្ទុកសារធាតុងាយផ្ទុះ និងងាយផ្ទុះឆេះពីបរទេស ចូលមកក្នុងប្រទេសកម្ពុជា។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃ១សីហា​នេះ បានឲ្យដឹងថា ក្នុងការពិនិត្យស្រាវជ្រាវ របស់កម្លាំងមានសមត្ថកិច្ច បានសង្កេតឃើញថា នៅតាមគោលដៅចែកចាយ និងតាមទីផ្សារមួយចំនួន មានការដាក់តាំងលក់ចែកចាយ ឲ្យអតិថិជនជាវយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដាក់តាមគេហដ្ឋាន ឬគោលដៅនានា នូវផលិតផលបង្ការពន្លត់អគ្គីភ័យ គ្មានសា្លកសញ្ញាសម្គាល់ គ្មានប្រភពផលិត និងគ្មានគុណភាពត្រឹមត្រូវ តាមនិយាមបច្ចេកទេស  ដែលជាហេតុ ធ្វើឲ្យមានកត្តាអវិជ្ជមាន ធ្ងន់ធ្ងរដល់ការបង្ការ និងពន្លត់អគិ្គភ័យ ពិសេសនៅពេលកើតហេតុដំបូង និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត របស់ប្រជាពលរដ្ឋ ចំពោះស្ថាប័នមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង ត្រូតពិនិត្យការនាំចូល ឧបករណ៍ សម្ភារៈទាំងអស់នេះ។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា "ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្ដីពីការបង្ការ និងកាត់បន្ថយអគ្គិភ័យ និងអនុក្រឹត្រលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ស្ដីពីការដាក់ឲ្យប្រើប្រាស់​ បញ្ជីទំនិញហាមឃាត់ទំនិញ ជាប់កម្រិតកំណត់ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរ ឯកឧត្តម ផ្ដល់កិច្ចសហការ ក្នុងការចាត់វិធានការត្រួតពិនិត្យ នៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារភាគី (គោក ទឹក អាកាស) ដោយកំណត់ចំពោះការនាំចូល ឧបករណ៍ សម្ភារៈ បរិក្ខា បង្ការពន្លត់អគ្គិភ័យ និងឧបករណ៍ សម្ភារៈមានផ្ទុះសារធាតុងាយផ្ទុះ ងាយឆេះ ចាំបាច់ត្រូវមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតឲ្យនាំចូល ចេញដោយអគ្គស្នងការដា្ឋន នគរបាលជាតិ"។

បន្ថែមពីនេះ អគ្គស្នងការដា្ឋននគរបាលជាតិ ក៏បានស្នើ ឲ្យផ្ដល់ព័ត៌មាននូវរាល់ករណី មានការសង្ស័យពាក់ព័ន្ធ ដល់ការនាំចូល ឧបករណ៍សម្ភារៈខាងលើនេះ ដល់អង្គភាពជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់មន្រ្តីជំនាញចុះពិនិត្យ ជាក់ស្ដែងបន្ថែមលើឧបករណ៍ សម្ភារៈ បរិក្ខាទាំងនោះ ដើម្បីទប់ស្កាត់ការនាំចូលឧបករណ៍ សម្ភារៈ បរិក្ខាដែលគ្មាន ឬខ្វះគុណភាព៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top