Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្ត្រី ប្រាប់ទៅCNRPថា ផលចំណេញបានពីការស្លាប់ ហ៊ុន សែន មានតិចជាង ហ៊ុន​ សែន នៅរស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទៅបក្សប្រឆាំងថា ផលប្រយោជន៍ដែលបាន ពីការស្លាប់របស់ សម្ដេចមានតិចតួចជាងការដែល ទុកឲ្យសម្ដេចនៅរស់ ហើយសម្ដេចក៏បានព្រមាន មេបក្សប្រឆាំង ឲ្យមើលសកម្មជនរបស់ខ្លួនឲ្យច្បាស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកដែលគ្រោះថ្នាក់មុនគេគឺ បក្សប្រឆាំង ។

ការថ្លែងរបស់សម្ដេចតេជោបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ ប្រមាថអាយុជីវិតសម្ដេច តាមគេហទំព័រហ្វេសប៊ុក មួយចំនួនថា សម្ដេចតេជោ ធ្លាក់យន្តហោះស្លាប់ នៅសៀមរាប សម្ដេចតេជោ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យសិង្ហបុរី និងការព្រមានសម្លាប់ សម្ដេចតេជោ នៅលើសង្គមហ្វេសប៊ុក ជាច្រើនទៀតកាលពី ពេលកន្លងមក ។

ពាក់ព័ន្ធនឹងព័ត៌មានផ្សព្វផ្សាយ នៅលើហ្វេសប៊ុកថា "សម្ដេចតេជោ ហ៊ុន សែន ស្លាប់ហើយពេលធ្វើដំណើរ តាមយន្តហោះទៅវៀតណាមនោះ" សម្ដេចតេជោបានប្រតិកម្មថា ទង្វើបែបនេះភាគច្រើនចេញ មកពីសមាជិកបក្សប្រឆាំង ចឹងទេបើបក្សប្រឆាំង មិនគ្រប់គ្រងបញ្ហាទាំងអស់ហ្នឹងទេ អ្នកដែលមានបញ្ហា គឺបក្សប្រឆាំង ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោថ្លែងថា "ផលចំណេញអស់លោក (បក្សប្រឆាំង) បានមកពីការស្លាប់ ហ៊ុន សែន វាមានចំនួនតិចជាង ការដែលទុកឲ្យ ហ៊ុន សែន នៅរស់ នេះខ្ញុំសូមប្រាប់អ្នកឯង ឲ្យបានច្បាស់" ។

សម្ដេចតេជោ ក៏បានដាស់តឿនទៅ បក្សប្រឆាំងថា បើអស់លោកយក ការស្លាប់សម្ដេច ហ៊ុន សែន ដើម្បីកេញចំណេញ នយោបាយនោះ គឺគិតខុសហើយ ផ្ទុយទៅវិញអ្នកដែលគ្រោះថ្នាក់ គឺបក្សប្រឆាំង ។

សម្តេចបានអំពាវនាវ និងធ្វើយ៉ាងណាគ្រប់គ្រង ការបំផុសព័ត៌មាន ចរចាមអារាម ដែលគ្រោះថ្នាក់ និងបង្កការភិតភ័យ សម្រាប់ប្រជាពលរដ្ឋ ។ សម្ដេចក៏បានអំពាវនាវ ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី អ្នកលេងហ្វេសប៊ុគ (Facebook) ទាំងអស់កុំបង្កើតបញ្ហា បំពុលបរិយាកាសសង្គម​ មុននឹងចែកចាយដំណឹង ឫព័ត៌មានអ្វីបន្ត​ គឺត្រូវពិនិត្យឲ្យបាន ច្បាស់ថាតើពិតដែរទេ? គ្រប់បក្សនយោបាយទាំងអស់ សុទ្ឋតែមានតួនាទីអប់រំសមាជិក ឲ្យទទួលផ្សព្វផ្សាយព័ត៌មានល្អពិត ។ 

ជាមួយគ្នានោះសម្តេចតេជោ បានផ្តាំផ្ញើ និងអំពាវនាវ ដល់មេបក្សប្រឆាំង កុំផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំងបង្ហោះ ព័ត៌មានថា សម្តេចតេជោ​ ហ៊ុន​ សែន​ ស្លាប់ និងមានយន្តហោះធ្លាក់នៅសៀមរាប និងមានអំពើចាប់កូនក្មេង វះយកក្រលៀនជាដើម ។ គឺសុទ្ឋតែជាព័ត៌មានមិនពិត ។ 

សម្តេចតេជោ សង្កត់ធ្ងន់ថា សូមកុំកេងចំណេញពីការស្លាប់ របស់សម្តេចតេជោឲ្យសោះ ។ ម៉្យាងវិញទៀត សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់កុំឲ្យគេលួច (Hack) យកគណនេយ្យខ្លួន ទៅបង្ហោះព័ត៌មានមិនពិត រួមទាំងព័ត៌មានប៉ុនប៉ង សម្លាប់នាយករដ្ឋមន្រ្តីជាដើម ។ ជនខិលខូចទាំងនោះ ក៏បានចាប់ខ្លួនមួយចំនួន រួចមកហើយដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top