Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ នៅឃុំដូងស្រុករមាសហែក

ស្វាយរៀង៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក ចុះថ្លែងអំណរគុណ ដល់ម្ចាស់ឆ្នោតផ្ទាល់តែម្ដង។

ក្នុងងពិធីនេះ បានប្រព្រឹត្តទៅនៅក្នុងឃុំដូង ស្រុករមាសហែក នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ហើយ ក៏មានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា និងប្រជាពលរដ្ឋម្ចាស់ឆ្នោតចំនួន ២,៦៦៦នាក់ផងដែរ។ ក្រៅពីការថ្លែងអំណរគុណនោះ លោកស្រី ម៉ែន សំអន និងនាយឧត្តមសេនីយ៍ សៅ សុខា បានសំណេះសំណាល សាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់ និង​បញ្ហានានា របស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយ នាពេលខាងមុខកាន់តែប្រសើរឡើង។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ ថ្នាក់ដឹកនាំទាំង២ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ពីការរស់នៅប្រចាំរបស់បងប្អូន។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ​ប្រកាសផ្លូវការស្ដីពីលទ្ធផល នៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង គឺ​២,៦១១សំឡេង ទល់នឹង ២,៦០៩សំឡេង។ នៅក្នុងពិធីនេះផងដែរ ក៏មានទទួលបាយសាមគ្គីមួយពេល និងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top