Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Full story៖​ កម្លាំងជិត ៦ម៉ឺននាក់ នឹងការពារ ពេលឃោសនា និងបោះឆ្នោត ខណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ អះអាងថា នឹងរក្សាបរិយាកាស ឲ្យល្អប្រសើរ

ភ្នំពេញ៖ កងកម្លាំងសរុប ទាំងអស់៥៦៨៤១នាក់ នឹងត្រូវដាក់ពង្រាង សម្រាប់ការសន្តិសុខ និងសុវត្ថិភាព នៅក្នុងថ្ងៃឃោសនា រកសំឡេងឆ្នោត និងបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឈានចូលមកដល់ នាពេលខាងមុខនេះ ខណៈសម្តេចក្រឡា ហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា នឹងធានារក្សាបរិយាកាស ឲ្យបានល្អប្រសើរ ដើម្បីជាទំនុកចិត្ត ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។

ក្នុងចំណោម កងកម្លាំងទាំង ៥៦.៨៤១នាក់នេះ មានកម្លាំង១៩.៣១១នាក់ ត្រៀមការពារ ក្នុងឱកាសរដូវការ ឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៧ ដែលមានរយៈពេល១៤ថ្ងៃ ។ ក្នុងនោះមាននគរបាល ១៥.៣៧១នាក់ កងរាជអាវុធហត្ថ១.៩៧០នាក់ និងកងយោធពល ខេមរភូមិន្ទ ១.៩៧០នាក់។

ចំណែកកងកម្លាំង ៣៧.៥៣០នាក់ សម្រាប់ការពារ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទូទាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ។ ក្នុងនោះនគរបាល ចំនួន៣៥.០៤៣នាក់ កងរាជអាវុធហត្ថ៦.៤៣នាក់ និងកងយោធពល ខេមរភូមិន្ទ ១.៨៤៤នាក់  នេះបើយោងតាម របាយការណ៍ របស់អគ្គស្នងការ នគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ លោក នេត សាវឿន ដែលបានបង្ហាញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំការពារ ដំណើរការរៀបចំ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ។ 
 
តាមផែនការការពារ រាជធានី-ខេត្ត នីមួយៗ គឺនៅថ្ងៃឃោសនា បានត្រៀមរៀបចំកម្លាំង បានគ្រប់គ្រាន់ តាមការកំណត់ គឺប្រើប្រាស់នគរបាល ប៉ុស្តិ៍រដ្ឋបាល  ៧នាក់ ក្នុង១ឃុំ-សង្កាត់ និងកម្លាំង៤០នាក់ សម្រាប់អន្តរាគមន៍នៅតាមក្រុង-ស្រុក-ខណ្ឌ ក្នុងនោះនគរបាលចំនួន២០នាក់ កងរាជអាវុធហត្ថចំនួន១០នាក់ និងកងយោធពល ខេមរភូមិន្ទចំនួន១០នាក់។

សម្រាប់នៅថ្ងៃបោះឆ្នោតវិញ តាមគោលការណ៍ រៀបចំកម្លាំងភ្នាក់ងារ សន្តិសុខបោះឆ្នោត ការពារការិយាល័យ បោះឆ្នោត និងរាប់សន្លឹកឆ្នោត យ៉ាងច្រើន៣នាក់ ក្នុងមួយការិយាល័យ រៀបចំកម្លាំង ការពារស្នាក់ការ នៃគណៈកម្មការឃុំ-សង្កាត់ រៀបចំបោះឆ្នោត (គឃ.សប) ចំនួន២នាក់ ក្នុងមួយស្នាក់ការ សរុបចំនួន ១.៦៤៣នាក់ ស្នាក់ការ និងរៀបចំកម្លាំង ត្រៀមអន្តរាគមន៍ ភូមិសាស្រ្តខាងក្រៅ ក្នុងក្រុង-ស្រុក-ខណ្ឌ ចំនួន២០នាក់ ក្នុងនោះ កងរាជអាវុធហត្ថ១០នាក់ និងកងយោធព ខេមរភូមិន្ទ ១០នាក់។

ក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវចាត់ចែងតាមផែនការ សកម្មភាពនៃតួនាទី និងភារកិច្ច របស់ខ្លួនបន្ដទៀត ដើម្បីធ្វើយ៉ាងណា ធានាឲ្យបាននូវការ បោះឆ្នោតមួយប្រកបដោយ បរិយាកាសស្ងប់ស្ងាត់ និងគ្មានការ គំរាមកំហែង អំពើហិង្សា ។
សម្ដេច ស ខេង បន្តទៀតថា ដំណើរការរៀបចំ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ បានឆ្លងកាត់ មួយដំណាក់កាល រួចមកហើយ គឺការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦  ក្នុងការផ្ដល់សុពលភាព និងប្រកាសផ្សាយ បញ្ជីបោះឆ្នោត។ 

ការបោះឆ្នោត ជាច្រើនលើក នាពេលកន្លងមក និងបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រ ដ៏មានសារៈប្រយោជន៍ សម្រាប់កម្ពុជា។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បញ្ជាក់ថា ជោគជ័យនៃដំណើរ​ការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ៣លើក កន្លងមក និងបោះឆ្នោតអាណិត្តិទី៤ គឺជាសក្ខីភាព នៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងល្អប្រសើរបំផុត សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេច ស ខេង បានបន្ថែមទៀតថា “ចឹងកិច្ចការបន្តនេះ យើងប្រមូលកម្លាំង ដើម្បីនឹងរៀបចំ ការការពារយុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយក៏ដូចជា ដំណាក់កាលក្រោយ ប្រកាសលទ្ធផល នៃការបោះឆ្នោត”។

ព្រមជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានថ្លែងថា ការឃោសនាបោះឆ្នោត គឺគណបក្ស នយោបាយ និងបេក្ខជន ត្រូវធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ដល់អ្នកបោះឆ្នោត។

លោកថា “ការបោះឆ្នោត ប្រសិនបើគ្មានការឃោសនា របស់គណបក្សនយោបាយទេ គេមិនអាចចាត់ទុកថា ជាការបោះឆ្នោត បែបប្រជាធិតេយ្យសេរី បាននោះទេ។ ប៉ុន្ដែសកម្មភាព ឃោសនារបស់ គណបក្សនយោបាយ ក៏មិនអាចរំលោភ ច្បាប់បានដែរ។ គោលបំណង នៃការឃោសនា បោះឆ្នោត គឺឲ្យគណបក្សនយោបាយ និងបេក្ខជន ធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួន ដល់អ្នកបោះឆ្នោត”។

លោកអំពាវនាវ ឲ្យគ្រប់គណបក្ស នយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប និងក្រមសីលធម៌ សម្រាប់គណបក្ស នយោបាយ ។ លោកថា អាជ្ញាធរសាធារណៈ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាព ការងាររបស់ខ្លួន  និងហាមយកសម្ភារៈ និងមធ្យោបាយ ដឹកជញ្ជួនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍ គណបក្ស៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top