Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រថយន្តលុច្សស៊ីស RX330 បុករថយន្តបាឡែន ពេញទំហឹង ប៉ើងទៅបុកបង្គោលភ្លើងស្តុប បាក់១ដើមទៀត

ភ្នំពេញ៖ រថយន្តលុច្សស៊ីសRX330  បើកបោះពួយយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន បានបុករថយន្តបាឡែនពេញទំហឹង ប៉ើងទៅបុកបង្គោលភ្លើង ស្តុបបាក់១ដើមទៀត និងរថយន្តទាំងពីរ រងការខូចខាតយ៉ាងដំណំ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ៣នាក់ បើករថយន្តបាឡែន ១គ្រឿង ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 2AL-8492 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងស្តុបបានពាក់កណ្ដាល ក៏ស្រាប់តែមានរថយន្តលុច្សស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9235 បើកបរដោយបុរសម្នាក់ និងស្រីម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តបាឡែន ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលរថយន្តបាឡែនហោះ ទៅបុកបង្គោលស្តុបបាក់ ១ដើម ចំណែកម្ចាស់រថយន្តបាឡែន រងរបួសធ្ងន់ពីរនាក់ និងស្រាលម្នាក់ រីឯខាងរថយន្តលុច្សស៊ីស ពុំមានរងរបួសនោះទេ ភ្លាមៗនោះ អ្នករងរបួសត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះបន្ទាន់ ។

ចំណែករថយន្តទាំង ២គ្រឿង រងការខូតយ៉ាងដំណំ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងវាស់វែងយករថយន្តទំាង ២គ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top