Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជាបារម្ភ ក្នុងការចិញ្ចឹមត្រី ដោយសារចំណី នៅមានកំរិត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា ប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការចញ្ចឹមត្រី ដោយសារតែ មធ្យោបាយផលិតចំណីត្រី ចំណាយដើមទុន យ៉ាងច្រើនក្នុងការផលិត។

លោក វេង សាខុន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ចុះហត្ថលេខា អនុស្សារណៈយោគយល់ (MOU) ស្តីពីគម្រោងផលិតចំណីត្រី និងចិញ្ចឹមត្រី ជាមួយក្រុមហ៊ុននេសាទ សមុទ្រចិន នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៧ថា “សេចក្ដីត្រូវការ របស់ប្រជាជនកម្ពុជា ចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្នុងមួយឆ្នាំ យើងនាំត្រីចូលច្រើន ទោះបីធនធានធម្មជាតិ យើងច្រើនក៏ដោយ នេះអ្វីដែលខ្ញុំមានការបារម្ភ។ យើងនឹងធ្វើឲ្យអស់ លទ្ធភាពរបស់យើង ដែលអាចធ្វើទៅបាន”។

លោកបន្ដទៀតថា ក្រសួងក៏បានសហការ ជាមួយដៃគូនៅកម្ពុជា និងបណ្ដាប្រទេស មួយចំនួនផងដែរ ក៏ប៉ុន្ដែក្រសួងខិតខំយ៉ាងណា ក៏មិនអាចមានសន្ទុះដែរ ដោយសារតែមធ្យោបាយ ផលិតចំណីត្រី ត្រូវចំណាយដើមទុនច្រើន។ កម្ពុជាធ្វើការប្រកួតប្រជែង ចិញ្ចឹមត្រីជាមួយ បណ្ដាប្រទេសជិតខាង គឺកម្ពុជាចាញ់គេហើយ។

លោកបន្ថែមទៀតថា ក្រោយមានបញ្ហាដូចខាងលើនេះ រួចមកក្រសួងកសិកម្ម បានសហការជាមួយ ក្រុមហ៊ុននេសាទសមុទ្រចិន ដើម្បីធ្វើយ៉ាងណា ផលិតចំណីត្រីនៅកម្ពុជា ឲ្យអស់លទ្ធភាព ហើយអ្វីដែលកម្ពុជាត្រូវតែធ្វើ គឺទិញវត្ថុធាតុដើម មកផលិតជាចំណីត្រី ឲ្យល្អប្រសើរ។ គោលបំណងរបស់ភាគីចិន ផ្គត់ផ្គង់ក្នុងស្រុកហើយ និងនាំចេញទៅលក់ នៅបណ្ដាប្រទេសជិតខាង មួយចំនួនទៀត។

លោក វេង សាខុន បានលើកឡើងទៀតថា នាពេលកន្លងមកកម្ពុជា បានរៀបចំទុក ដាក់ ត្រីដើម្បីយកទៅលក់ បណ្ដាប្រទេសក្នុងពិភពលោក ដោយភាគច្រើន បានប្រើប្រាស់អំបិលច្រើន ដែលប្រទេសក្នុងពិភពលោក មិនត្រូវការដោយសារ មានអំបិលច្រើន។លោកថា ឥឡូវនេះ ក្រសួង វះយកសាច់ត្រី ដាក់ក្លាសេ ហើយយកទៅលក់ នៅបណ្ដាប្រទេសទាំងនោះ នេះយុទ្ធសាស្ដ្រ ក្នុងការនាំចេញថ្មីរបស់កម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។

លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា “កម្ពុជាបាននាំចេញត្រី ប្រមាណ១៤ពាន់តោន ក្នុងមួយឆ្នាំ ក្នុងបណ្ដាប្រទេសមួយចំនួន នេះជាផលិតផលមួយ ដែលប្រជាពលរដ្ឋ ផលិតជាលក្ខណៈគ្រួសារ គោលបំណង របស់ក្រសួងកសិកម្ម គឺផលិតត្រីនាំចេញទៅក្រៅប្រទេស”។

ចំណែកលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍កសិកម្ម ក៏បានជំរុញឲ្យក្រុមហ៊ុនចិន អនុវត្តឲ្យត្រឹមត្រូវតាមកិច្ចសន្យា  និងចាប់ផ្តើម ធ្វើចាប់ពីចុះហត្ថលេខា និងអនុវត្តឲ្យមានគុណភាពខ្ពស់  និងមានតម្លៃទាបជាង ប្រទេសជិតខាង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top