Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ភ្ញៀវជាតិ និងអន្តរជាតិជាង ១២ម៉ឺននាក់ ទៅទស្សនាប្រាសាទ សំបូរព្រៃគុក ក្នុងឆ្នាំ២០១៦

ភ្នំពេញ៖ យ៉ាងហោចណាស់ កាលពីឆ្នាំ២០១៦កន្លងទៅនេះ មានភ្ញៀវទេសចជាតិ និងអន្តរជាតិប្រមាណ ១២៥ ០០០នាក់ បានទៅទស្សនាប្រាសាទ សំបូរព្រៃគុក ដែលក្នុងនោះភ្ញៀវជាតិ ១០៨ ៨៨៥នាក់ និងភ្ញៀវអន្តរជាតិ ១៦ ៣០១នាក់ ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ដែលបានដកស្រងសម្តី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រមួយ មានចំណាស់ជាង ១៣៥០ឆ្នាំ មុនអង្គរវត្ត ដែល ជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរមានឈ្មោះថា “ឦសានបុរៈ” ហើយរាជរដ្ឋាភិបាលកម្ពុជា មានគម្រោង ចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះ ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិសំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក មានការអភិវឌ្ឍប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ដោយមាន ផ្លូវក្រាលកៅស៊ូមាន ចំណតរថយន្ត ផ្សារលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផ្ទះស្នាក់សហគមន៍ប្រាសាទ សំបូរព្រៃគុកដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរ មកទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ ។

ប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយប្រាសាទ បូរាណរាប់រយប្រាសាទ កសាងឡើងអំពីឥដ្ឋក្នុងសតវត្សទី០៧ ។ ក្រៅពីប្រាសាទដ៏ច្រើនរមណីយដ្ឋាននេះ មានដើមឈើតូចធំដុះពាសពេញ ដែលជាទីមនោរម្យសម្រាប់ភ្ញៀវ ទេសចរមកទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាស ដ៏បរិសុទ្ធនៅទីនោះផងដែរ ។ ក្រៅពីរមណីយដ្ឋានប្រាទសំបូរព្រៃគុក ខេត្តកំពង់ធំ មានរមណីយដ្ឋានទេសចរណ៍ជា ច្រើនកន្លែងទៀតដែល ជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ មកទស្សនាកម្សាន្តដូចជារមណីយ ដ្ឋានប្រាសាទគុកនគរ រមណីយដ្ឋាន កែឆ្នៃបឹងសំរិទ្ធ រមណីយដ្ឋានស្ទឹងជីនិត និងរមណីយដ្ឋាន ភ្នំសន្ទុកជាដើម ។ល។

បើយោងតាមលោកប្រធានមន្ទីរ ទេសចរណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ មានភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ ក្នុងខេត្តកំពង់ធំ សរុប ២០៣ ៥២៥នាក់់ ក្នុងនោះភ្ញៀវជាតិចំនួន ១៨៥ ៣៤៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៨ ១៨០នាក់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top