Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គណៈកម្មការជាតិសន្តិសុខ លម្ហសមុទ្រ ប្តេជ្ញាការពារ ជីវចម្រុះបាតសមុទ្រ

ព្រះសីហនុ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈកម្មាធិការ ជាតិសន្តិសុខលម្ហសមុទ្រ កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្តេជ្ញាការពារជីវចម្រុះ ក្នុងបាតសមុទ្រ ដើម្បីឲ្យកូនចៅជំនាន់ក្រោយ បានឃើញនូវសម្បត្តិធម្មជាតិ ដ៏ស្រស់ស្អាតទាំងអស់នេះផងដែរ ។

លោកឧត្តមនាវីឯក បានលើកឡើងថា ទេសភាពដ៏ស្រស់ត្រកាល នៃហ្វូងមច្ឆា ផ្កាថ្ម និងពពួកសត្វជាច្រើន ក្នុងបាតសមុទ្រ ដែលលោកធ្លាប់បានទស្សនា តាមកញ្ចក់ទូរទស្សន៍កន្លងមក ពេលនេះលោកបានមើលឃើញ ដោយផ្ទាល់ហើយនៅប្រជុំកោះតាង ខេត្តព្រះសីហនុ កាលពីសប្តាហ៍កន្លងទៅ ហើយហ្វូងមច្ឆា ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះ ក្នុងបាតសមុទ្រកោះតាងនេះ ពិតជាស្រស់ស្អាតណាស់ មិនចាញ់បាតសមុទ្រប្រទេស ដ៏ទៃទៀតឡើយ ។

ជាមួយគ្នានេះ លោកសំណូមពរដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ចូលរួមជួយការពារ ធនធានធម្មជាតិ និងបរិស្ថានរបស់កម្ពុជាដើម្បីខ្លួនឯង ដើម្បីកូនចៅ និងដើម្បីប្រទេសជាតិ ទាំងមូល ។ ជាងនេះទៅទៀតលោកសូមប្តេជ្ញាថា “នឹងការពារ ថែរក្សា ធនធានធម្មជាតិបាតសមុទ្ររបស់កម្ពុជាយើង ឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន ហើយសូមចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សធនធានបាតសមុទ្រ និងគាំទ្រចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ ដើម្បីទុកជាសម្បត្តិមរតកដល់ ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយ បានស្គាល់ និងទស្សនាផងដែរ” ។ 

លោក ទៀ សុខា បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ក៏អាចមកទស្សនាហ្វូងមច្ឆា ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះក្នុងបាតសមុទ្រកោះតាងនេះ ដោយសារមានក្រុមស្ម័គ្រចិត្តជំនាញជនជាតិខ្មែរ ថៃ និងអង់គ្លេស ដែលពួកគេសុទ្ធតែមានបទពិសោធន៍យូរឆ្នាំ និងជំនាញច្បាស់លាស់ពីបរទេសពីរបៀបបង្ហាត់បង្រៀន មុជចូលបាតសមុទ្រប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយផងដែរ ។ 

សាលាខេត្តព្រះសីហនុ រួមជាមួយស្ថាប័នជលផល គ្រោងនឹងកោះប្រជុំនាពេលឆាប់ៗខាងមុខនេះ ដើម្បីការពារ និងអភិរក្សផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ បន្ទាប់ពីសកម្មភាពអភិវឌ្ឍនៃវិស័យទេសចរណ៍ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់រានរបស់ពពួកផ្កាថ្មត្រូពិច ដែលអាចជាមូលហេតុធ្វើឲ្យមានការធ្លាក់ចុះ នៃភាពទាក់ទាញសម្រាប់សកម្មភាពទេសចរណ៍ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានចំពោះសក្តានុពលសេដ្ឋកិច្ចជាតិ ។ ដោយសារតែទម្លាប់នៃការ ធ្វើអាជីវកម្មគ្មាននិរន្តរភាព ក្នុងតំបន់ផ្កាថ្មធ្វើឲ្យការវិនាសផុតពូជសត្វ និងរុក្ខជាតិដែលទំនងអាចឈានទៅ រកការឈប់កកើតឡើងវិញ នៃប្រព័ន្ធអេកូឡូស៊ីផ្កាថ្មផងដែរ ។ 

មន្ត្រីរដ្ឋបាលជលផលមួយរូប បានឲ្យដឹងថា ការកកើតឡើងវិញតាមលក្ខណៈធម្មជាតិ នៃចំនួនសត្វ និងរុក្ខជាតិ ដែលបានបាត់បង់ និងត្រូវចំណាយពេល រាប់សិបទសវត្សន៍ ឬសតវត្សន៍ក៏អាចថាបាន ដែលប្រការនេះអាចបង្កើតឲ្យមានអតុល្យភាព នៃវដ្ដអាហារទាំងស្រុង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top