Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កិច្ចប្រជុំCLV ផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំ ទាំង៣ប្រទេស ពង្រឹងទំនាក់ទំនងគ្នា បន្ថែមទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពី ការអភិវឌ្ឍនៅតំបន់ត្រីកោណ បានផ្តល់ឱកាស ឲ្យប្រមុខថ្នាក់ដឹកនាំទាំង៣ប្រទេស ពង្រឹងចំណងមិត្តភាព រវាងគ្នាបន្ថែមទៀត។

សម្តេចតេជោ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី ៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ​នៅទីក្រុងសៀមរាបថា កិច្ចប្រជុំលើកទី៩នេះ គឺជាឱកាសដ៏ប្រពៃ សម្រាប់ទាំងអស់គ្នាបូកសរុបលទ្ធផល ដែលសម្រេចបាន ក្រោមកិច្ចសហការ ប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់ប្រទេសទាំង៣។ សម្តេចថា ព្រមទាំងបញ្ជាក់សារជាថ្មី ស្តីពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ក្នុងតំបន់ត្រីកោណនេះ ក្នុងគោលបំណង សម្រេចឲ្យបានផែនការមេ សម្រាប់ការអភិវឌ្ឍន៍នានា ដែលត្រូវបានដាក់ចេញ នាពេលកន្លងមក។

សម្តេចបន្តថា “កិច្ចប្រជុំកំពូលនេះ ក៏បានផ្តល់ឱកាសផងដែរ សម្រាប់ប្រមុខដឹកនាំ នៃប្រទេសទាំង៣ សម្រាប់ពង្រឹង និងពង្រីក នូវចំណងទាក់ទង ​និងមិត្តភាពរវាងប្រទេសទាំងបី ដែលមានយូរលង់ណាស់មកហើយ ក៏ដូចបង្កើនល្បឿន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផ្សេងទៀត”។

សម្តេចបានកោតសសរសើរ ដល់ថ្នាក់ឧត្តមមន្រ្តី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែង បំពេញការងារ ​តាមការកំណត់រហូតដល់ សម្រេចបានលទ្ធផលជាច្រើន ដែលរួមការការពារអភិវឌ្ឍ គម្រោងក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយការជួញដូរមនុស្ស ការសម្រួលពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ទេសចរណ៍ និងការអភិវឌ្ឍន៍កសិកម្មជាដើម។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ទន្ទឹមនឹងនេះ យន្តការផ្សេងៗទៀត ក៏ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងជម្រុញសកម្មភាព វិនិយោគ និងអាជីវកម្មរបស់សហគមន៍ធុរកិច្ច នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ និងវៀតណាម ផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top