Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

តម្រូវការឈាមសង្គ្រោះជីវិត កើនឡើង ខណៈជនរងគ្រោះ ទទួលការបរិច្ចាគឈាម ស្ម័គ្រចិត្ត មានតែ៤០%

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃការមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ ដែលត្រូវការឈាម ជួយសង្គ្រោះជីវិត មានចំនួនកើនឡើង ខណៈអ្នកទទួលបានឈាម ពីការផ្តល់ឈាមស្ម័គ្រចិត្ត ចំនួន៤០%  និង៦០%ពីក្រុមគ្រួសារ ។

លោកវេជ្ជបណ្ឌិត អ៊ូរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយ រកអ្នកបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ក្នុងពិធីផ្តល់ឈាម ដែលរៀបចំដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ហ្វាយនែន ភីអីស៊ី នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ២០១៦ថា នៅកម្ពុជាបច្ចុប្បន្ន ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមានកម្រិត។

លោកថា « អ្នកផ្តល់ឈាមបានតែ៤០% ប៉ុណ្ណោះ សល់៦០% មិនបានផ្តល់។ មានន័យថា ជនរងគ្រោះដែលទទួលបានឈាម ពីការបរិច្ចាគតែ៤០%ទេ ​គឺនៅសល់៦០%ទៀត មិនបានទទួលឈាម ដូច្នេះត្រូវពឹងផ្អែកលើគ្រួសារ។ នៅថ្ងៃនេះ ទំាងព្រីនហ្វាយនែន និងអង្គការនានា គួរតែបំផុសយុវជន ឲ្យចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់គ្នា គឺធ្វើយ៉ាងណានៅឆ្នាំ២០២០ ជនរងគ្រោះ ត្រូវទទួលបានឈាម ដែលបរិច្ចាគ១០០% »។ លោកវេជ្ជបណ្ឌិត លើកឡើងទៀតថា ទោះបីជាការបរិច្ចាគឈាម នៅមានកម្រិតក្តី មជ្ឈមណ្ឌលផ្តល់ឈាម នៅតែធ្វើផ្សព្វផ្សាយ ដូចភ្លៀងរលឹម  គឺសុំសហការជាមួយ គ្រប់បណ្តាស្ថាប័នគ្រប់កន្លែង ធ្វើយ៉ាងណាឲ្យមានការចូលរួម។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត គូសបញ្ជាក់ថា « បើសិនគ្នា១០០នាក់ មានម្នាក់ចូលរួមបរិច្ចាគឈាមនោះ បច្ចុប្បន្នមិនខ្វះឈាមនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកចូលរួម មិនបានមួយនាក់ទេ ក្នុងចំណោម១០០នាក់ គឺ ០.៣ នាក់នៅឡើយ »។ លោកបន្ថែមថា គោលដៅសំខាន់បំផុត នៃការផ្សព្វផ្សាយ ឲ្យមានការចូលរួមបរិច្ចាគឈាម នោះគឺ យុវជន  និងអង្គភាពឯកជននានា ដែលមានគោលបំណង ជួយមនុស្សតាមការងារមនុស្សធម៌។ បច្ចុប្បន្ននេះ នៅមានការខ្វះខាត ចំពោះការអប់រំ ក្នុងការឲ្យអ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម។

  ក្នុងកិច្ចសម្ភាសន៍នោះដែរ លោកវេជ្ជបណ្ឌិត ក៏បានឲ្យដឹងថា ក្នុងមួយថ្ងៃមជ្ឈមណ្ឌលជាតិ ត្រូវការឈាមជិត២០០ប្លោក។ លោកគូសបញ្ជាក់ថា« កន្លងមកយើង ត្រូវការឈាមពី១០០ប្លោក ទៅ១៥០ប្លោក ប៉ុន្តែពេលនេះយើងត្រូវការ ជិត២០០ប្លោក”។ លោកវេជ្ជបណ្ឌិតបន្ថែមថា បច្ចុប្បន្នអ្នកត្រូវការឈាម មានច្រើនដូចជា អ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីសម្រាកកូន កុមារកើនជម្ងឺគ្រុនឈាម ជាដើម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top