Sunday, Dec 8th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

NGOs ជាង៤០ ស្នើរដ្ឋមន្រ្តីក្រសួងរ៉ែ បកស្រាយការ នាំខ្សាច់ទៅបរទេស

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល (NGOs) ចំនួន ៤៧ស្ថាប័ន បានស្នើសុំរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យបកស្រាយជុំវិញការនាំខ្សាច់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ក្នុងបរិមាណនាំចេញជាសកល ចំនួន ១០.៦៦៩.២១២ ម៉ែត្រគូប ស្មើនឹងជាង ១៧លានតោន ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ។

យោងតាមលិខិតចំហស្នើសុំ របស់ NGOs ទាំង ៤៧ស្ថាប័ន ដែលចេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ បានឲ្យដឹងថា “ទិន្នន័យនាំចេញទាក់ទង នឹងការនាំខ្សាច់ទៅក្រៅប្រទេស ជាផ្លូវការដែល រាជរដ្ឋាភិបាល បានចេញមកទល់ពេលនេះ មានប្រភពមកពីក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ដែលបង្ហាញ ត្រឹមតែការនាំខ្សាច់ចេញ ទៅកាន់ប្រទេសសិង្ហបុរី ក្នុងអំឡុងពេលដូចគ្នានេះគឺមានប្រមាណតែ ២,៨ លានតោន ។ ប៉ុន្តែរាជរដ្ឋាភិបាល ពុំទាន់បានពន្យល់ថា តើប្រទេសណាខ្លះទៀត ដែលកម្ពុជាបាន នាំខ្សាច់ទៅ ឬថាតើខ្សាច់ដែលនាំចេញ ទៅនោះលក់ក្នុងតម្លៃប៉ុន្មាននោះទេ?”។

ក្នុងនោះដែរ ក្រុមអង្គការទាំងនោះ  បានស្នើឲ្យក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយក ដ្ឋានគយ និងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុ ធ្វើការពន្យល់ និងបកស្រាយពីមូលហេតុ ដែលនាំឲ្យមានគម្លាត គ្នាដល់ទៅបរិមាណខ្សាច់ជាង ៦៩,៩លានតោន ក្នុងតម្លៃ ៧៤៦,៥លានដុល្លារអាមេរិក រវាងបរិមាណ ខ្សាច់ដែល រាជរដ្ឋាភិបាលរាយការណ៍ថា បាននាំចេញទៅកាន់ប្រទេសសិង្ហបុរី និងបរិមាណខ្សាច់ដែរ រដ្ឋាភិបាលសិង្ហបុរី រាយការណ៍ថា បាននាំមកពីប្រទេសកម្ពុជា?

NGOs ទាំង ៤៧ស្ថាប័ន បានធ្វើការប្រកាសជាជំហ និងមានឆន្ទៈសហការជាមួយ រាជរដ្ឋាភិបាលក្នុង ដំណើរការអភិវឌ្ឍន៍ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ឲ្យរីកចំរើនបន្តទៀត និងក្នុងការបន្តដំណើរ ឆ្ពោះ ទៅការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពសម្រាប់ប្រទេស ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top