Tuesday, Sep 17th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អុំទូកទៅរាយមង ភ្លៀងខ្យល់ខ្លាំង លិចទូកស្លាប់ឪពុក កូនស្រីជួយសង្គ្រោះទាន់ពេល

កំពង់ចាម៖ គួរឲ្យអាសូរ គ្រួសារអ្នកជនបទមួយនេះ ខណៈអ៊ុំទូករាយមង ពីរនាក់កូនស្រី ក៏បានជួបជាមួយភ្លៀង ខ្យល់បក់ខ្លាំង បណ្តាលឲ្យលិចទូក ស្លាប់ឪពុក ចំណែកកូនស្រី ត្រូវបានគេជួយទាន់ពេលវេលា កាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងស្យា ក្នុងទឹកដីភូមិសាស្ត្រ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅម៉ោង១៥៖៥៥នាទី ថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ ឈ្មោះ មុត ប៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុក និងកូនឈ្មោះ ប៊ន់ ស្រីនិច ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បានជិះទូកទៅរាយមង ​ដែលមានចម្ងាយពីភូមិស្យាបឹងវែង ប្រហែល១៥០០ម៉ែត្រ។

មន្រ្តីនគរបាលបានបន្តថា ពេលទៅរាយមងនោះ ក៏ជួបភ្លៀងខ្យល់បក់មក បណ្តាលអោយលិចទូក ធ្វើឲ្យបុរសជាឪពុក ឈ្មោះមុត ប៊ន់ បាត់ខ្លួនក្នុងទឹកបឹង ចំណែកកូនស្រីឈ្មោះប៊ន់ ស្រីនិច បានហែលទឹក រកគេជួយដោយមានប៊ីដុងមួយ ជាប់នឹងខ្លួន ហើយពេលនោះ ក៏មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឈាង កំសត់ ភេទប្រុស អាយុ៣៨ឆ្នាំ  ដែលកំពុងតែអុំទូកនៅ ចំណុចក្បែរនោះ ក៏បានមកជួយស្រង់នាងចេញពីទឹក បានទាន់ពេលវេលា រួចក៏នាំនាងមកផ្ទះ។

ដោយឡែក ខាងសមត្ថកិច្ច  រួមជាមួយ ប្រជាពលរដ្ឋ បានបន្តស្វែងរកបុរសជាឪពុក រហូតដល់ម៉ោង៧និង៥៥នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ទើបបានរកឃើញ នៅចំនុចបឹងអន្លង់តាអ៊ាង ក្រោយភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នសព ​បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top