Monday, Oct 14th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Update ៖មេធាវីសម្ដេចតេជោ ហ៊ុន សែន ដាក់ពាក្យបណ្ដឹង ប្ដឹងឯកឧត្តម សម រង្សីទៅសាលាដំបូង រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកមេធាវី គី តិច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៦នេះ បានដាក់ពាក្យបណ្ដឹងប្ដឹង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងនិរទេសខ្លួនឯង នៅក្រៅប្រទេសដែលបាន ចោទប្រកាន់មូលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុល ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាជាអ្នករៀបចំ ពាក់ព័ន្ធឃាតកម្ម លើលោកបណ្ឌិត កែម ឡី ។

នៅក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា " ខ្ញុំបាទជាមេធាវីតំណាង ដោយអាណត្តិរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ប្ដឹងសុំដូចខាងក្រោម៖ សុំឲ្យតុលាការផ្ដន្ទាទោស ឈ្មោះ សម រង្ស៊ី តាមផ្លូវច្បាប់ និងទាមទារសំណង ជំងឺចិត្តចំនួនទឹកប្រាក់ ១០០រៀល (មួយរយរៀល)" ។

យោងតាមពាក្យបណ្ដឹង ដដែលបានបន្ថែមថា កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦ ឈ្មោះសម រង្ស៊ីបានសរសរ នៅក្នុងទំព័រ (Page ) បណ្ដាញផ្សព្វផ្សាយ សង្គម Facebook របស់ខ្លួនថា " .......ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្ម មួយទៀតរៀបចំដោយរដ្ឋអំណាច " និងបានធ្វើកិច្ចសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៦ បញ្ជាក់ និងចោទប្រកាន់ដដែលៗ នាំឲ្យមហាជន ដែលនិយមប្រើប្រាស់ បណ្ដាញផ្សព្វផ្សាយសង្គម Facebook បានធ្វើការចែករំលែក និងបញ្ចេញមតិថ្កោលទោស មកលើរាជរដ្ឋាភិបាលកម្ពុជា ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top